Monday, June 26, 2017

មហាបុរសខ្មែរ

·   0

សង្គមវិទ្យា

·   0

បណ្ដុំ​ឯកសារ

 http://khmer.netai.net/
 
មាន​ឯកសារ​ជា​ច្រើន​ទាក់​ទង​នឹង៖
  1. ច្បាប់
  2. វប្បធម៌ និង​អរិយធម៌
  3. ព័ត៌មានវិទ្យា
  4. កសិកម្ម
  5. សាសនា។ល។

 
 
·   0

រឿងព្រះមហោសថ

·   0

រឿង ពុទ្ធិសែននាងកង្រី


  • ប្រភពរឿង៖ គម្ពីរបញ្ញាសជាតកភាសាបាលី (រថសេនជាតក)
  • ប្រភេទ៖ អក្សរសិល្ប៍បុរាណ ជាប្រភេទសាស្ត្រាល្បែង
  • ចលនា៖ ពុទ្ធនិយម (ក្លាយ)
  • អ្នកនិពន្ធ និងកាលកំណត់តែង៖ រឿងពុទ្ធិសែននាងកង្រីរបស់ពុទ្ធសាសនបណ្ឌិតពុំមាន​បញ្ជាក់ឈ្មោះ និងកាលកំណត់តែងទេ។ ប៉ុន្តែនៅក្នុងសិក្សាកថារបស់បណ្ឌិតឃីង ហុកឌីទៅ​លើរឿងពុទ្ធិសែននាងកង្រីត្រង់ទំព័រទី១០ សរសេរថា រឿងរថសេន ឬពុទ្ធសែន ជាសាស្ត្រា​ស្លឹករឹតលេខ ៦៣ រក្សានៅសាលាបារាំងចុងបូពា៌ប្រទេស ផ្តើមសេចក្តីដោយនមស្ការជាបាលី រួចជាភាសាខ្មែររំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាដើម រួចអ្នកនិពន្ធប្រាប់ឈ្មោះ និង​គោរមងារគឺ អម្រឹតក្សត្រីម៉ុក និពន្ធជាកាព្យ បកពីគម្ពីរ៥០ជាតក៍ នៅពុទ្ធសករាជ២៤០៤ ក្នុងឆ្នាំរកា ខែផល្គុន ៨កើត ថ្ងៃចន្ទ តាមរាជបញ្ជារបស់សម្តេចព្រះវររាជជននី ដែលគង់តាំង​សីលធម៌កម្មដ្ឋាននៅភ្នំព្រះរាជទ្រព្យ។ រួមសេចក្តីមករឿងពុទ្ធសែនជាអត្ថបទល្បែងនេះនិពន្ធ​ដំបូងឡើងនៅស.វទី១៩ ហើយអ្នកនិពន្ធដែលយើងរកឃើញ គឺអម្រឹតក្សត្រីម៉ុក ដូចមាន​ពោលមកហើយ។
សង្ខេបរឿង
        កាលនោះមានសេដ្ឋីពីរនាក់ប្តីប្រពន្ធមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែគ្មានកូនសោះ។ គិតហើយ ពីរនាក់ប្រពន្ធក៏សម្រេចទៅបួងសួងសុំកូនពីរទេវតាដើមជ្រៃមួយ។ ក្រោយមកប្តីប្រពន្ធ​ទាំងពីរក៏កើតបានកូនស្រី ១២នាក់។ តាំងពីកើតបានកូនទាំង១២នាក់មក ទ្រព្យសម្បត្តិសេដ្ឋីក៏បាន​ថយ​ចុះបន្តិចម្តងៗ ដោយសារចំណាយទៅលើការផ្គត់ផ្គង់ចំពោះកូនស្រីទាំង ១២នាក់។ ពួកគេបានធ្លាក់​ខ្លួនក្រលំបាកដោយស៊ូទ្រាំនឹងជីវភាពដូច្នេះពុំបាន ពួកគេក៏បានសម្រេចចិត្តយកកូនទាំង១២ទៅបំបោះបង់ចោលនៅក្នុងព្រៃ។ មុនដំបូងឪពុកថាចង់ទុក្ខកូនពៅនៅជាមួយ តែខ្លាចពួកបងៗគិតថាឪពុកម្តាយលម្អៀងក៏បំបោះបង់កូនទាំង១២ទៅ។ នាងទាំង១២ក្រោយពីដឹងថាត្រូវឪពុកម្តាយបំបោះបង់ខ្លួនចោល ពួកនាងនាំគ្នាយំស្រែកយ៉ាងខ្លាំងដោយមិនដឹងថាគួរធ្វើយ៉ាងណានៅថ្ងៃក្រោយ​ឡើយ។ បន្ទាប់មកពួកនាងបានធ្វើដំណើរទៅមុខដោយគ្មានគោលដៅ បេះស្លឹកឈើ និងផ្លែឈើព្រៃធ្វើជាអាហារ។ ពេលមួយពួកនាងបានចុះចាប់ត្រីក្នុងបឹងមួយ ពួកបងៗទាំង១១នាក់សុទ្ធតែដោយភ្នែកត្រីទាំងសងខាង មានតែនាងពៅទេដែលដោយភ្នែកត្រីតែម្ខាង នាំគ្នាឆីរួចក៏បន្តដំណើរទៅមុខទៀត។ លុះធ្វើដំណើរយូរខែយូរឆ្នាំទៅក៏បានទៅដល់នគរយក្សសន្ធមារ។ កាលបើយក្ខសន្ធរមារឃើញនាងទាំង១២ យក្សសន្ធមារប្រាប់កង្រីជាកូនឲ្យក្រឡាខ្លួនជាក្មេងអាយុ៣ឆ្នាំគេងក្នុងអង្រឹងទៅ ហើយម្តាយនាងសុំឲ្យពួកនាងជួយមើល។ យក្ខសន្ធមារដោយបានលឺថានាងទាំង១២ជា​កូនកំព្រានាងសប្បាយចិត្តណាស់ ហើយបានឃាត់ពួកនាងឲ្យនៅជាមួយធ្វើឲ្យនាងទាំង១២មានចិត្តត្រេកអរណាស។ យក្ខសន្ធមារបានហាមឃាត់មិនឲ្យពួកនាងទៅលេងឃ្លាំងទក្សិណទេ ដោយសារជាកន្លែងទុកចំណីអាហាររបស់ខ្លួន តែសន្ធមារបានកុហកពួកនាងថាជាកន្លែងមានគ្រោះថ្នាក់ រីឯទឹកស្រះអាចឲ្យកើតរមាស់។ ថ្ងៃមួយនាងពៅបានធ្វើឲ្យបាយក្រពប់ពេញដី ពេលនោះមានខ្មោចចេញមកស៊ីបាយទាំងនោះ ធ្វើឲ្យនាងពៅភ័យស្រែកប្រាប់បងៗឲ្យចេញពីកន្លែងនោះ ដោយបានដឹងពីល្បិចរបស់យក្ខ ដែលចិញ្ចឹមពួកនាងទុកសម្រាប់ធ្វើជាចំណីនៅថ្ងៃក្រោយ។ ចំណែកឯឃ្លាំង និងស្រះដែលយក្ខមិនឲ្យពួកនាងទៅនោះ សុទ្ធតែជាសាកសព និងគ្រោងឆ្អឹងមនុស្ស ហើយមានស្រះពោរពេញទៅដោយឈាម។ បន្ទាប់ពីដឹងរឿងរ៉ាវពិតប្រាកដមក ហេតុតែមានចិត្តភ័យខ្លាចនឹងយក្ខ ពួកនាងក៏បានសម្រេចចិត្តលួចចេញពីនគរយក្ខ ដោយបានលួចយកម្កុដម្នាក់មួយទៅជាមួយ ហើយរត់សំដៅទៅក្នុងព្រៃជ្រៅ។ ពេលនោះក្អែកដែលសន្ធមារចិញ្ចឹមបានប្រទះឃើញនាងទាំង១២លួចរត់ ក៏យកដំណឹងនេះទោប្រាប់សន្ធមារ សន្ធមារខឹងយ៉ាងខ្លាំង ហើយក៏ចេញទៅចាប់ពួកនាងមកវិញ។ ពេលនាងទាំង១២ លឺសូរសន្ធឹកយក្សហោះមក ក៏បានរត់ទៅជួបនឹងដំរី គោ និងឈ្លូស។ សត្វទាំងនោះបានជួយពួកនាងឲ្យគេចផុតពីភ្នែកយក្ខដោយលេបពួកនាងចូលពោះ ហើយបាននិយាយបំភ័យយក្ខឲ្យចេញ។ ពួកនាងធ្វើដំណើរទាំងថ្ងៃទំាងយប់ក៏ទៅដល់នគរឥន្ទបត្តបុរី ហើយក៏បានជួបស្រះមួយដែលមានទឹកថ្លាឈ្វេង ពួកនាងយកម្កុដដែល​លួចពីយក្ខមកពាក់រៀងៗខ្លួន ពេលនោះមានអ្នកបម្រើរបស់សេដ្ឋីម្នាក់បានប្រទះឃើញពួកនាង​ហាក់បីដូចជាទេពអប្សរទាំង១២ មានសម្រស់ដូចស្រីសួគ៌ ហើយក៏យកដំណឹងនេះទៅប្រាប់សេដ្ឋី ចំណែកឯសេដ្ឋីក៏យកដំណឹងនេះទៅទូលស្តេចបន្តទៀត។ ពេលព្រះបាទរថសិទ្ធិជួបនឹងនាងទាំង១២ ទ្រង់បានស្តីដណ្តឹងពួកនាងជាមហេសី កន្លងប៉ុន្មានខែក្រោយមកនាងទាំង១២ ក៏មានគភ៌ ដំណឹងនេះបានលេចលឺដល់យក្ខសន្ធមារ នាងខឹងខ្លាំងណាស់ក៏ក្រឡាខ្លួនជាស្រីស្អាតមកពង្វក់ព្រះបាទរថសិទ្ធិ បន្ទាប់មកសន្ធមារបាននៅក្បែរខ្លួនស្តេចរហូត។ មានថ្ងៃមួយយក្ខសន្ធមារមានកល​ល្បិចបានកុហកស្តេចថាខ្លួនឈឺ ហើយបានប្រាប់រាជពេទ្យឲ្យកុហកស្តេចថាត្រូវការភ្នែករបស់នាង​ទាំង១២មកព្យាបាលទើបជា។ ដោយសារឈ្លក់វង្វេងនឹងនាងខ្លាំងពេក ព្រះបាទរថសិទ្ធិបានធ្វើតាម​សម្តីរបស់រាជពេទ្យ ខ្វេះភ្នែកនាងទាំង១២។ ពេលនោះបងទាំង១១សុទ្ធតែត្រូវគេឆ្កៀលភ្នែកទាំងសងខាង មានតែនាងពៅទេដែលត្រូវគេឆ្កៀលភ្នែកតែម្ខាង។ បន្ទាប់មកពួកនាងត្រូវបានបណ្តេញចេញពីរាជវាំងឲ្យទៅរស់នៅក្នុងល្អាងមួយ។ នាងពៅដែលនៅមានភ្នែកម្ខាងជាអ្នកមើលថែទាំពួក​បងៗ។ ចំណែកឯភ្នែករបស់នាងទាំង១២ សន្ធមារបានយកទៅផ្ញើកង្រីឲ្យថេរក្សាទុកនៅនគរយក្ខ។
        ដល់ពេលបុត្ររបស់នាងទាំង១២ប្រសូត ដោយការស្រេកឃ្លាន ពួកនាងបានយកបុត្ររបស់​ខ្លួនហែកចែកគ្នាធ្វើជាចំណី មានតែនាងពៅទេបានលាក់សាច់ទុក ហើយនៅពេលដែលនាងប្រសូតបុត្រ នាងបានទុកកូនរបស់ខ្លួន និងយកសាច់ដែលខ្លួនទុកនោះចែកបងៗឆី នាងខិតខំចិញ្ចឹមបីបាច់កូនមិនឲ្យបងៗដឹងឡើយ។ នាងពៅដាក់ឈ្មោះរបស់កូនថាពុទ្ធិសែន។ ដោយសារ​ពុទ្ធិសែនជាតួអង្គព្រះពោធិសត្វមកចាប់ជាតិ ទើបមានទេវតាតាមថែរក្សាមករហូត។
        ពេលពុទ្ធសែនអាយុបាន៧ឆ្នាំ ព្រះអង្គបានជជីកសួរពីមូលហេតុដែលមករស់នៅក្នុងល្អាងបែប​នេះ នាងពៅបានប្រាប់កូនពីដំណើររឿង ពេលស្តាប់ហើយពុទ្ធសែនរន្ធត់ចិត្តអាណិតមាតាក្រៃលែង។ ដោយសារចង់ដឹងពីពិភពខាងក្រៅ ពុទ្ធិសែនបានសុំមាតាមកលេងខាងក្រៅ ដើម្បីស្គាល់គេឯង ហើយចង់ស៊ើបដំណឹងបិតារបស់ខ្លួន។ ពេលចេញមកក្រៅដើម្បីស្គាល់គេឯងវាបានជួបក្មេង​មួយក្រុម ហើយបបួលគ្នាលេងបាញ់អង្គុញ គេភ្នាល់គ្នាថាបើពុទ្ធសែនចាញ់ នឹងត្រូវបម្រើពួកក្មេងៗ​ទាំងនោះ តែបើពុទ្ធសែនឈ្នះគេសុំតែបាយ១២កញ្ចប់ទេ។ ជារៀងរាល់ថ្ងៃពុទ្ធសែនតែងតែឈ្នះបានបាយ១២កញ្ចប់យកទៅឲ្យមាតា និងព្រះមាតុច្ឆាទាំង១១អង្គ ធ្វើឲ្យបងៗមានចម្ងល់ជាខ្លាំង មិនយូរប៉ុន្មាននាងពៅក៏បានបកស្រាយចម្ងល់របស់បងៗ។ ជ័យជំនះរបស់ពុទ្ធសែនក្នុងការលេងបាញ់​អង្គុញបានលេចលឺដល់ព្រះមហាក្សត្រ។ ព្រះបាទរថសិទ្ធិឲ្យអាមាត្យហៅពុទ្ធសែនចូលក្នុងរាជវាំង ពុទ្ធសែនគ្រាន់តែបានជួបភ្លាមព្រះអង្គក៏ដឹងថានេះហើយជាព្រះបិតារបស់ខ្លួន។ ដោយសារតែទេវតាជួយពុទ្ធសែនបានយកឈ្នះព្រះបិតារបស់ខ្លួន។ ព្រះបាទរថសិទ្ធិបានបញ្ជាឲ្យគេទៅស៊ើបពី​ប្រវត្តិរបស់ពុទ្ធសែន ចុងក្រោយទើបដឹងថាពុទ្ធសែនជាបុត្របង្កើតរបស់ខ្លួន។ លុះដល់ស្អែកឡើង ព្រះបាទរថសិទ្ធិក៏បញ្ជាឲ្យអាមាត្យនាំកុមារពុទ្ធិសែនចូលវាំង ហើយទទួលស្គាល់ពុទ្ធិសែនជាបុត្រ ដំណឹងនេះបានធ្វើឲ្យសន្ធមារខឹងយ៉ាងខ្លាំង នាងបានចូលទៅជិតពុទ្ធសែន ធ្វើជាស្រឡាញ់ពុទ្ធសែនណាស់ តែតាមពិតទោគឺកំពុងតែរកល្បិចកលអាក្រក់ដើម្បីធ្វើបាបកុមារម្នាក់នេះ។ ច្រើនឆ្នាំកន្លងមក ពុទ្ធិសែនពេញរូបពេញរាង យក្ខសន្ធមារបានឲ្យពុទ្ធសែនទៅយកថ្នាំនៅនគររបស់ខ្លួន ដោយសារតែចង់ព្យាបាលព្រះរោគព្រះបាទរថសិទ្ធិ នាងបានភ្ជាប់សំបុត្រមួយទៅជាមួយផង។ ក្នុងការធ្វើដំណើរពុទ្ធសែនបានជ្រើសរើសសេះមណីកែវ ជាសេះអាចនិយាយភាសាមនុស្សបានទៅជាមួយ។ ពុទ្ធសែនបានក្រាបលាមាតា និងព្រះមាតុច្ឆា ហើយក៏ចេញទៅ។
        ពេលធ្វើដំណើរតាមផ្លូវពុទ្ធសែនបានជួបនឹងខ្យល់យ៉ាងធំមួយធ្វើឲ្យពុទ្ធសែនសន្លប់នៅលើខ្នង​សេះ ហើយមណីកែវបានហោះទៅកាន់អាស្រមតាឥសី។ តាឥសីបានបើកមើលសំបុត្រដែលនៅលើខ្លួនរបស់ពុទ្ធសែន ហើយបានជួយពុទ្ធសែនប្រែសារនោះពី "ពេលទៅដល់យប់សម្លាប់យប់ ទៅដល់ថ្ងៃសម្លាប់ថ្ងៃ" ទៅជា "ទៅដល់ថ្ងៃរៀបការថ្ងៃ ដល់យប់រៀបការយប់"។ បន្ទាប់មកពុទ្ធសែន​បានធ្វើដំណើរទៅមុខទៀត។ កង្រីបន្ទាប់ពីអានសំបុត្រដែលមាតាផ្ញើមករួច ពិធីអភិសេកក៏កើតឡើងរវាងកង្រីនិងពុទ្ធសែន។ ចាប់ពីពេលនោះមកពុទ្ធសែនបានសោយរាជ្យយ៉ាងសុខសាន្ត ហើយមានបុត្រាពីរអង្គជាមួយនឹងនាងកង្រីមានព្រះនាមថា "ជុំសែន" និង "រថសែន"។ កង្រីបានប្រាប់ប្តីពីកន្លែងដាក់វត្ថុមានដូចជាស្គរជ័យ គោះកាលណានឹងមានអាវុធចេញមក ជាពិសេសកែវភ្នែករបស់នាង១២។ នៅពេលមានឱកាសល្អ ពុទ្ធិសែនបានចូលទៅលួចកែវភ្នែកនាងទាំង១២ និងបេះថ្នាំស័ក្តិសិទ្ធិព្រមទាំងស្គរជ័យទៅជាមួយ ក្នុងគោលបំណងទៅជួយមាតា និងព្រះមាតុច្ឆារបស់ខ្លួន។ ពេលដែលពុទ្ធិសែនចេញបានបន្តិច នាងកង្រីបានដឹងហើយខំស្រែកអង្វរស្វាមីឲ្យត្រឡប់មកវិញ តែដោយសារសេះមណីកែវហោះយ៉ាងលឿន ធ្វើឲ្យនាងកង្រីតាមមិនទាន់។ ពុទ្ធិសែនបានទោដល់នគរឥន្ទបត្តបុរី សន្ធមារបានដឹងរឿងរ៉ាវទាំងអស់ដែលកើតឡើង ហើយក៏ក្លាយជារូបេពិតបំណងចង់សម្លាប់ពុទ្ធិសែនចោល តែពុទ្ធសែនបានដឹងមុនក៏យកស្គរជ័យគោះ បណ្តាលឲ្យអាវុធ​ហោះចេញទៅចាក់សម្លាប់យក្ខសន្ធមារមួយរំពេច។ ព្រះអង្គរថសិទ្ធិបានភ្ញាក់រលឹកដឹងនូវកំហុសរបស់ខ្លួន ក៏ទទួលមហេសីទាំង១២ចូលមកក្នុងរាជវាំងវិញ ហើយពុទ្ធិសែនបានយកថ្នាំមកព្យាបាល​ភ្នែកមាតា និងព្រះមាតុច្ឆា។ ពេលបានបញ្ចប់ភារកិច្ចសព្វគ្រប់ហើយ ពុទ្ធិសែនបានសុំលាមាតាបិតាដើម្បីទៅរកមហេសី និងបុត្ររបស់ខ្លួនវិញ តែជាអកុសលនាងកង្រីបានស្លាប់បាត់បង់ជីវិតទៅហើយ ពុទ្ធិសែនឈឺចិត្តក្រៃលែង ទ្រង់បានធ្វើពិធីបុណ្យសពឲ្យមហេសីរបស់ខ្លួន។ ក្រោយពីពិធីបុណ្យសពរួចរាល់ ពុទ្ធិសែនបានត្រឡប់ទៅនគរមាតាបិតាវិញ។ បន្ទាប់មកទៀតព្រះបាទរថសិទ្ធិ​ក៏បានឲ្យពុទ្ធិសែនបន្តសោយរាជ្យជំនួសព្រះអង្គ ហើយរស់នៅយ៉ាងសុខសាន្ត។

  • ប្រធានរឿង៖ តាមរយៈដំណើររឿង អ្នកនិពន្ធបង្ហាញពីបញ្ហាកម្មពៀររបស់តួអង្គនាងទាំង១២ និងសកម្មភាពរបស់ពុទ្ធិសែនដែលត្រូវបំពេញកាតព្វកិច្ចជាកូនកត្តញ្ញូ។ ដូចនេះប្រធានរឿងគឺកម្មពៀរ និងកត្តញ្ញូ។
  • មូលបញ្ហារឿង៖ ក្នុងរឿងនេះបង្ហាញពីបញ្ហាសំខាន់ៗដូចជា៖
    • ភាពក្រីក្ររបស់សេដ្ឋីដែលត្រូវបំបរបង់កូនចោល
    • កម្មផលរបស់នាងទាំង១២ដែលនាំឲ្យខ្វាក់ភ្នែក
    • ស្នេហារបស់ពុទ្ធិសែន និងនាងកង្រី
    • កត្តញ្ញូរបស់ពុទ្ធិសែនដែលត្រូវលះបង់ស្នេហាដើម្បីគ្រួសារ។

 ទាញយក

·   0

រឿង សព្វសិទ្ធិ



  • ប្រភពរឿង៖ គម្ពីរបញ្ញាសជាតក
  • ប្រភេទរឿង៖ អក្សរសិល្បិ៍បុរាណ បែបសាស្ត្រាល្បែង
  • ចលនា៖ ពុទ្ធនិយម
  • អ្នកនិពន្ធ៖ ហ្មឺនភក្តីអក្សរតន់
  • កាលកំណត់តែង៖ ព.ស ២៤៤២​ត្រូវនឹងគ.ស.១៨៩៩
សង្ខេបរឿង
     នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឲ្យចាបញីនៅក្រុងរក្សាកូន។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូករីកនោះ ហើយត្រូវផ្កាឈូកក្តោបរំរកច្រកចេញពុំរួច។ លុះសុរិយាជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ។ ថ្លែងពីនាងសកុណីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះ​ ក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ។ សកុណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយបានសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។ កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រុកចន្ទគ្រាមបុរី ក្រុងពារាណសី ដោយមាននាមថា "ចៅសព្វសិទ្ធិ"។ កាលសព្វសិទ្ធិប្រសូតនោះមានកុមារ ១០០១នាក់កើតឡើងដែរជាបរិវា។ ចំណែកឯនាងសកុណីកាលស្លាប់ទៅ បានយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាមថា "សុវណ្ណកេសរ" នៃក្រុងពារាណសីដែលមានបិតានាមព្រះបាទព្រហ្មទត្ត និងមហេសីនាមកុសុមា។ កាលធំដឹងក្តីឡើងសព្វសិទ្ធិបានសុំឪពុកម្តាយទៅរៀនវេទនឹងលោកអាចារ្យទិសាបាមោក្ខនៅនគរតក្កសិលា ដោយមានកុមារទាំង១០០១ទៅរៀនជាមួយគ្នា ព្រមទាំងមានភិលៀងជំនិតម្នាក់ផង ដែលបានរៀនសូត្រចេះដឹងដូចសព្វសិទ្ធិដែរ។ ក្នុងចំណោមសិស្សទាំងអស់ សព្វសិទ្ធិគឺជាសិស្សដែលពូកែ និងឆ្លាតជាងគេ។ វេលាដែលបានចេះចាំសព្វហើយក៏បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញ។ ថ្លែងឯនាងសុវណ្ណកេសរវិញពុំដែលនិយាយរកប្រុសណាសោះ រាប់ទាំងបិតានាងផង។ ការនេះធ្វើឲ្យបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំងក៏សួរទៅនាងកុសុមាជាមហេសីឲ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្តអាណិតបុត្រីថាការនេះគឺបណ្តាលមកពីកម្ម និងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខណ៍។ ព្រះបាទព្រហ្មទត្តក៏ប៉ាវគងឲ្យក្សត្រគ្រប់នគរ នាម៉ឺន មន្ត្រី សេដ្ឋី ប្រជានុរាស្ត្រនាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសុវណ្ណកេសរព្រមនិយាយជាមួយ នឹងលើកព្រះនាងឲ្យជាមហេសី។ ប៉ុន្តែគ្រប់បុត្រា និងបុរសជាច្រើនមិនបានធ្វើឲ្យព្រះនាងនិយាយជាមួយនោះទេ។ ព័ត៌មាននេះបានលេចលឺដល់សព្វសិទ្ធិ ក៏បាននាំភិលៀងមកនគរពារាណសី ដើម្បីល្បងយកនាងសុវណ្ណកេសរ ដោយបានប្រើសិល្ប៍សាស្ត្រដកដួងព្រលឹងភិលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប់៤ដង។ លើកទីមួយសព្វសិទ្ធិបានដកដួងព្រលឹងភិលៀងទៅដាក់នឹងទ្វារ។ លើកទីពីរដាក់នឹងចង្កៀង លើកទីបីដាក់នឹងពានព្រះស្រី និងលើកទីបួនដាក់នៅនឹងវាំងនន។ ហើយក្នុងមួយលើកៗសព្វសិទ្ធិបាននិទានរឿងមួយ។
     ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះធ្វើឲ្យសុវណ្ណកេសរនិយាយតប ដោយមានសូរសព្ទភ្លេងជាសក្ខីភាព។ សព្វសិទ្ធិ និងនាងសុវណ្ណកេសរត្រូវបានបិតាមាតារៀបអភិសេកឲ្យនាពេលនោះទៅ។
     សម័យក្រោយមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយនឹងភិលៀង។ ទៅដល់ព្រៃបានជួបនឹងប្រើសស្លាប់មួយ សព្វសិទ្ធិបានដកដួងចិត្តពីរូបខ្លួនទៅចូលក្នុងសាកសព្វនោះដោយបានផ្តាំភិលៀងឲ្យមើលថែរូបកាយខ្លួនឲ្យបានល្អ។ សព្វសិទ្ធិក្នុងរូបរាងប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ។ ឱកាសល្អ ភិលៀងបានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសព្វសិទ្ធិ ហើយដុតរូបរបស់ខ្លួនចោលទៅ។ សព្វសិទ្ធិត្រឡប់មកវិញដឹងថាភិលៀងក្បត់យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ។ ចៃដន្យល្អមានសត្វសារិកាមួយស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដកដួងជីវិតចូលទៅក្នុងរូបសត្វនោះ ហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់។ សុវណ្ណកេសរក៏បានលួងលោមភិលៀងឲ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ។ សព្វសិទ្ធិក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ។ រួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅ។ ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធដល់នូវទីវង្គត។ អស់ចតុរង្គជំនំគ្នាសេ្តចយាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរឲ្យឡើងគ្រងរាជ្យជាសុខសាន្តរហូតដល់ព្រះជន្មមួយរយម្ភៃព្រះវស្សារទើបសោយវិលាល័យ​ទៅកើតនៅឋានតុសិត។ សព្វសិទ្ធិសរជាតិជាព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរជាកន្សៃសារពេជ្ញ ភិលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្តជាអានាថបណ្ឌិតមហាសេដ្ឋី កុសុមាជានាងពលីកា កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមាជាពុទ្ធមាតានាមនាងសិរីមហាមាយា។

  • ប្រធានរឿង៖ លើកឡើងនូវទស្សនៈកម្មផល គឺរឿងទាំងមូលនិយាយពីការសាងកម្ម និងការសោយកម្មទាំងក្នុងបច្ចុប្បន្នជាតិ និងអតីតជាតិ។
  • មូលបញ្ហារឿង៖ បញ្ហាកម្មផល។
    • ការប្រចណ្ឌដោយឥតមានហេតុផល គ្មានការពិចារណា ចាំឲ្យកើតហេតុ កើតគ្រោះរហូតឈានដល់ការធ្វើអត្តឃាត។
    • ការជ្រើសរើសគូស្រករ
    • ការផិតក្បត់ សាហាយស្មន់
    • ការសេពគប់មិត្ត។
 ទាញយក


·   0

រឿង ហង្សយន្ត



  • ប្រភពរឿង៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។
  • ប្រភេទរឿង៖​ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។
  • ចលនា៖ ពុទ្ធនិយម។
  • អ្នកនិពន្ធ៖ ចៅយមបុណ្យភក្តិឧក។
  • កាលកំណត់តែង៖ ស.វទី១៧។
សង្ខេបរឿង
     ក្នុងអតីតកាលដ៏យូរលង់មានមហាក្សត្រមួយអង្គព្រះនាមអាទិត្យវង្សាសោយរាជ្យនៅនគរទេពបុរី។ មហាក្សត្រអង្គនោះជាស្តេចមានប្ញទ្ទិចេស្តា មាននគរចំណុះ១០១ និងមានស្រីស្នំ៦០០០នាក់ ទ្រង់មានមហេសីព្រះនាមព្រះនាងពិម្ពា។ តែជាអកុសលគឺទ្រង់ពុំមានព្រះរាជបុត្រមួយអង្គសោះ សម្រាប់ស្នងរាជ្យ ធ្វើឲ្យទ្រង់មានក្តីកង្វល់ជាពន់ពេក។ សម័យថ្ងៃមួយទ្រង់បានពិគ្រោះដោះស្រាយ​ជាមួយនាម៉ឺនសព្វមុខមន្ត្រីអំពីបញ្ហានេះ ទើបលោកមន្ត្រីមួយរូបលើកយោបល់ថាគួរមានពិធីបន់ស្រន់ថ្វាយទេព្តាសុំបុត្រាដោយឲ្យព្រះមហេសី និងស្រីស្នំទាំងអស់ចាំសីលភាវនា។
     ស្នំទាំងអស់ពិសេសព្រះនាងពិម្ពា បានប្រតិបត្តិការបួងសួងយ៉ាងយកចិត្តទុកដាក់រហូតធ្វើឲ្យកក្រើកដល់ឋានទេព្តា ពេលនោះព្រះឥន្ទកោសីយក៏បានទៅអាធនាទេវបុត្រឲ្យមកចុះចាប់បដិសន្ធិក្នុងគភ៌ព្រះនាងពិម្ពាជាបុត្រារបស់ព្រះអាទិត្យវង្សា។ លុះព្រះរាជបុត្រគ្រប់ទសមាសទ្រង់ប្រសួតមកមានព្រះកាយភ្លឺដូចមាស ទើបព្រហ្មណ៍បុរោហិតទាំងឡាយដាក់ព្រះនាមថាសុវណ្ណកុមារ។
     ព្រះសុវណ្ណកុមារទ្រង់ចម្រើនវ័យវឌ្ឍការក្រោមការបីបាត់ដ៏ល្អឥតខ្ចោះ។ នៅពេលព្រះសុវណ្ណកុមារពេញវ័យព្រះបាទអាទិត្យវង្សា ទ្រង់មានបំណងជ្រើសមហេសីថ្វាយបុត្រាក៏បង្គាប់ក្សត្រចំណុះទាំង១០១នគរ នាំបុត្រីមកឲ្យព្រះសុវណ្ណកុមារជ្រើសរើស។ តែពុំមានក្សត្រីអង្គណាជាទីពេញព្រះទ័យនៃព្រះសុវណ្ណកុមារឡើយ មានតែទទួលក្តីអាម៉ាសដោយការត្មិះដៀលពីព្រះសុវណ្ណកុមារទៅវិញដែលធ្វើឲ្យព្រះបាទអាទិត្យវង្សាមានការពិរោធនឹងទ្រង់ជាខ្លាំង។
     ចំណេរកាលតមកមិនយូរប៉ុន្មាន ក្នុងរាជវាំងមានជាងទងពីរនាក់មានជំនាញរៀងៗខ្លួនក្នុងការកសាងជាវត្ថុសិល្បៈផ្សេងៗមានទំនាស់គ្នារវាងចំណេះរៀងៗខ្លួនដែលនាំឲ្យលឺដល់ព្រះមហាក្សត្រ ទ្រង់ក៏ចាត់ចែងឲ្យជាងទាំងពីរប្រឡងសាកល្បងគ្នា ដោយទ្រង់ប្រទានសម្ភារៈតាមតម្រូវការ។ ជាងម្នាក់បានសាងសង់ជាពិមានដែលរំលេចដោយក្បូរក្បាច់រចនាល្អគ្មានពីរស្រោបដោយមាស និងត្បូងទទឹមភ្លឺរន្ទាលឆ្អិនឆ្អៅហាក់បីដូចជាទិព្វពិមានរបស់សក្កទេវរាជ។ ចំណែកជាងមួយរូបទៀតសាងរូបបក្សីធ្វើអំពីមាស​រំលេចដោយត្បូងចរណៃ ហើយបក្សីទាំងនោះអាចហោះហើរលើអាកាសបានសព្វទិសា បានតាមចិត្តប្រាថ្នា មានចលនាដូចជាសត្វពិត មានឬទ្ធិដូចសត្វទេព។ ព្រះមហាក្សត្រទ្រង់មានអំណរក្រៃ ហើយទ្រង់បានឲ្យជាងទាំងពីរសហការគ្នាសាងជារូបហង្សយន្ត​ដែលអាចឲ្យមនុស្សជិះបានថ្វាយទ្រង់។ ឯជាងទាំងពីរក៏បានសាងជាបក្សីយន្តតាមព្រះរាជបំណង។ ហង្សយន្តមាសដែលរំលេចទៅដោយក្បូរក្បាច់យ៉ាងវិចិត្រគ្មានពីរភ្លឺរន្ទាលអាចឲ្យមនុស្សអាស្រ័យហោះហើរទៅគ្រប់ទីស្ថានបានតាមចិត្តប្រាថ្នា។ ឯរាជបុត្រកាល ឃើញយានទិព្វក៏ទូលសុំព្រះបិតាបំណងយកយានហង្សយន្តនោះទៅស្វែងរករៀនសិល្ប៍វិជ្ជាការ ចំណេះវិជ្ជាផ្សេងៗ និងរកទេពីជាទីពេញព្រះទ័យ ហើយមាតាបិតាក៏ព្រះរាជទានតាមបំណង។
     ក្រោយពីបានហង្សយន្តព្រះសុវណ្ណកុមារ ទ្រង់ធ្វើដំណើរយ៉ាងរីករាយទតធម្មជាតិ ហើយរៀបរាប់សរសើរជាហូរហែ។ លុះបន្ទាប់មកទៀត ទ្រង់ក៏បានដល់បញ្ចាល៍នគរដែលជាទីព្រះបាទបញ្ចាល៍គ្រប់គ្រង។ ទ្រង់បានទៅសំណាក់ជាមួយព្រាហ្មណ៍មួយរូបក្រោយមកជាឪពុកធម៌របស់ទ្រង់។ ដោយទ្រង់ជាបុគ្គលមានភាពឧស្សាហ៍ព្យាយាមក្នុងការសិក្សា ហើយមានប្រាជ្ញាលើសពីមនុស្សទាំងពួងផងទ្រង់ក៏បានរៀនចេះចាំស្ទាត់ជំនាញអំពីវិជ្ជាការទាំងប៉ុន្មានឥតចន្លោះ ហើយត្រូវឪពុកធម៌របស់ទ្រង់នាំទៅថ្វាយព្រះបាទបញ្ចាល៍ ដើម្បីឲ្យសុវណ្ណកុមារកាន់តួនាទីជំនួសលោក ឯព្រះបាទបញ្ចាល៍ទៀតសោតក៏សឹងពេញចិត្តទាំងសមត្ថភាព រូបសម្បត្តិ និងអត្តចរិតរបស់ព្រះសុវណ្ណកុមារជាពន់ពេក តែទ្រង់ពុំជ្រាបថាសុវណ្ណកុមារជាអម្បូរក្សត្រនាំឲ្យទ្រង់ស្តាយ ដែលពុំអាចឲ្យព្រះសុវណ្ណកុមារធ្វើជារាជសុណិសាបាន។
     ថ្លែងពីព្រះបាទបញ្ចាល៍ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គប្រកបដោយរូបសម្បត្តិល្អលើសទេពធីតាឋានសួគ៌ទៅទៀតទ្រង់មានព្រះនាមបុទមកេសរ។ នៅពេលដែលព្រះសុវណ្ណកុមារចូលដល់រាជវាំងព្រះនាងមានការចាប់ព្រះទ័យយ៉ាងចម្លែកទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ ប្ញកពាដែលធ្វើឲ្យព្រះនាងយល់ថាព្រះសុវណ្ណកុមារប្រាកដជាចេញមកអំពីត្រកូលនៃរបាក្សត្រណាមួយជាក់ជាមិនខាន។
     ដោយទំហំនៃសេចក្តីស្រឡាញ់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យព្រះនាងស្រពាប់ស្រពោនក្រៃ។ ឯនាងភីលៀងកាលបើឃើញម្ចាស់ស្រីមានទុក្ខក៏ធ្វើជាអ្នកនាំពាក្យពីព្រះនាងបុទមកេសរទៅព្រះសុវណ្ណកុមារ ជាប្រការផ្សេងៗ។​ ព្រះសុវណ្ណកុមារក៏បានមកជួប ហើយលួងលោមធីតាក្នុងផ្លូវកាមគុណព្រះនាងចេះតែរកហេតុផលមកពន្យល់ តែព្រះសុវណ្ណកុមារធ្វើជាខឹងទើបនាងព្រម។
     ព្រះសុវណ្ណកុមារតែងតែមកជួបធីតាតាមហង្សយន្តជារៀងរាល់រាត្រីរហូតព្រះនាងមានគភ៌ជិតគ្រប់ខែ ទើបបានជ្រាបដល់ព្រះបញ្ចាល៍ ទ្រង់ពិរោធយ៉ាងខ្លាំង ក៏ប្រើល្បិចចាប់ព្រះសុវណ្ណកុមារហើយឲ្យពេជ្ឈឃាដនាំខ្លួនទៅសម្លាប់។
     ព្រះសុវណ្ណកុមារទ្រង់មានវិប្បដិសារៈជាពន់ពេក ម្យ៉ាងនឹកដល់មាតាបិតាឯនាយ ម្យ៉ាងស្តាយភរិយា ឯព្រះនាងបុទមកេសរ ក៏ទួញសោកបោកខ្លួនស្តាយសុវណ្នកុមារដែរ។ ឯមាតាព្រះនាងបុទមកេសរក៏ជួយអង្វរសុំការលើកលែងទោស តែព្រះបាទបញ្ចាល៍ពុំព្រមលើកលែងទោសឡើយ។
     ថ្លែងពីពេជ្ឈឃាតពេលនាំសុវណ្ណកុមារទៅសម្លាប់ត្រូវសុវណ្ណកុមារបោកបញ្ឆោត ហើយឡើងជិះហង្សយន្តទៅយកព្រះនាងបុទមកេសរ រួចហោះប្រទក្សិណបីជុំប្រាសាទបញ្ចាល៍ ដោយសុវណ្ណកុមារដៀលផ្តាសារ និងគំរាមដោយប្រការផ្សេងៗធ្វើឲ្យព្រះបាទបញ្ចាល៍ភិតភ័យតក្កមា ឯសុវណ្ណកុមារក៏នាំព្រះនាងបទុមកេសរហោះទៅកាន់នគរទេពបុរីរបស់ទ្រង់។ លុះធ្វើដំណើរបាន៧ថ្ងៃ នាងបុទមកេសរក៏ឈឺពោះឆ្លងទន្លេ។ សុវណ្ណកុមារក៏ឈប់សំចតក្នុងខេត្តខណ្ឌហេមពាន្តដ ក្រោមដើមជ្រៃក្នុងព្រៃក្រឹស្ណាខាងឆ្នេរព្រះគង្គារគីស្រះបោក្ខរណី។ ដោយឃើញបទុមកេសរ និងបុត្រាមានភាពរងាញ័រញាក់ សុវណ្ណកុមារបានអាស្រ័យដោយហង្សយន្តទៅយកភ្លើងពីនាយសំពៅនាកណ្តាលមហាសាគរ តែជាកម្មអកុសលព្រះអគ្គីបានឆាបឆេះខ្សែបញ្ជាហង្សយន្ត ធ្វើឲ្យព្រះសុវណ្ណកុមារត្រូវបាននាយសមុទ្រគោចរជួយសង្គ្រោះ ហើយហង្សយន្តត្រូវនាយពាណិជ្ជស្រង់បាន តែពុំបានដឹងពីគុណប្រយោជន៍ឡើយ។
     នាងបទុមកេសរកាលចាំស្វាមីបាត់ពុំឃើញត្រឡប់មកវិញក៏ទួញសោយសោក ហើយដើររកស្វាមីដោយទុកកូនក្រោមដើមក្រឹស្នានាព្រៃនោះ។
     ថ្លែងពីព្រះចៅព្រហ្មទត្តស្តេចនៃនគរពារាណសី​ ក្នុងពេលទ្រង់យាងក្រសាលក្នុងដងព្រៃបោះក៏ឃើញបុត្ររបស់បុទមកេសរទ្រង់ក៏បានរើសទារកនោះយកមកចិញ្ចឹម ហើយដាក់ព្រះនាមថាចៅក្រឹស្នកុមារ។ ទ្រង់ស្រឡាញ់បុត្រក្រៃ ព្រោះទារកនេះមានសម្បុរដូចមាស ម្យ៉ាងទ្រង់ពុំមានបុត្រផង។ លុះនាងបុទមកេសរមកវិញរកកូនមិនឃើញក៏សន្លប់បាត់ស្មារតី។ ពេលដែលនាងភ្ញាក់រលឹកឡើងក៏ដើរតាមស្នាមដានជើងរហូតមកដល់នគរពារាណសី ហើយស្នាក់នៅជាមួយយាយមាលាជាអ្នកក្រងផ្កាថ្វាយស្តេច ដើម្បីរង់ចាំឱកាសជួបជាមួយនឹងចៅក្រឹស្នកុមារ។
     ក្នុងពេលនៅជាមួយយាយមាលា នាងក្រងផ្កាថ្វាយសេ្តចជំនួសយាយមាលាយ៉ាងប៉ិនប្រសប់ជាហេតុនាំឲ្យស្តេចចង់ជួបនាង តែត្រូវយាយមាលាកុហកថានាងជាស្ត្រីមេម៉ាយ ហើយមានរូបអាក្រក់ក្រៃព្រោះពុំមែនជាឱកាសល្អ។ នាងនៅជាមួយយាយមាលាអស់រយៈពេល ១៦ឆ្នាំ។ ពេលនោះចៅក្រឹស្នកុមារក៏ចម្រើនវ័យគ្រប់ការ ទើបព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ឲ្យស្តេចនៃនគរចំណុះទាំង​​១០១ នាំបុត្រីដែលពេញវ័យគ្រប់ការមកថ្វាយ តែពុំមានសូម្បីតែមួយអង្គដែលធ្វើឲ្យចៅក្រឹស្នកុមារពេញចិត្តសោះឡើយ ទើបព្រះបាទព្រហ្មទត្តបញ្ជាឲ្យរាជ្យអាមាត្រដើររើសរកស្រីល្អក្នុងនគរមកថ្វាយ ឯរាជអាមាត្យក្រាបថ្វាយទូលមហាក្សត្រថាក្នុងនគរពារាណសីនេះពុំមានស្រីណាដែលមានសម្រស់ស្រស់ស្អាតស្មើនឹងនាងបុទមកេសរជាចៅយាយមាលាសោះឡើយ តែទ្រង់ពុំជឿលុះអាមាត្យនាំនាងមកទើបទ្រង់ជឿ ឯចៅក្រឹស្នកុមារក៏សឹងពេញចិត្តគ្មានប្រកែក ហើយព្រះបាទព្រហ្មទត្តទ្រង់ត្មិះដៀលជេរយាយមាលាជាច្រើនដែលហ៊ានភូតកុហកទ្រង់។ ក្រោយពីបានរៀបចំរាជអភិសេកចៅក្រឹស្នកុមារ និងនាងបុទមកេសរ ព្រះបាទព្រហ្មទត្តក៏បានប្រគល់រាជសម្បត្តិថ្វាយចៅក្រឹស្នកុមារផងឲ្យគ្រប់គ្រងនគរពារាណសីពីទ្រង់ដែរ ឯនាងបុទមកេសរវិញក៏ចាំសង្កេតអត្តចរិតចៅក្រឹស្នកុមារដែរ។
     ក្នុងវេលារាត្រីផ្សំដំណេកខណៈដែលចៅក្រឹស្នកុមារសំដៅទៅប្រាសាទនាងបុទមកេសរក៏ស្រាប់តែមានទេវតាមកនិមិត្តទេពហេតុបីប្រការជាប្រស្នាដល់ចៅក្រឹស្នកុមារជាហេតុនាំឲ្យទ្រង់ និងនាងបុទមកេសរបានស្គាល់គ្នាជាម្តាយនិងកូន។ ក្រោយមកនាងបុទមកេសរ និងចៅក្រឹស្នកុមារបានសាងសង់សាលាឆទាន ដោយមានឆ្លាក់ជាសាច់រឿងនៃឆាកជីវិតរបស់នាង និងស្វាមីក្នុងគោលបំណងឲ្យសុវណ្ណកុមារបានឃើញ ហើយឲ្យយាយមាលាជាអ្នកគ្រប់គ្រងសាលានោះ។
     ថ្លែងពីនាយសាគរពាណិជ្ជ ដែលរើសបានហង្សយន្តបានយកទៅថ្វាយស្តេចព្រហ្មទត្ត ហើយទ្រង់បានឲ្យចៅក្រឹស្នកុមារជាអ្នកថែរក្សា។ ឯនាយសមុទ្រគោចរក៏បានចូលសំពៅមកដល់នគរពារាណសី ដើម្បីដោះដូរទំនិញ ដែលនាំឲ្យសុវណ្ណកុមារបានឃើញនូវរឿងរ៉ាវដែលឆ្លាក់់ជាប់សាលាឆទាន ហើយត្រូវយាយមាលានាំឲ្យទៅជួបនាងបុទម និងចៅក្រឹស្នកុមារ។ ដោយក្តីនឹករលឹកគ្នា ក្សត្រទាំងបីអង្គបានសោយសោករហូតដល់សន្លប់ទាំងបីអង្គ តែត្រូវព្រះឥន្ទ្រាធិរាជប្រោសឲ្យរស់វិញទាំងអស់។ ឯព្រះបាទព្រហ្មទត្តទ្រង់បានឲ្យអាមាត្យមកសាកសួរតែចៅក្រឹស្នកុមារទូលថាជាបងរបស់នាងបុទមកេសរ។
     ចៅក្រឹស្នកុមារបានយកហង្សយន្តមកថ្វាយសុវណ្ណកុមារជួសជុល ឯនាងបុទមកេសររៀបចំស្បៀងអាហារក្នុងពេលធ្វើដំណើរ ហើយនាងបានឲ្យរង្វាន់ដល់នាយសំពៅទាំងពីរ និយាយមាលាជាច្រើន ចំណែកចៅក្រឹស្នកុមារបានសរសេរសំបុត្របិទជាប់ទ្វារប្រាសាទថ្វាយព្រះបាទព្រហ្មទត្ត ហើយទាំងបីអង្គអាស្រ័យដោយហង្សយន្តហោះសម្តៅទិសឧត្តរទៅទេពបុរីអស់មួយរយៈពេល ឯព្រះបាទព្រហ្មទត្តទ្រង់ទួញអាល័យបុត្រក្រៃពេក។
     ដល់ទេពបុរីក្សត្រទាំង៥អង្គ បានព្រះកន្សែងលុះសន្លប់ស្មារតីទាំងអស់គ្រប់គ្នា។ ក្រោយពីធ្វើពិធីជញ្ជាត់ព្រលឹង ព្រះអាទិត្យវង្សាបានផ្ទេររាជបល្ល័ង្កថ្វាយសុវណ្ណកុមារ និងចៅក្រឹស្នកុមារជាឧបរាជបានសេចក្តីសុខសាន្តលុះមរណារៀងៗខ្លួន ក៏យោនយកកំណើតតាមផលកម្ម គឺព្រះអាទិត្យវង្សាជាព្រះបាទសុទ្ធោន៍ នាងពិម្ពាជាមហាមាយា ព្រហ្មទត្តជាអានន្ន ព្រះឥន្ទជាអនុរុទ្ធ នាងបទុមជាយសោធារា ចៅក្រឹស្នកុមារជារាហុលកុមារ ព្រះបាទបញ្ចាល៍ជាទេវទត្តអន្យតិរ្ថិយ ឯសុវណ្ណកុមារជាព្រះសាមណគោតមនេះឯង។
  • ប្រធានរឿង៖ ដំណើរជីវិតរបស់សុវណ្ណកុមារ ផ្សារភ្ជាប់នឹងហង្សយន្ត។
  • មូលបញ្ហារឿង៖ 
    • ការចាកចេញពីនគររបស់សុវណ្ណកុមារ
    • ការទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ
    • ការពុះពារជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង
    • ការរក្សាភក្តីភាពរវាងស្វាមី និងភរិយា
    • ការវិលត្រឡប់ចូលនគរវិញរបស់សុវណ្ណកុមារ។

 ទាញយក


·   0

រឿង មរណមាតា


  • ប្រភពរឿង៖ គម្ពីរភាសាបាលី "ចេតនាពុទ្ធា"
  • ប្រភេទ៖ ពាក្យកាព្យ
  • អ្នកនិពន្ធ៖ ភិក្ខុ អ៊ុក
  • កាលកំណត់តែង៖ ព.ស ២៤២០ គ.ស ១៨៧៧ (ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមបរមរាមាទេវតា "ព្រះសុវណ្ណកោដ្ឋ")
សង្ខេបរឿង៖
     កាលព្រះបរមសាស្តាគង់នៅវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ ព្រះអនុរុទ្ធត្ថេរ​ បានទូលសួរអំពីកំ​ណើតសត្វដែលផ្សេងគ្នាដោយអាយុ រូបរាអ និងទ្រព្យសម្បត្តិ។ល។ ព្រះអង្គទ្រង់សម្តែងថា "ជន​ណាបានពិចារណាទ្វត្តិង្សាការ កម្មដ្ឋាន មានកេសា លោមា នទា ទន្តា តចោ ជាដើម ជននោះនឹង​បានរួចចាកទុក្ខដូចនាងមរណមាតាដែលបានភាវនាហទយំៗ នាងកើតឡើងជាមនុស្សមានចិត្តទិព្វ​ល្អ ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់រួចចាកទុក្ខបាន" ហើយទ្រង់នាំអតីតនិ​ទានថា៖
     ក្នុងកាលកន្លងទៅយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមវិមលធម្មរាជសោយរាជ្យក្នុងវិទ​ហនគរ។ គ្រានោះមានបុរសម្នាក់ឈ្មោះកុល្លិយៈ ប្រពន្ធឈ្មោះនាងកែវកេសីជារាជបម្រើ។ ព្រះរាជា​ទ្រង់តាំងឲ្យធ្វើជាមេស្រុកនៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសីមានកូនស្រីមួយឈ្មោះកុល​កេសី។ នៅជិតផ្ទះនោះមានបុរសកំសត់ម្នាក់មានកូនប្រុសមួយឈ្មោះកុដុម្ពីក៍កុមារ។ កុមារបានស្រឡាញ់នាងកុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ។ អ្នកទាំងពីរបានពង្រាត់គ្នានៅក្នុងជនបទមួយឈ្មោះកាសីជាស្រុកចោរ។ ពួកចោរចាប់ចងកុដុម្ពីក៍ នាងកុលកេសីយកចិញ្ចៀនមាសមួយទៅជូនមេស្រុកសុំលោះប្តី មេស្រុកបង្គាប់ពួកចោរឲ្យដោះលែង។ អ្នកទាំងពីរសុំមេស្រុកធ្វើជាឪពុកធម៌។ មេស្រុកប្រគល់ទ្រព្យសម្បត្តិ និងទាសី កម្មករឲ្យ។ នាងកុលកេសីបានសុំឪពុកធម៌ទៅតាំងនៅភូមិថ្មី១ បានជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដោយកុដុម្ពីក៍មានប្រាក់រាប់កោដិ អ្នកស្រុកឲ្យឈ្មោះថាកុលកោដិកុដុម្ពីក៍ៗមានកូនស្រីមួយឲ្យឈ្មោះនាងកុមារី។ ក្រោយពីមេស្រុកដែលជាឪពុកធម៌ស្លាប់ទៅ កុលកោដិកុដុម្ពីក៍បានជាធំក្នុងស្រុកនោះ។
     កាលនាងកុមារីបានអាយុ៧ឆ្នាំ មានស្រ្តីមេម៉ាយឈ្មោះកាឡី មានកូនស្រីពីរនាក់ កូនបងឈ្មោះចន្ទី កូនប្អូនឈ្មោះចន្ទាសាលិនី។ មេកាឡីមានបងស្រីម្នាក់ឈ្មោះកាលីនិយា។ មេកាឡីចេះតែមក​ប្រលោមកុលកោដិកុដុម្ពីក៍។
     កុលកោដិកុដុម្ពីក៍ក៏យកមេកាឡីនោះជាប្រពន្ធចុង មិនយូរប៉ុន្មានកុលកោដិកុដុម្ពីក៍ធ្លាក់ខ្លួនជាអ្នកក្រ។ ដោយមេកាឡីមួលបង្កាច់កុដុម្ពីក៍ក៏ជេរវាយនាងកុលកេសីរាល់ថ្ងៃ ទីបំផុតកុដុម្ពីក៍នាំនាង​កុលកេសីទៅបង់ត្រី វាយទម្លាក់ទឹកស្លាប់ទៅ។ នាងកើតជាត្រីដំរីនៅកំពង់ទឹកនោះ។
     លុះកុដុម្ពីក៍ត្រឡប់មកផ្ទះវិញ នាងកុមារីពុំឃើញម្តាយក៏យំរត់ទៅរកឯកំពង់ទឹក បានដឹងដោយនាងទេពធីតាប្រាប់ថា ម្តាយស្លាប់កើតទៅជាត្រីដំរីហើយ នាងស្រែកហៅម្តាយៗហែលមកជិតប្រាប់កូនអំពីប្រវត្តិខ្លួនសព្វគ្រប់។ តាំងពីនោះមកគេហៅនាងកុមារីជាមរណមាតា។ នាងតែងធ្វើការផ្សេងៗមានឃ្វាលគោជាដើមដោយកំសត់ពន់ពេក។ រាល់ថ្ងៃ នាងតែងយកកន្ទក់បាចឲ្យត្រីដំរី។ មេកាឡីឲ្យកូនយកកន្ទក់ទៅបញ្ឆោតចាប់ត្រីដំរីមកសម្លាប់។ គ្រានោះមានទាញីមួយហួរស្រកាពីរទៅដាក់នៅមុខនាងៗស្គាល់ជាស្រកាម្តាយ នាងក៏យកទៅដាំដុះជាដើមត្របប់ពីរដើមមានផ្លែផ្កាល្អ ហើយនាងគោរពប្រណិប័តន៍រាល់ថ្ងៃ។ មេកាឡីដឹងយកដើមត្រប់ទាំងឫសគល់ទៅបុកក្នុងត្បាល់។ គ្រានោះមានឆ្មាញីមួយ ពាំឫសគ្រប់ពីរទុកឲ្យនាងៗយកឫសត្រប់ទាំងពីរនោះទៅដាំ។ ដោយអំណាចអានិសង្ឃដែលនាងបានភាវនាទ្វត្តិង្សាការកម្មដ្ឋានថាហទយំៗពីជាតិមុនគេ ឲ្យនាងមានជាតិជាទិព្វ នាងបួងសួងដល់មាតាហើយដាំទៅ ឫសត្រប់នោះដុះភ្លាមកើតជាដើមរលួសពីរដើម មានស្លឹកពណ៌ល្អដូចមាស ហើយមាតានាងកើតជាទេព្តានៅចាំរក្សាទីនោះ។ ស្លឹករលួសនោះខ្យល់បកមកលឺសូរដូចប្រគំតន្ត្រី។ នាងមរណមាតានមស្ការដើមរលួសរាល់ព្រឹកល្ងាច។
     វេលាមួយព្រះបាទវិមលធម្មរាជ ស្តេចចេញប្រពាតព្រៃ ទ្រង់ទតឃើញដើមរលួសនោះ ទ្រង់ជ្រាបថាជារបស់នាងមរណមាតា ទ្រង់ឲ្យហៅនាង។ នាងក៏ទៅថ្វាយបង្គំស្តេច។ ទ្រង់សុំដើមរលួសនោះ រួចទ្រង់ឲ្យពលជីកគាស់ តែពុំរបើក លុះតែនាងមរណមាតាបួងសួងទើបរលួសរដុះឡើង អណ្តែតលើអាកាសតាមស្តេចទៅព្រះរាជវាំង ដល់ហើយដើមរលួសឋិតនៅលើអាកាសមិនចុះមកដី លុះតែព្រះរាជាឲ្យយកនាងមរណមាតាទៅក្នុងព្រះរាជវាំង នាងបួងសួងទើបរលួសនោះចុះមកដីឋិតនៅក្នុងអាងមាសសន្មតឈ្មោះសុវណ្ណរាជព្រឹក្ស។ ព្រះរាជាទ្រង់អភិសេកនាងមរណមាតាជាអគ្គមហេសី ហើយទ្រង់សួរប្រវត្តិព្រះនាងៗក្រាបទូលតាំងពីដើមរហូតដល់ចប់។
     ក្រោយមកព្រះរាជាទ្រង់ស្តេចទៅទាក់ដំរី។ មេកាឡីរកឧបាយកលសម្លាប់ព្រះនាងមរណមាតា វាចាត់ការឲ្យរកឩសជីកគុកដាំប្រេងដូងមួយខ្ទះធំ ធ្វើបន្ទប់ដាក់ក្តារគ្របពីលើ ដើម្បីឲ្យនាងដើរជាន់ ធ្លាក់ខ្លួនទៅក្នុងខ្ទះស្លាប់។ ធ្វើស្រេចឲ្យកូនស្រីពីរនាក់ទៅបញ្ឆោតនាងមរណមាតាថាឪពុកឈឺទៀបស្លាប់ ចង់ជួបនាង។ ពួកស្រីក្នុងវាំងក៏ហែរហមព្រះនាងមរណមាតាទៅផ្ទះឪពុក។ មុននឹងទៅជួបឪពុក គេឲ្យព្រះនាងដោះគ្រឿងប្រដាប់ស្រង់ទឹកសិន។ លុះចូលទៅក្នុងបន្ទប់ស្រង់ទឹក ព្រះនាងជាន់ក្តាភ្លាត់ធ្លាក់ព្រះអង្គទៅក្នុងខ្ទះប្រេងដូងក្តៅសុគតទៅ។ មេកាឡីយកគ្រឿងអលង្កានោះបំពាក់មេចន្ទាសាលិនីជាកូនឲ្យទៅជំនួស។ ពួកស្រីស្នំមិនបានជាពិនិត្យក៏នាំចូលព្រះរាជវាំង។ ឯរាជព្រឹក្សទ្រង់យាងត្រឡប់មកព្រះរាជវាំងវិញ ទ្រង់ឆ្ងល់ ទ្រង់រកឱកាសដើម្បីនឹងចាប់ថ្នាក់ឲ្យបាន។
     ក្រោយពីនាងមរណមាតាសុគតទៅ គេបានយកអដ្ឋិធាតុទៅចោលក្នុងព្រៃស្មសាន ហើយនាងទេពធីតាមួយអង្គឈ្មោះគិរីមេខលា ឋិតនៅដើមជ្រៃក្នុងព្រៃនោះបានយកឱសថទិព្វមកដាក់ឲ្យរស់ឡើងវិញល្អលើសដើម។ នាងទេពធីតាប្រាប់ព្រះនាងថា បើនៅជាមនុស្ស ពេលទៅនគរវិញគេពុំជឿទេ ត្រូវព្រះនាងបរិភោគឱសថឲ្យក្លាយទៅជាសារិកាទើបចូលបាន។ លុះបរិភោគឱសថក្លាយទៅជាសារិកាហើយ ទើបហើរចូលទៅក្នុងវាំង។ នាងសារិកាទូលប្រវត្តិរបស់ព្រះនាងថ្វាយព្រះមហាក្សត្រជ្រាបសព្វគ្រប់។ ព្រះរាជាទ្រង់ស្រឡាញ់ ទ្រង់យកចិញ្ចៀនមាសមួយវង់បំពាក់ជើងដាក់ក្នុងទ្រុងមាសនៅក្នុងព្រះរាជវាំង។ នាងសារិកាបួងសួងសុំដើមរាជព្រឹក្សៗក៏លូតលាស់ មានស្លឹកផ្កែផ្កាល្អដូចដើម។
     ព្រះរាជាទ្រង់ឲ្យពេជ្ឈឃាតសម្លាប់មេចន្ទាសាលិនី ធ្វើផ្អកដាក់ពាងទាំងក្បាលផ្ញើទៅម្តាយឪពុកប្រាប់ថាកូនផ្ញើមកជូនកុដុម្ពីក៍ៗលូកដឹងថាកូនស្លាប់ក៏ប្រញាប់នាំកូន និងប្រពន្ធទៅជ្រកក្នុងព្រៃស្មសាន គ្រោះជួបនឹងតាបសម្នាក់​ហើយនៅក្នុងព្រៃនោះទៅ។
     ព្រះរាជាឲ្យអាមាត្យវិនិច្ឆ័យក្តីយាយអករ៍ដែលឲ្យគេបញ្ឆោតយកព្រះនាងមរណមាតាទៅសម្លាប់។ អាមាត្យកាត់សេចក្តីថា យាយអករ៍មានទោសដល់ស្លាប់។ យាយអករ៍នោះមានកូនស្រីមួយឈ្មោះនាងឆន្ទា ជាសាវឡិកព្រះរាជាដែលត្រូវស្តេចបណ្តេញចេញ នាងនោះខឹងថាមកពីនាងសារិកាអុចអាលបានជាគេសម្លាប់ម្តាយខ្លួន ក៏គុំសម្លាប់នាងសារិកា។
     ថ្ងៃមួយ ព្រះវិមលធម្មរាជស្តេចចេញទៅបង្ក្រាបចោរនៅជនបទ ទុកនាងសារិកានៅក្នុងវាំង។ នាងឆន្ទាបានឱកាសក៏ចូលទៅលួចនាងសារិកាបានឲ្យទៅទាសីសម្លាប់ស្លស៊ី។ ទាសីបោចសារិកាហើយចុះទៅដី នាងសារិកាលបរត់ចូលទៅក្នុងរូងកណ្តុរស។ ស្តេចកណ្តុរសយកនាងទៅចិញ្ចឹមទាល់តែដុះស្លាបឡើងវិញ។ ស្តេចកណ្តុរសខឹងណាស់ ទៅខាំនាងឆន្ទាដាច់ច្រមុះស្លាប់ទៅ។ នាងសារិកា និងស្តេចកណ្តុរសចេញទៅជួបពស់មួយធំ ប៉ងនឹងចឹកនាងតែបានតាដក់ធំមួយខាំពស់នោះស្លាប់បាត់ទៅ។ បន្ទាប់ពីនោះមក ព្រះឥន្ទបើកភ្នែកទិព្វចក្ខុមកឃើញនាងសារិកា ក៏ចុះមកនិមិ្មតជាខ្លាធំមួយ លោតឡើងមែកជ្រៃ សុំផ្លែជ្រៃមែកទីសបស្ចឹមក្លាយជាបក្សីៗលោតទៅស៊ីផ្លែជ្រៃមែកទិសឧត្តរក្លាយជាប្រើសមាសៗស៊ីផ្លែជ្រៃទិសបូពា៌ ក្លាយជាស្វាៗស៊ីផ្លែជ្រៃទិសទក្សិណ ក្លាយជាមនុស្សរូបល្អ ព្រមទាំងមានគ្រឿងអលង្ការ។ នាងសារិកាឃើញសព្វគ្រប់បានធ្វើត្រាប់តាមលំដាប់ ក៏ក្លាយជារូបរាងផ្សេងៗ ទីបំផុតក្លាយជាមនុស្សស្រី ហើយបេះផ្លែជ្រៃវេចទុកដើរទៅជួបតាបសម្នាក់ឈ្មោះមិត្តាជិនៗសួរហេតុសព្វគ្រប់ក៏នាំនាងទៅចិញ្ចឹមនៅក្នុងអាស្រម។
     ក្រោយមកតាបសមិត្តាជិនទៅកាន់ព្រះបោក្ខរណី បានឃើញកុមារមួយរូបកើតក្នុងផ្កាឈូក បានយកមកឲ្យនាងចិញ្ចឹម​ ឲ្យឈ្មោះបុទុមកុមារៗធំឡើងសាកសួរនាងៗប្រាប់ពីប្រវត្តិសព្វគ្រប់ បុទុមកុមារលាមាតា និងមហឥសីទៅរកព្រះបិតាឯវិទហនគរ យកទាំងព្រះទម្រង់ដែលចងនឹងព្រះមាតាកាលនៅជាសារិកា និងផ្លែជ្រៃទៅផង។ វេលានោះមានស្តេចប្រើសមាសមួយមកធ្វើជាជំនិះបញ្ជិះកុមារទៅរកបិតា។ លុះបានជួបព្រះបិតាហើយ ក៏យាងព្រះបិតាមកហែហមព្រះមាតាទៅសោយរាជ្យក្នុងវិទេហនគរប្រកបដោយទសពិធរាជធម៌។ កាលបើព្រះនាងបានជួបព្រះភស្តាហើយបានសោយរាជ្យជាសុខ ព្រះនាងនឹកដល់គុណទា ឆ្មា និងស្តេចកណ្តុរក៏ព្រះរាជទាននំចំណីដល់សត្វទាំងនោះ ព្រមទាំងចំណាយព្រះរាជទ្រព្យ ព្រះរាជទានដល់អ្នកកំសត់ទុគ៌តជានិរន្តរ៍ ហើយគង់នៅជាសុខសប្បាយដរាបដល់សោយព្រះវិលាល័យទៅហោង។

  • ប្រធានរឿង៖ និយាយពីខ្សែជីវិតរបស់នាងមរណមាតា។
  • មូលបញ្ហារឿង
    • ការផិតក្បត់ប្រពន្ធ បណ្តាលឲ្យគ្រួសារវិនាស កូនៗរងទុក្ខវេទនា
    • ភាពមិនរឹងមាំរបស់មេគ្រួសារ
    • ការឈ្នានីសលើកូនដើមពីសំណាក់ម្តាយ និងកូនចុង
    • សកម្មភាពតស៊ូរបស់នាងកុមារីដែលស្លាប់ម្តាយ ហើយឪពុកជឿលើសំដីប្រពន្ធចុង បោះបង់ និងធ្វើបាបនាង ប៉ុន្តែដោយការព្យាយាមមិនរួញរា ធ្វើឲ្យនាងរួចចាកទុក្ខទោស និងទទួលបានការអាណិតអាសូរពីគេ
    • ជីវិតរបស់នាងមរណមាតានៅក្នុងរាជវាំង។

 ទាញយក

·   0

រឿង ស័ង្ខសិល្បជ័យ

  • ប្រភពរឿង៖ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ (លើកទី១) នៅពុទ្ធសករាជ ២០៥៩ ត្រូវនឹងគ្រឹស្តសករាជ ១៩៦៦។
  • ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ សាស្ត្រាល្បែង កាព្យនិទាន
  • ចលនា៖ ពុទ្ធនិយមក្លាយ
  • កាលកំណត់តែង៖ ១៨៨២
  • អ្នកនិពន្ធ៖ ឧកញ៉ាវង្សាធិបតីអ៊ុក
សង្ខេបរឿង
     ព្រះបាទកុត្តរាជ សោយរាជ្យបញ្ចាលបុរីមានព្រះអគ្គមហេសីព្រះនាមសុុមន្ទា មានព្រះរាជបុត្រច្បងព្រះនាមសេនាកុត្តរាជ ព្រះរាជបុត្រីប្អូនព្រះនាមកេសរសុមន្ទា។ លុះព្រះបាទកុត្តរាជទ្រង់ព្រះទិវង្គតទៅ ព្រះនាងសុមន្ទាទ្រង់អភិសេកព្រះរាជកុមារសេនាកុត្តរាជ ជាមហេក្សត្រឡើងគ្រងរាជ្យ ហើយព្រះបាទសេនាកុត្តរាជ ទ្រង់ឲ្យហោរាទាយជតារាសីឲ្យព្រះនាងកេសរសុមន្ទាជាព្រះកន្និដ្ឋា ហោរទាយថា"វេលាព្រះនាងមានព្រះជន្ម១៥វស្សា និងមានយក្ស១មកចាប់ទៅធ្វើជាភរិយានៅក្នុងព្រៃ"។
     ក្រោយមកព្រះនាងកេសរសុមន្ទាចូលក្រាបបង្គំលាព្រះរៀមចេញទៅក្រសាលឧទ្យាន។ ព្រះរាមទ្រង់ឃាត់ពុំស្តាប់ ក៏ទ្រង់ជូនព្រះកនិដ្ឋាទៅដោយពួកពលជាច្រើន។ ក្នុងពេលកំពុងក្រសាល មានយក្សកម្លោះមួយឈ្មោះកុម្ភណ្ឌ ឋិតនៅប្រាសាទក្នុងព្រៃហេមពាន្តចេញមកលេងព្រៃដែរ។ លុះមកដល់បញ្ចាលនគរ កុម្ភណ្ឌបានឃើញព្រះនាងកេសរសុមន្ទាកំពុងក្រសាលឧទ្យានក៏ស្នេហា ហើយកាឡាខ្លួនជាមនុស្សចូលទៅលាយឡំជាមួយបរិពារនោះ ហើយចាប់ពហោះយកព្រះនាងទៅធ្វើជាភរិយា នៅក្នុងប្រាសាទនាព្រៃហេមពាន្ត។
     ថ្ងៃមួយកុម្ភណ្ឌលាព្រះនាងកេសរសុមន្ទាទៅគាល់ព្រះនារាយណ៍ក្រាបទូលសព្វគ្រប់រឿង
ដែលខ្លួនបានភរិយាជាទីពេញចិត្ត។ ព្រះនារាយណ៍ទ្រង់ប្រទានព្រះសភ័គ (ស្បៃ) មួយជាចំណងដៃ។ កុម្ភណ្ឌក៏យកមកថ្វាយព្រះនាងជាភរិយា។
     នៅរួមគ្នាមិនយូរប៉ុន្មាន បានព្រះរាជបុត្រី១ ព្រះនាមថា សុពណ៌ទេវី។
     សម័យមួយ កុម្ភណ្ឌទៅលេងបាស្កាភ្នាល់នឹងស្តេចនាគឯនាគពិភព ស្តេចនាគដាក់នគរជាតំណាង កុម្ភណ្ឌដាក់រាជបុត្រីជាតំណាង កុម្ភណ្ឌចាញ់នាគៗក៏យកព្រះនាងសុពណ៌ទេវីជាភរិយា។
     ឯព្រះបាទសេនាកុត្តរាជ ក្រោយដែលកុម្ភណ្ឌលួចយព្រះនាងកេសរសុមន្ទាទៅ ទ្រង់ចាត់ឲ្យរកសព្វទិសពុំឃើញសោះ ស្តេចទ្រង់ព្រះវិយោគ ទ្រង់សង្វេគ ទ្រង់លះរាជសម្បត្តិចេញបួសជាបព្វជិតនៅវត្តមួយ។
     វេលាទ្រង់ព្រះផ្នួសហើយ មានស្រុកមួយឈ្មោះនិគ្រោធគ្រាម មានដូនចាស់ម្នាក់មានបុត្រី៧នាក់។ នៅថ្ងៃសីលមួយ បុត្រីទាំង៧នាក់នោះ នាំគ្នាបេះផ្កាយកទៅថ្វាយព្រះពុទ្ធនៅវត្តដែលមានព្រះរាជាគង់។ ព្រះរាជាទតឃើញទ្រង់មានព្រះទ័យប្រតិព័ទ្ធ។ លុះនាងទាំង៧ត្រឡប់ទៅផ្ទះវិញ ព្រះរាជាទ្រង់លាចាកសិក្ខាបទ ហើយស្តេចយាងទៅកាន់ស្រុកនិគ្រោធគ្រាមនោះ សុំដណ្តឹងនាងទាំង៧នាក់អំពីតាចាស់ដូនចាស់ជាមាតាបិតា។ កាលដូនតាបានថ្វាយហើយ ទ្រង់នាំនាងទាំង៧នាក់នោះមក្នុងនគរអភិសេកជាមហេសី។
     មិនយូរប៉ុន្មាន នាងបងៗទាំង៦ប្រសូតព្រះរាជបុត្រា១ម្នាក់ៗព្រមគ្នាក្នុងមួយថ្ងៃ។
     លំដាប់ពីនោះ នាងកេសរបុប្ផា ជាព្រះស្នំឯកប្រសូតបុត្រមួយមកជាសត្វរាជសីហ៍។
     ព្រះនាងបុទមាជាប្អូនពៅ ប្រសូតបុត្រាមួយមកមានដៃម្ខាងកាន់ធ្នូសិល្បជ័យ ដៃម្ខាងកាន់ខ្យងស័ង្ខ ព្រោះហេតុនោះបានជាថ្វាយព្រះនាមថា "ស័ង្ខសីលជ័យ"។
     ព្រះរាជាទ្រង់ឲ្យហោរគន់គូរ ហោរដោយបានសំណូកពីនាងបងៗទាំង៦ក៏ទូលថា​អាភេទនេះជាឧត្បាទនាំឲ្យមានគ្រោះថ្នាក់ដល់ព្រះអង្គ ដល់បណ្តារាស្ត្រ និងដល់ព្រះនគរ។ ដោយសេចក្តីញុះញុងអំពីនាងទាំង៦ និងអំពីហោរាខ្លាំងពេក ទ្រង់ក៏ព្រះរាជបញ្ជាឲ្យនិរទេសព្រះនាងបទុមា នាងកេសរបុប្ផា និងស័ង្ខសីលជ័យព្រមទាំងរាជសីហ៍ចេញចាកព្រះនគរឲ្យទៅនៅព្រៃ។ ដោយបុណ្យបារមីស័ង្ខសីល្បជ័យជាពោធិសត្វ ព្រះឥន្ទប្រើព្រះពិស្ណុការមកនិម្មិតនគរថ្វាយជានគរ មានប្រាង្គប្រាសាទទាំងបន្ទាយព័ទ្ធជុំវិញ ព្រមទាំងសួនច្បារ ទាំងប្រដាប់ប្រដាសព្វគ្រប់សន្មតនាមថា "ពិស្ណុនគរ"។ ព្រះស័ង្ខសិល្បជ័យក៏គង់នៅជាសុខសប្បាយជាមួយព្រះមាតា។ ថ្ងៃក្រោយមកពួកបងៗទាំង៦បានដឹងព្រឹត្ថហេតុនោះ ដោយព្រានព្រៃក៏ធ្វើឧបាយយ៉ាងច្រើនយ៉ាង មាននំចំណី និងស្លាដាក់ថ្នាំពុលជាដើម ឲ្យកូនទាំង៦នាក់យកទៅថ្វាយព្រះស័ង្ខសិល្បជ័យ តែព្រះអង្គមិនសោយ។​ ថ្ងៃក្រោយមកទៀត នាងទាំង៦នាំគ្នាទូលព្រះបាទសេនាកុត្តរាជសុំរាជ្យឲ្យកូនខ្លួន។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា បើកូនចង់សោយរាជ្យ លុះតែកូនទៅរកសត្វបក្សាម្រឹគា និងមច្ឆាពីព្រៃហេមពាន្តមកឲ្យឳពុក ទើបកូនសោយរាជ្យបាន។ កុមារទាំង៦ទៅឲ្យព្រះស័ង្ខសិល្បជ័យរកឲ្យព្រះស័ង្ខសិល្បជ័យថ្លែងសរកើតជាសត្វ បក្សា ម្រឹគា និងមច្ឆាឲ្យយកទៅថ្វាយព្រះបិតាៗទ្រង់ទត ទ្រង់ស្គាល់ថាជាឫទ្ធិរបស់ព្រះស័ង្ខសិល្បជ័យ។
     ពេលដែលកុមារទាំង៦ ទូលសូមរាជ្យព្រះបិតាទ្រង់មានព្រះបន្ទូលថាលុះតែអ្នកទៅរកនាងកេសរសុមន្ទាជាព្រះមាតុច្ឆាបាន
មក ទើបយើងឲ្យអ្នកសោយរាជ្យ។ កុមារទាំង៦ក៏ប្រាប់ព្រះស័ង្ខសិល្បជ័យៗលាព្រះមាតា ជិះលើរាជសីហ៍ទៅជាមួយនឹងបងៗទាំង៦នាក់ ដោយខ្យងស័ង្ខជាអ្នកនាំមុខ ទីណាពុំមានផ្លូវ ខ្យងស័ង្ខក៏ដល់ធ្វើផ្លូវថ្វាយឲ្យស្តេចទៅដោយស្រួល។ ព្រះស័ង្ខសិល្បជ័យឲ្យបងៗទាំង៦នៅចាំត្រង់ស្ទឹង១ធំ ហើយស្តេចយាងឆ្លងស្ទឹងទៅជាមួយរាជសីហ៍ និងស័ង្ខ ស្តេចផ្សងថា បើព្រះមាតុច្ឆានៅទីណា សូមស័ង្ខនាំទៅកាន់ទីនោះ។ ក្នុងព្រះដំណើរកាត់ភ្នំកាត់ព្រៃនោះ ទោះទីមានសត្វសាហាវ យក្សកំណាច បិសាច ព្រាយមាយា យាយីយ៉ាងណាក៏ស័ង្ខ និងរាជសីហ៍បោលទង្គិចឲ្យខ្ទេចខ្ទីយកជ័យជំនះទៅបាន។
     កាលព្រះស័ង្ខសិល្បជ័យទៅជិតដល់ កុម្ភណ្ឌចេញទៅលេងព្រៃទុកព្រះនាងកេសរសុមន្ទានៅក្នុងប្រាសាទ។
     ព្រះស័ង្ខសិល្បជ័យទ្រង់ហោះទៅដល់ប្រាសាទនោះ បានជ្រាបដំណឹងដោយពួកទេវតាថា នេះហើយជាប្រាសាទកុម្ភណ្ឌ ដែលព្រះនាងកេសរសុមន្ទាគង់នៅ។ ស្តេចជ្រាបហើយក៏ទ្រង់ឈរក្បែរប្រាសាទស្រែកហៅព្រះមាតុច្ឋា។ ព្រះនាងសាកសួរព្រះរាជកុមារៗក្រាបទូលប្រវត្តិការណ៍ដោយសព្វកគ្រប់។
     ពេលនោះ ហេតុតែបុណ្យបារមីព្រះស័ង្ខសិល្បជ័យ បណ្តាលឲ្យកុម្ភណ្ឌឈឺក្បាល ដើរដួលជ្រុលជ្រកនៅក្នុងព្រៃ ខំត្រដរត្រឡប់មកកាន់ប្រាសាទវិញមកដល់ប្រាសាទហើយ កុម្ភណ្ឌកំពុងតែដេកលក់ ព្រះស័ង្ខសិល្បជ័យក៏នាំយកព្រះមាតុច្ឆា ចេញចាកប្រាសាទទៅទាំងស័ង្ខ។
     កាលព្រះស័ង្ខសិល្បជ័យនាំព្រះមាតុច្ឆាទៅដល់កណ្តាលផ្លូវ ទ្រង់ទុកព្រះនាងក្នុងកុហាកែវមួយ ហើយទ្រង់វិលទៅសម្លាប់កុម្ភណ្ឌ លុះសម្លាប់ច្រើនលើកហើយទ្រង់ក៏ត្រឡប់មករកព្រះមាតុច្ឆាវិញ។ ក្រោយមកកុម្ភណ្ឌកើតឡើងទៀត ហើយនាំពួកពលច្រើនជាអនេកមកច្បាំងទៀតជាច្រើនដង ច្រើនគ្រា។ ព្រះស័ង្ខសិល្បជ័យមានជ័យជំនះសម្លាប់កុម្ភណ្ឌ ព្រមទាំងពួកពលបាន។ វេលាកុម្ភណ្ឌស្លាប់លើកក្រោយបំផុត ព្រះស័ង្ខសិល្បជ័យឃើញព្រះមាតុច្ឆាសោកនឹងស្វាមីខ្លាំងពេកក៏ទ្រង់ថ្លែងសរកើតជាប្រាសាទកែវ
បញ្ចុះសពកុម្ភណ្ឌនៅទីនោះ ហើយសូមស្មាលាទោសកុំឲ្យមានពៀរតទៅ។
     កាលព្រះស័ង្ខសិល្បជ័យបានជ័យជំនះហើយ ទ្រង់មានបំណងនឹងនាំព្រះមាតុច្ឆាទៅ តែព្រះមាតុច្ឆាថាសូមកូនទៅយកនាងសុពណ៌ទេវីជាប្អូននៅឯពិភពនាគមកសិន។ ព្រះរាជកុមារក៏ទុកព្រះមាតុច្ឆានៅប្រាង្គប្រាសាទដែលមានដើមកុលព្រឹក្សអាចផ្តល់នូវចំណីអាហារ
គ្រប់យ៉ាងតាមប្រាថ្នា ហើយទ្រង់លាព្រះមាតុច្ឆាទៅ មុននឹងទៅទ្រង់យកស័ង្ខមកផ្សងថាបើឋាននាគជាលំនៅនាងសុពណ៌ទេវីនៅទីណា សូមឲ្យស័ង្ខនាំទៅត្រង់ទៅទីនោះ ហើយទ្រង់គង់លើស័ង្ខទៅ។ លុះស្តេចទៅដល់ពិភពនាគទ្រង់ច្បាំងដណ្តើមយកព្រះអនុជាក្សត្រីមកបានដូចព្រះបំណងហើយ ទ្រង់វិលមកនាំព្រះមាតុច្ឆា និងព្រះអនុជាក្សត្រីទៅដោយសេចក្តីលំបាក។
     លុះវិលមកជួបកុមារទាំង៦ៗនាំព្រះស័ង្ខសិល្បជ័យទៅបេះផ្លែផ្កាលើកំពួលភ្នំ ហើយល្បួងឲ្យទុករាជសីហ៍ ទុកស័ង្ខ ទុកធ្នូនៅទីនោះក៏នាំទៅ ហើយព្រួតគ្នាច្រានព្រះអង្គទម្លាក់ទៅក្នុងជ្រោះភ្នំលើកថ្មសន្ធប់ រួចមកទូលព្រះនាងសុមន្ទាថា ស័ង្ខសិល្បជ័យធ្លាក់ជ្រោះស្លាប់ទៅហើយ។
     ព្រះនាងសុមន្ទា និងព្រះនាងសុពណ៌ទេវីទ្រង់ព្រះកន្សែងសោករត់រកសព្វច្រកល្ហកពុំឃើញសោះ ហើយព្រះនាងសុមន្ទាទ្រង់យកព្រះកេសាដែលបានពីព្រះឥសូរ ព្រះនាងសុពណ៌ទេវីទ្រង់យកស្នៀតព្រះកេសាដែលបានពីកុម្ភណ្ឌមកផ្សងនឹងទេវតាថា "បើព្រះស័ង្ខសិល្បជ័យនៅរស់ សូមឲ្យមានគេយកស្បៃ និងស្នៀតសក់នេះទៅឲ្យដល់ខ្ញុំឯស្រុក បើស្លាប់ឲ្យបាត់ស្ងាត់ទៅចុះ"។
     ព្រះនាងត្រឡប់មកកាន់កន្លែងដើមវិញ ស្តេចពាលទាំង៦ចូលចាប់ព្រះហស្ថព្រះនាងទាំង២ បង្ខំនាំយកទៅ។
     ឯរាជសីហ៍វិលមកវិញពុំឃើញព្រះស័ង្ខសិល្បជ័យ ក៏ហោះរកសព្វទិសទី ហើយខាំព្រះខាន់ធ្នូ នាំស័ង្ខហោះទៅកាន់ពិស្ណុនគរ។ កាលព្រះនាងកេសរបទុមា កេសរបុប្ឆា សាកសួររាជសីហ៍ទូលតាមដំណើរសព្វគ្រប់ហើយ ព្រះនាងទាំង២ឡើងគង់លើរាជសីហ៍ទៅរកព្រះរាជបុត្រ។ វេលានោះហេតុតែបារមីព្រះរាជកុមារ ក៏ក្តៅក្រហាយទៅដល់ព្រះឥន្ទៗទ្រង់ហែកមេឃ បើកថ្មដែលស្តេចពាលសន្ធប់មាត់ជ្រោះនោះចុះទៅស្រង់យកព្រះអង្គមកស្រោចស្រពដោយទិព្វវារី ព្រះអង្គក៏ល្អលើសមុន ហើយទ្រង់នាំព្រះអង្គទៅដាក់ដល់ពិស្ណុនគរ ជួបជុំនឹងព្រះនាងទាំង២អង្គដោយសិរីសួស្តី។ និយាយពីស្តេចពាលទាំង៦ កាលដែលនាំព្រះនាងសុមន្ទា និងនាងសុពណ៌ទេវីទៅកាន់បញ្ចាលនគរនោះ មុននឹងទៅបានបង្ខំឲ្យព្រះនាងទូលព្រះបាទសេនាកត្តុរាជថាខ្លួនទាំង៦នាក់ជាអ្នកទៅច្បាំងនឹងយក្ស និងនាគនាំយកព្រះនាងមក តែលុះទៅដល់នគរ ព្រះមហាក្សត្រត្រាស់សួរព្រះនាងបែរជាទូលថាព្រះស័ង្ខសិល្បជ័យវិញ។ ឯស្តេចពាលទាំង៦ទូលថា "សួមទ្រង់កុំជឿព្រោះនាងឆ្កួតទេព្រោះរលឹកប្តី យើងខ្ញុំទេតើដែលទៅយកបាន"។ ព្រះរាជាទ្រង់ត្រាស់ថា "បើនិយាយខុសគ្នាដូច្នេះ ត្រូវឈប់ស្លេះសិន"។
     គ្រានោះ ព្រះបាទសេនាកត្តុរាជកំពុងតែធ្វើមង្គលចងដៃក្សត្រីទាំងពីរអង្គ ស្រាប់តែឃើញនាយសំពៅដែលរើសបានស្បៃ និងស្នៀតសក់នោះ យកទៅថ្វាយក្សត្រីទាំងពីរព្រះអង្គ។ ព្រះនាងទ្រង់ទតឃើញស្គាល់ជាក់ ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្គាល់ជាក់ ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្បៃ និងស្នៀតសក់វិញ"។ ព្រះរាជាទ្រង់ឲ្យព្រះនាងទាំង២អង្គគង់នៅប្រាសាទជាទីសប្បាយ។ តែទោះបីជាដូច្នោះព្រះនាងពុំបាត់សោក។ ឯស្តេចពាលទាំង៦ទូលព្រះរាជាថា "ព្រះនាងយំសោករកយក្ស និងនាគជាប្តីទៅជាឆ្កួតហើយ សូមទ្រង់រកមេមត់មកលៀងលោមបរបក់ព្រលឹងទើបជា"។ ព្រះរាជាក៏ទ្រង់ឲ្យរកមេមត់មកបញ្ជាន់ទាយជម្ងឺព្រះនាង។ កាលមេមត់ចូលទៅចងព្រះហស្ថ ព្រះនាងថា "អញគ្មានឈឺអ្វីទេ មកចងដៃអញធ្វើអ្វី"។ មេមត់ចេះតែខំចង ព្រះនាងធាក់ដួលផ្កាប់មុខ។ ព្រះរាជាទ្រង់ខ្ញាល់ទ្រង់ឲ្យសង់សំណាក់ឲ្យព្រះនាងនៅក្រៅវាំង។ ថ្ងៃមួយព្រះរាជាទ្រង់ស្តេចចេញទៅកាន់ចុងព្រះរាជរោងពួករាជសេវកាមាត្យកំពុងគាល់ត្រៀបត្រា ស្រាប់តែមានជីងចក់មួយធ្លាក់មកចំលើព្រះរូបព្រះអង្គ ទ្រង់ឲ្យហោរទាយ ហោរទាយថា "ទ្រង់នឹងបានជួបព្រះរាជបុត្រមានឫទ្ធិលើសស្តេចក្នុងជម្ពូរទ្វីប"។ ស្តេចសួរព្រះនាងសុមន្ទារកទីកន្លែងព្រះស័ង្ខសិល្បជ័យ។ លុះទ្រង់ជ្រាបសព្វគ្រប់ហើយ ទ្រង់បង្គាប់ឲ្យព្រះនាងសុមន្ទាទៅជួបនឹងព្រះរាជបុត្រមុនទើបព្រះអង្គយាងទៅក្រោយ។ លុះបានជួបជុំទាំង៥ព្រះអង្គហើយ ព្រះរាជាទ្រង់នាំស័ង្ខសិល្បជ័យព្រមទាំងព្រះនាងកេសរបទុមា កេសរបុប្ឆា ចាកពិស្ណុនគរមកគង់ឯបញ្ចាលនគរ។
     មុនពេលដែលព្រះបាទសេនាកត្តុរាជចូលទៅជួបនឹងព្រះស័ង្ខសិល្្បជ័យ ព្រះឥន្ទ្រនិម្មិតវាំងប្រាសាទឲ្យល្អលើសដើមមានជាបរិវាច្រើនលើសគណនា ស្តេចទាំង៥ព្រះអង្គទ្រង់ក្រសាហើយត្រឡប់ចូលកាន់ព្រះនគរបញ្ចាលដោយសួស្តី។
     កាលស្តេចដល់ព្រះនគរទ្រង់អភិសេកព្រះស័ង្ខសិល្បជ័យ និងព្រះនាងសុពណ៌ទេវីជាព្រះអគ្គមហេសី ព្រមទាំងព្រះនាងសុរអមច្ចណា ព្រះរាជបុត្រីនគរដទៃជាព្រះមហេសីបន្ទាប់ យ៉ាងមហោឡារឹកអស់រយៈពេល៧ថ្ងៃ៧យប់ តាមព្រះរាជប្រពៃណី។
     បន្ទាប់ពីនោះ ព្រះបាទសេនាកុត្តរាជទ្រង់ឲ្យហៅស្តេចពាលទាំង៦មកសួរដេញដោលពីរឿងដែលស្តេចទាំងនោះ
អួតថាខ្លួនទៅយកព្រះនាងសុមន្ទាពីកុម្ភណ្ឌ ព្រះនាងសុពណ៌ទេវីពីនាគ។
     ទីបំផុតព្រះស័ង្ខសិល្បជ័យសូមសម្តែងឫទ្ធិចំពោះព្រះភ័ក្ត្រព្រះរាជា។ ស្តេចពាលទាំអ៦ក៏បាក់បបខ្លបខ្លាចុះចាញ់។ ព្រះរាជាខ្ញាល់ឲ្យពេជ្ឃឃាដនាំទាំងម្តាយទាំងកូនទៅសម្លាប់ តែដោយសារតាយាយចាស់មកសុំទោស ទ្រង់ក៏អត់ទោសឲ្យគ្រាន់តែឲ្យចុះចេញប្រាសាទផ្លាស់ជាតិទៅជារាស្ត្រសាមញ្ញកំព្រាអនាថា។
     ក្រោយពីទ្រង់កំសត់កម្រច្រើនដងច្រើនគ្រាមក ព្រះស័ង្ខសិល្បជ័យទ្រង់សោយរាជ្យប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។ ព្រះនាងសុពណ៌ទេវីមានព្រះរាជបុត្រា១អង្គសន្មតព្រះនាមថា​ "វិជ័យកុមារ" ព្រះនាងសុរអមច្ចណា មានព្រះរាជបុត្រី១សន្មតនាមថា "សីលរ័តន៍ទេវី"។
     លុះអំឡុងតមក ព្រះបាទសេនាកុត្តរាជជាព្រះបិតាព្រមទាំងព្រះនាងជាព្រះមាតាទ្រង់ចូលទិវង្គតព្រះវិលាល័យទៅ ព្រះស័ង្ខសិល្បជ័យទ្រង់ចាត់ការបុជាព្រះបរមសពដោយពិធីបុណ្យដ៏ឱឡារឹកតាមរាជបវេណី។
     ចំណេរកាលមក ព្រះស័ង្ខសិល្បជ័យទ្រង់អភិសេកព្រះវិជ័យរាជកុមារ និងព្រះនាងសីលរ័តន៍ទេវីឲ្យសោយរាជ្យស្នងព្រះអង្គជាបរមសុខតទៅ។

  • ប្រធានរឿង៖ និយាយពីដំណើរជីវិតរបស់ពោធិសត្វក្នុងជាតិជាស័ង្ខសិល្បជ័យ។
  • មូលបញ្ហារឿង៖ 
    • ភាពអស្ចារ្យរបស់រាជសីហ៍ និងសង្ខសិល្បជ័យ
    • ការច្រណែនឈ្នានីសក្នុងខ្សែរាជវង្ស
      • ឧបាយកលរបស់បងស្រីទាំង៥នាក់
      • ជំនឿហោរា
      • ការចង់បានរាជសម្បត្តិរបស់បុត្រពាលទាំង៦
    • ដំណើរស្វែងរកព្រះនាងកេសរសុមន្ទារបស់ស័ង្ខសិល្បជ័យ
      • ការច្បាំងដណ្តើមព្រះនាងកេសរសុមន្ទាពីកុម្ភណ្ឌ
      • ស្តេចពាលទាំង៦ប្រើឧបាយកលទៅលើសង្ខសិល្បជ័យ
    • ការវិលចូលនគររបស់ព្រះនាងកេសរសុមន្ទា និងសុពណ៌ទេវី
    • ការអន្តរាគមន៍របស់ព្រះឥន្ទ្រាធិរាជ
    • ស័ង្ខសិល្បជ័យសម្តែងឫទ្ធិបង្ក្រាបស្តេចពាលទាំង៦
    • ការសរជាតិរបស់តួអង្គក្នុងរឿង

 ទាញយក

·   0

រឿង ខ្យងស័ង្ខ​

  • ប្រភពរឿង៖ ដកស្រង់ចេញពីសាស្ត្រាស្លឹករឹត បោះពុម្ពឡើងដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ ១៩៦១ នៃគ.ស ត្រូវនឹងព.ស ២៥០៤។
  • ប្រភេទ៖ អក្សរសិល្ប៍បុរាណ, គឺជាកម្រងសាស្ត្រាល្បែងដែលតាក់តែងជាបទកាកគតិ បទពំនោល បទព្រហ្មគីតិ និងបទភុជង្គលីលា។
  • ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម (ក្លាយ)
  • កាលកំណត់តែង៖ ១៧២៩
  • អ្នកនិពន្ធ៖ ពុំស្គាល់ឈ្មោះ (ប្រហែលជាកវីម្នាក់ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា)
រឿងសង្ខេប
     នាសម័យព្រះសម្មាសម្ពុទ្ធទ្រង់យោនយកកំណើតជាពោធិសត្វ មានស្តេចមួយអង្គព្រះនាមវិមលរាជ សោយរាជ្យនៅសោឡសមហានគរ មានមហេសីពីរអង្គ។ មហេសីទីមួយព្រះនាមចន្ទទេវី មហេសីទីពីរព្រះនាមឆន្ទា។ ព្រះបាទវិមលរាជទ្រង់សព្វព្រះរាជហឫទ័យព្រះមហេសីទាំងពីរក្រៃលែង។ ថ្ងៃមួយដោយទ្រង់ឈ្វេងយល់ថា ព្រះអង្គនៅពុំទាន់មានបុត្រសម្រាប់ស្នងរាជ្យនៅឡើយ ព្រះបាទយសវិមលរាជទ្រង់ក៏បញ្ជាគេឲ្យទៅយាងមហេសីទាំងពីររបស់ព្រះអង្គថា បើចំណោមមហេសីទាំងពីរអាចមានបុត្រានោះព្រះអង្គនឹងតែងតាំងជាព្រះអគ្គមហេសី។ ក្រោយពីនេះមក មហេសីទាំងពីររបស់ព្រះអង្គក៏យាងទៅរៀបចំពិធីសុំបុត្រ។ ព្រះនាងចន្ទទេវី ក៏បានតាំងពិធីបួងសួងសុំបុត្រដោយការរក្សាសីលភាវនាយ៉ាងខ្ជាប់ខ្ជួន ដែលនៅពេលនោះមានអំណាចនៃផល្លានិសង្ឃរបស់ព្រះនាង បានធ្វើឲ្យក្តៅក្រហាយទៅដល់ឋានព្រះឥន្ទ្រៗក៏សុំយាងព្រះពោធិសត្វយោនយកកំណើតក្នុងផ្ទៃ​ព្រះនាងច័ន្ទទេវី។ ចំណែកឯព្រះនាងឆន្ទាទ្រង់មិនបានតាំងសីលដូចព្រះនាងចន្ទទេវីទេ គឺនាងទៅធ្វើការបូជាដើមព្រះជ្រៃដើម្បីអធិដ្ឋានប្រាថ្នាសុំបុត្រ នៅពេលនោះដែរទេពធីតារក្សាដើមជ្រៃបានមកចាប់បដិសន្ធិនៅក្នុងផ្ទៃព្រះនាងឆន្ទា។ ក្រោយពេលពិធីសុំបុត្រចប់ ព្រះមហេសីទាំងពីរតែងតែនាំគ្នាចូលគាល់ព្រះមហាក្សត្រជាប្រក្រតី។ ថ្ងៃមួយព្រះបាទយសវិមលរាជ្យទ្រង់យល់ថា ទឹកមុខរបស់មហេសីទាំងពីររបស់ព្រះអង្គមានទឹកមុខ​ខុសប្លែកពីសព្វមួយដង ព្រះអង្គក៏ទ្រង់សួរទៅមហេសីចន្ទទេវីអំពីការរៀបចំពិធីសុំបុត្រ។ នៅពេល​នោះព្រះនាងចន្ទទេវីបានមានព្រះបន្ទូលថា ព្រះនាងយល់សុបិន្តឃើញរាហ៊ូពាំព្រះចន្ទ្រមកថ្វាយ​ដល់ព្រះនាង ព្រះនាងក៏បានទទួលយកព្រះចន្ទ្រដោយក្តីត្រេកអរមហិមា តែរំពេចនោះព្រះចន្ទ្រ​ដែលមានពន្លឺភ្លឺត្រចះត្រចង់ប្រែក្លាយទៅជាពណ៌ខ្មៅងងឹតសូន្យសុង ពេលនោះព្រះចន្ទ្រក៏បាន​ព្រាត់ចេញពីដៃរបស់ព្រះនាង។ ព្រះនាងក៏ដូលសន្លប់ដល់ក្ស័យជន្មា។ ក្រោយមករាហ៊ូក៏បាននាំ​យកព្រះចន្ទ្រយកមកឲ្យនាងវិញ ហើយព្រះនាងក៏មានព្រះជន្មឡើងវិញ។ ដោយក្តីអាណិតចំពោះ​មហេសី ព្រះបាទយសវិមលរាជក៏បានបញ្ជាឲ្យហោរាទស្សន៍ទាយអំពីការយល់សប្តិរបស់ព្រះនាង។ ហោរាបាននិយាយថា ព្រះនាងចន្ទទេវីគឺមានរាជបុត្រាដែលជាទេវតាបានមកចាប់បដិសន្ធិក្នុងផ្ទៃ​ព្រះនាង ហើយនៅពេលអនាគតព្រះរាជបុត្រអង្គនេះនឹងឡើងសោយរាជ្យជំនួសព្រះអង្គ។ ក្រោយ​ពីលឺទំនាយបែបនេះ ជាហេតុបណ្តាលឲ្យព្រះនាងឆន្ទាផ្ទំពុំលក់ពេញមួយរាត្រី ព្រោះព្រះនាងគិត​ថាកូនខ្លួនអាចជាកូនស្រី ក្រែងគ្មានបានវាសនាអាចស្នងរាជ្យដូចបុត្រព្រះនាងចន្ទទេវី។ ដោយគិត​សព្វគ្រប់ទៅព្រះនាងក៏បានឲ្យគេចេញទៅរកគ្រូស្នេហ៍ម្នាក់ឈ្មោះយាយស្មេធា ព្រះនាងឆន្ទាក៏បាន​ឲ្យយាយស្មេធាធ្វើស្នេហ៍ដាក់ព្រះបាទយសវិមលរាជ ក្រោយពីត្រូវស្នេហ៍របស់ព្រះនាងឆន្ទា ព្រះអង្គក៏បានបណ្តេញព្រះនាងចន្ទទេវីតាមរយៈការញុះញង់របស់ព្រះនាងឆន្ទាទោះបីជាព្រះអង្គ​ដឹងថាព្រះនាងចន្ទទេវីមានផ្ទៃពោះក៏ដោយ។ ក្រោយពីព្រះស្វាមីបានបណ្តេញចេញពីព្រះនគរ ព្រះនាងក៏ធ្វើដំណើរដោយគ្មានមាសប្រាក់សូម្បីតែបន្តិច ព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅ​លើខ្លួនរបស់ព្រះនាង ត្រូវនាងឆន្ទារឹបអូសគ្មានសល់។ នៅពេលដែលព្រះនាងកំពុងតែធ្វើដំណើរ​ទៅដល់ព្រៃជ្រៅ ព្រះនាងបានជួបនឹងដូនចាស់ម្នាក់ ព្រះនាងក៏បានសុំដូនចាស់នោះស្នាក់នៅជា​មួយ ហើយព្រះនាងតែងតែប្រកបរបរកាប់ឧសលក់។ ដោយយល់ឃើញថា រៀងរាល់ថ្ងៃព្រះមាតាតែងតែប្រកបការងារដោយលំបាក ព្រះអង្គក៏តាំងអធិដ្ឋានថា ប្រសិនបើព្រះ​អង្គជាតួអង្គពោធិសត្វ សូមឲ្យនៅពេលដែលព្រះអង្គប្រសូតមកឲ្យមានខ្យងស្រោបមកជាមួយ។ លុះដល់ខែកំណត់នៃការប្រសូត ព្រះនាងទ្រង់ប្រសូតនូវព្រះរាជបុត្រមួយព្រះអង្គដែលរុំស្រោប​ដោយសម្បកខ្យង ដែលមានពន្លឺភ្លឺរលោង ព្រះនាងបានយកខ្យងនោះមកឱបថើប។ ដំណើរជីវិត​របស់ព្រះនាង និងបុត្របានប្រព្រឹត្តទៅរយៈពេលបីឆ្នាំ។ ថ្ងៃមួយព្រះនាងបានទៅកាប់ឧសនៅក្នុង​ព្រៃដូចសព្វដង តែថ្ងៃនោះព្រះនាងបានទុកដាក់អង្ករប្រហែស។ ខ្យងស័ង្ខដោយឃើញពីទុក្ខវេទនា​របស់មាតាចំពោះការខិតខំរកស៊ីទ្រង់ក៏ចេញពីស្រោមចុះមកដេញមាន់នឹងរៀបចំផ្ទះ។ ចំណែកឯ​ព្រះនាងចន្ទទេវី ក្រោយពេលទៅដល់ព្រៃកាប់ឧសមួយសន្ទុះព្រះនាងក៏នឹកឃើញថាថ្ងៃនេះពេល​ចេញមកព្រះនាងមិនបានទុកដាក់របស់របរបានល្អ។ ព្រះនាងទ្រង់យាងត្រឡប់មកកាន់ខ្ទមរបស់​ខ្លួន។ ព្រះនាងទ្រង់មើលពីចម្ងាយឃើញហាក់បីដូចជាមានមនុស្សនៅក្នុងខ្ទម។ ពេលមកដល់ទ្រង់​មិនឃើញ ព្រះនាងក៏សញ្ជឹងគិតថានៅក្នុងខ្ទមនេះមានតែទ្រង់និងបុត្រ វាមិនអាចមានមនុស្សណា​ផ្សេងឡើយ។ នៅថ្ងៃស្អែកឡើងព្រះនាងក៏យាងធ្វើជាទៅកាប់ឧសដូចរាល់សព្វមួយដង ប៉ុន្តែព្រះ​នាងធ្វើជាភ្លេចគ្របទុកដាក់អង្ករឲ្យបានជិត។ ខ្យងស័ង្ខដោយគិតថាមាតាភ្លេច ហើយដោយក្តី​អាណិត ក៏បានចេញពីស្រោមមករៀបចំដូចលើកមុន។ ព្រះនាងចន្ទទេវីដែលពួននៅក្រោយខ្ទមក៏​ស្ទុះចេញមកឱបក្រសោបបុត្រលួងលោមគ្រប់បែបយ៉ាងមិនឲ្យខ្យងស័ង្ខចូលក្នុងស្រោមវិញ។ ព្រះ​នាងចន្ទទេវីបានយកសំបកខ្យងទៅវាយបំបែក ព្រោះព្រះនាងភ័យខ្លាចខ្យងស័ង្ខចូលក្នុងស្រោម​វិញ។ ចាប់តាំងពីថ្ងៃនោះមកប្រជាជនតែងនាំរបស់របរមកជូនព្រះនាងមិនដែលខាន។ ដំណឹង​នេះ​បានលឺទៅដល់ព្រះនាងឆន្ទាដែលមានបុត្រី ដោយសេចក្តីភ័យខ្លាចការវិលត្រឡប់របស់ខ្យងស័ង្ខ និងចន្ទទេវីមកសោយរាជ្យសម្បត្តិ ព្រះនាងឆន្ទាបានប្រើឧបាយកលដោយប្រាប់ព្រះបាទយស​វិមលរាជថាព្រះនាងចន្ទទេវី ជាស្រី្តដែលភិតក្បត់មានសាហាយ ហើយបង្កើតបានកូនប្រុសម្នាក់ ដែលកូនប្រុសនេះជាសាហាយរបស់ព្រះនាងចន្ទទេវី។
     ក្រោយពីលឺដំណឹងនេះព្រះបាទយសវិមលរាជទ្រង់ បានបញ្ជាឲ្យគេទៅចាប់ខ្យងស័ង្ខយកមក​សម្លាប់។ ពេជ្ឃឃាដចាប់ខ្យងស័ង្ខបាន គេចងដៃចងជើងខ្យងស័ង្ខដូចជាអ្នកទោស។ បន្ទាប់មក​ពេជ្ឃឃាដយកដាវមកកាប់ករបស់ខ្យងស័ង្ខ ប៉ុន្តែដោយអំណាចអានិសង្ស អាវុធនោះបានប្រែក្លាយ​ទៅជាពុកផុយ បាក់ខ្ទេចខ្ទីអស់។ ពេជ្ឃឃាដក៏យកលំពែងមកចាក់រាជកុមារ លំពែងនោះទៀត​សោតក៏ក្លាយជាផ្កាទៅវិញ។ ព្រះវិមលរាជ ក៏ប្រើពេជ្ឃឃាដយករាជកុមារចងដៃចងជើងបោះ​ទំលាក់ចូលទឹក។ ព្រះនាងចន្ទទេវីឃើញបុត្របណ្តូលចិត្តរបស់ទ្រង់ត្រូវបិតាប្រើពេជ្ឃឃាដ​សម្លាប់​ដូចនោះ ទ្រង់ទួញយំឥតស្រាកស្រាន្ត។ គួរឲ្យអនិច្ចាណាស់ ព្រះពោធិសត្វកាលត្រូវពេជ្ឃឃាដចង​ទម្លាក់ចូលទឹកមិនស្លាប់ទៀត ព្រះវិមលរាជក៏ប្រើពេជ្ឃឃាដចងរាជកុមារ នឹងដុំថ្មធំៗទម្លាក់ចូលទឹក​ជម្រៅ ២០០០ព្យាមទៀត។ ពេលរាជកុមារធ្លាក់ចូលទឹក ធ្វើឲ្យក្តៅក្រហាយដល់ឋានបាតាល ស្តេច​នាគក៏និម្មិតផ្កាឈូកក៏ធំទ្រទទួលព្រះរាជកុមារខ្យងស័ង្ខ រួចនាំយកទៅឋានបាតាលធ្វើជាបុត្រធម៌ ហើយស្តេចនាគទ្រង់សព្វព្រះទ័យខ្លាំងណាស់។ តែខ្យងស័ង្ខមិនអាចគង់នៅជាមួយបានឡើយ ស្តេចនាគក៏និម្មិតសំពៅមាសមួយរចនាដោយគ្រឿងលម្អ មានប្រដាប់ប្រដាប្រើប្រាស់សព្វបែប​យ៉ាង ដាក់រាជកុមារសំដៅនគរយក្ស ដើម្បីឲ្យនាងពន្ធរសចិញ្ចឹម។ សំពៅនោះអណ្តែតបានមួយខែ​កន្លះមកទើនឹងកន្លែងឥសី។ ខ្យងស័ង្ខក៏បានរៀបរាប់ពីដំណើរដើមទងប្រាប់តាបសៗក៏បានជូនពរ​សព្វសាធុការដល់ខ្យងស័ង្ខ និងបានយកឈើច្រត់រុញសំពៅមានល្បឿនលឿនពេកក្រៃដល់នគរ​តាលវ័ន។ ពួកយក្សប្រុងចាប់រាជកុមារស៊ីជាចំណី ប៉ុន្តែយក្សទាំងនោះលិចទឹកក្ស័យជន្មអស់ ១៩០០០នាក់។ ដំណឹងនេះបានលឺដល់នាងពន្ធរស នាងក៏ឲ្យគេយកដំរីកាឡាហត្ថីទៅទទួលរាជ​កុមារ។ នាងពន្ធរសសព្វព្រះទ័យនឹងខ្យងស័ង្ខណាស់។ ជំងឺមិនឃ្លានអាហាររបស់យក្សពន្ធរសក៏​ស្រាប់តែជាសះស្បើយឡើងវិញ ព្រះនាងត្រេកអរណាស់ រឹតតែស្រឡាញ់រាជកុមារខ្លាំងឡើង។​ មុនពេលទៅរកចំណី នាងតែងផ្តាំបុត្រថាកុំឲ្យទៅលេងស្រះបោក្ខរណី រាជកុមារក៏លបលួចទៅ​លេង ឃើញមានស្រះមាស ស្រះប្រាក់។ ថ្ងៃក្រោយមកទៀតនាងបានផ្តាំទៅខ្យងស័ង្ខថាមិនឲ្យទៅ​លេងនៅប្រាសាទខាងលើ ព្រោះមានខ្មោចងោះ ដែលជាខ្មោចកាចសាហាវខ្លាំងណាស់ ប៉ុន្តែលើក​នេះក្រោយពីម្តាយខ្លួនចាកចេញទៅខ្យងស័ង្ខក៏បានឡើងទៅលើប្រាសាទ រួចឃើញស្រោមងោះ និងឈើច្រត់។ ខ្យងស័ង្ខក៏ពាក់ស្រោមងោះ ព្រមទាំងជិះឈើច្រត់ហោះលេងលើអាកាស។ ការរស់​នៅរបស់ខ្យងស័ង្ខប្រព្រឹត្តទៅអស់រយៈពេល១០ឆ្នាំ ដោយការរស់នៅឆ្ងាយពីម្តាយ ដោយនឹករលឹក​ដល់ព្រះមាតាចន្ទទេវី ខ្យងស័ង្ខក៏សម្រេចចិត្តចាកចេញពីម្តាយធម៌។ តែមុនពេលចាកចេញខ្យង​ស័ង្ខក៏បានចុះទៅស្រង់ទឹកនៅក្នុងស្រះបោក្ខរណី ជាតិជាមាសបន្ទាប់មកពាក់ស្រោមងោះ ហើយ​យកស្បែកជើងកែងពាក់ និងឡើងគង់លើឈើច្រត់ ហើយចេញពីនគរយក្សទៅ។
     យក្សពន្ធរសបានយាងមកពីប្រពាតព្រៃវិញមិនបានឃើញខ្យងស័ង្ខមកទទួលខ្លួនដូចសព្វដង ក៏គិតថាប្រហែលជាខ្យងស័ង្ខរត់ចោលខ្លួនក៏ហោះចេញតាមរក។ ពេលទៅតាមទាន់ក៏បបួលលួង​លោមឲ្យខ្យងស័ង្ខវិលត្រឡប់មកនគរវិញ ប៉ុន្តែខ្យងស័ង្ខមិនព្រម គឺគេប្តេជ្ញាថាទៅតាមរកមាតា​ចន្ទទេវី។ ដោយអស់មធ្យោបាយក្នុងការឃាត់ខ្យងស័ង្ខ ព្រះនាងក៏បានប្រាប់ពីវិធីប្រើប្រាស់វត្ថុអាថ៌​កំបាំងសក្តិសិទ្ធិទាំងបីដល់ខ្យងស័ង្ខ ហើយព្រះនាងបានបា្រប់ពីមន្តវិជ្ជាការហោះមហាចិន្តានូវ​សិល្ប៍សាស្ត្រដែលអាចហៅត្រី សត្វនានា និងសម្បត្តិកែវកងផ្សេងៗបាន បន្ទាប់មកព្រះនាងក៏ដាច់​ខ្យល់ស្លាប់បាត់ទៅ។​ រាជកុមារក៏ប្រើខុនមារពលសេនាយក្សឲ្យលើកសពព្រះមាតាដាក់មឈូស​មាស ធ្វើបុណ្យតាមប្រពៃណី បូជាព្រះភ្លើង រួចរើសព្រះធាតុដាក់ក្នុងកោដិមាសតាំងក្នុងព្រះចេតិយ ហើយក៏ក្រាបបង្គមលាបីដង។ ទ្រង់ក៏ឈរលើឈើច្រត់ ពាក់ស្រោមងោះហោះទៅលើអាកាស​ចេញពីនគរយក្សបាន៧ថ្ងៃដល់សាមលមហានគរ។

 ទាញយក

 
·   0

រឿង រាមកេរ្តិ៍

  • ប្រភព៖ ឯកសារដែលយកមកសិក្សាគឺរៀបរៀងឡើងដោយអ្នកអង្គ​ម្ចាស់ វឌ្ឍឆាយាវង្ស ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ នៃក្រ​សួងធម្មការ បោះពុម្ពលើកទី១នៅព.ស២៤៨០ (គ.ស ១៩៣៧)។ រឿងនេះមានចំនួន៨០ខ្សែ តែចំនួនដែលរកឃើញមានតែ១៦ខ្សែទេ គឺខ្សែទី១ ដល់ខ្សែទី១០ និងខ្សែទី៧៥ ដល់ខ្សែទី៨០។ ឯ៦៤ខ្សែទៀតរកមិនឃើញឡើយ។
  • ប្រភេទ៖ នាដ្យកថា ប្រកបទៅដោយវីរៈលក្ខណៈ
  • ចលនា៖ ព្រាហ្មណ៍និយម
  • ឥទ្ធិពល៖ ទទួលឥទ្ធិពលពីព្រាហ្មណ៍សាសនា និងពុទ្ធសាសនា
  • កាលកំណត់តែង៖ មានទស្សនៈ៣បានលើកឡើងខុសៗគ្នា (លោកញ៉ុក ថែម៖ ខ្សែទី១ ដល់ខ្សែទី១០ តាក់តែងក្នុងស.វទី១៧.១៨ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ដល់ព្រះអង្គអេង។ ខ្សែទី៧៥ ដល់ខ្សែទី៨០ តាក់តែងនៅស.វ ១៨.១៩ ក្នុងរជ្ជកាលព្រះអង្គអេង ដល់ព្រះអង្គឌួង។) (អ្នកស្រីពៅ សាវរស៖ ខ្សែទី១ ដល់ខ្សែទី១០ សរសេរក្នុងរវាងស.វទី១៦ និង១៧។ ខ្សែទី៧៥ ដល់ខ្សែទី៨០ សរសេរក្នុងរវាងស.វទី១៧ និង១៨។) (មតិមួយទៀតថារឿងរាមកេរ្តិ៍ប្រហែលជាតាក់តែងឡើងក្នុងអំឡុងស.វទី១១ និង១២ ដោយផ្អែកលើចម្លាក់រឿងរាមកេរ្តិ៍នៅតាមប្រាសាទនានា។)
  • អ្នកនិពន្ធ៖ ពុំអាចរកឃើញឈ្មោះអ្នកនិពន្ធ តែគេសន្និដ្ឋានថាមានអ្នកនិពន្ធ២នាក់ដែលជាអ្នក​ប្រាជ្ញខ្មែរដែលចេះភាសាសំស្រ្កឹតយ៉ាងច្បាស់លាស់ និងមានទំនោរទៅរកពុទ្ធសាសនា។ (ពីខ្សែទី១ ដល់ទី១០ មានអ្នកនិពន្ធម្នាក់, ពីខ្សែទី៧៥ ដល់ទី៨០ មានអ្នកនិពន្ធម្នាក់ទៀត។)
រឿងសង្ខេប
         នៅនគរព្ធយុធ្យា ព្រះបាទទសរថជាមហាក្សត្រមានមហេសីបីអង្គគឺ នាងកោសកល្យាណ (ម្តាយរបស់ព្រះរាម) នាងសមុទ្រ (ម្តាយរបស់ព្រះលក្ស្មណ៍ និងព្រះសុត្រុត) នាងកៃកេសី (ម្តាយរបស់ព្រះភិរុត)។
         ឥសីពិស្វាមិត្របានរៀបចំហោមពិធីជាកិត្តិយសដល់ព្រះរាម និងព្រះលក្ស្មណ៍ដែលបានរៀន​ចប់គម្ពីរវេទ។ មានយក្សមួយឈ្មោះកាកនាសូរបានមកបំផ្លាញពិធី។ ឥសីពិស្វាមិត្របានជបធ្នូសរ​ឲ្យព្រះរាមយកទៅប្រហារយក្សនោះទៅ។
         នៅនគរមិថិលា ព្រះបាទជនកបានធ្វើពិធីច្រតព្រះនង្គ័លនៅទៀបស្ទឹងយមុនា។ ពេលនោះ​ទ្រង់រើសបាននាងសីតាដែលបណ្តែតពោងពាយទុកជាបុត្រី។ លុះនាងសីតាចម្រើនវ័យឡើង ព្រះ​មុនីបានជបធ្នូសរហើយព្រះចៅមិថិលាបានប្រកាសអធិដ្ឋានថា បើនរណាលើកធ្នូសរនេះរួចនឹង​អភិសេកនាងឲ្យ។ ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះអាទិត្យ ព្រះចន្ទ។ល។ បានមកសាកល្បងលើក តែពុំ​មាននរណាលើករួចឡើយ។ ឥសីពិស្វាមិត្របាននាំព្រះរាម និងព្រះលក្ស្មណ៍ទៅដល់សុំអនុញ្ញាត​ព្រះចៅមិថិលាឲ្យលើកធ្នូសរ។ ព្រះរាមបានលើកដោយងាយ។ ព្រះចៅមិថិលាបញ្ជូនរាជទូតទៅ​យាងព្រះបាទទសរថ បិតាព្រះរាមមកចូលរួមក្នុងពិធីអភិសេកព្រះរាម និងនាងសីតា។ រួចហើយ​ព្រះបាទទសរថ ព្រះរាម ព្រះលក្ស្មណ៍ នាងសីតាត្រឡប់មកក្រុងព្ធយុធ្យាវិញ។ នៅកណ្តាលផ្លូវ​រាមបរមសូរគ្រូសិល្ប៍ (កូនមហាឫសីយាតិក) បានសំឡុតគំរាមកំហែងព្រះបាទទសរថថាលួច​ឈ្មោះខ្លួនដាក់ឲ្យព្រះរាម ប៉ុន្តែត្រូវព្រះរាមផ្ចាញ់បាក់បបខ្លបខ្លាច។
         ព្រះបាទទសរថមានបំណងឲ្យព្រះរាមសោយរាជ្យស្នង។ នាងកៃកេសីមហេសីចុងទូលជំ​ទាស់ដោយសំអាងថាពេលនាងជួយព្រះបាទទសរថច្បាំងឈ្នះព្រះអាទិត្យ ព្រះអង្គសន្យាថានឹង​លើករាជ្យឲ្យព្រះភិរុត។ ព្រះបាទទសរថមានបំណងចង់បែងចែកនគរជាពីរ នាងកៃកេសីពុំព្រម​ សុំ​បំបរបង់ព្រះរាម ព្រះលក្ស្មណ៍ឲ្យទៅបួសជាតាបសចំនួន១៤ឆ្នាំក្នុងព្រៃ។ លុះផុតកំណត់ទើបអាច​មកសោយរាជ្យវិញ។
         ព្រះរាម ព្រះលក្ស្មណ៍ នាងសីតាចាកចេញពីនគរ។ តាមផ្លូវជួបនឹងមហាឫសី និងកូខ័នស្តេច​ថ្មើរព្រៃដែលបានរំព្ញកអំពីរាជសម្បត្តិ និងជួយរំលែកទុក្ខព្រួយព្រះអង្គ។
         ដំណើរព្រះរាមចេញចាកព្ធយុធ្យារហូតដល់ភ្នំចិត្រកូដ។ ព្រះរាម ព្រះលក្ស្មណ៍ នាងសីតា​យាងកាត់ព្រៃព្រឹក្សាស្វិតស្រពោនជ្រុះស្លឹក ស្រាប់តែកើតហេតុអស្ចារ្យបណ្តាលឲ្យទីស្ថានប្រែទៅ​គួរជាទីរីករាយ។ ព្រះអង្គបានជួបនឹងឥសីពាទ្វាទ្យ ដែលទទួលរាក់ទាក់យ៉ាងកក់ក្តៅហើយចង្អុល​បង្ហាញផ្លូវទៅកាន់ភ្នំចិត្រកូដ។
         នៅជើងភ្នំនោះបរិយាកាសក៏ប្រែប្រួលដែរ ដូចជាសត្វសាហាវប្រែជាស្លូត កូនខ្លារត់ទៅបៅមេ​ប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ។ ក្រោយមកព្រះរាមបួសជាតាបសនៅភ្នំចិត្រកូដ។
         នៅនគរព្ធយុធ្យា ព្រះបាទទសរថទ្រង់សោយទិវង្គត។ នាងកៃកេសីបានសរសេរសំបុត្រទៅឲ្យ ព្រះភិរុតមកគ្រងរាជសម្បត្តិ ដោយបញ្ឆោតថាឲ្យមកជាអធិបតីក្នុងពិធីរាជាភិសេកព្រះរាម។ ព្រះភិ​រុត និងព្រះសុត្រុតលឺសូរដំណឹងនេះត្រេកអរខ្លាំងណាស់ ហើយក៏យាងមកកាន់នគរភ្លាម។ លុះមក​ដល់នគរបានដឹងថាចាញ់កលម្តាយហើយព្រះបិតាខ្លួនទ្រង់សុគតទៅហើយ ព្រះភិរុតខឹងនឹងព្រះមា​តាយ៉ាងខ្លាំង ប៉ុន្តែបាននាងកោសកល្យាណជួយនិយាយលួងលោមព្រះភិរុតក៏ដាច់ចិត្តធ្វើដំណើរ ទៅតាមព្រះរាមឲ្យមកសោយរាជ្យវិញ។ ព្រះរាមមិនទទួលពាក្យអង្វរករនេះទេ ព្រោះទ្រង់គោរព​ពាក្យសច្ចៈ ហើយក៏ប្រគល់សុពណ៌បាទតំណាងរាជសម្បត្តិឲ្យទៅព្រះភិរុត។ នៅពេលព្រះភិរុតធ្វើ​ដំណើរមកវិញ ក្សត្រទាំងបីអង្គក៏ចាកចេញពីភ្នំចិត្រកូដដែរ ដោយធ្វើដំណើរទៅកាន់ព្រៃភ្នំទណ្ត​កាណ្យ ហើយបានជួបនឹងយក្សមួយឈ្មោះពិរាធ។
         ពិរាធបានចូលឆក់នាងសីតា។ ព្រះលក្ស្មណ៍ធានាខ្លួនចេញយកនាងសីតាវិញ ប៉ុន្តែចាញ់យក្ស ព្រះរាមក៏ថ្លែងសរសម្លាប់យក្សក្នុងពេលនោះទៅ។ អន់ចិត្តនឹងឫទ្ធានុភាពរបស់ខ្លួន ព្រះលក្ស្មណ៍ក៏​សុំលាព្រះរាមទៅតាំងសីលដើម្បីរំលឹកមន្តអាគមឡើងវិញ។ ខណៈនោះប្អូនស្រីក្រុងរាពណ៍ ឈ្មោះ​នាងសូរបនខាក៏កាឡាខ្លួនជាស្រីទេពអប្សរមកចែចង់ព្រះរាម ប៉ុន្តែព្រះរាមប្រកែកដោយសុំឲ្យនាង​ទៅលួងលោមព្រះលក្ស្មណ៍ជាប្អូនចុះ។ ព្រះលក្ស្មណ៍ដាច់សីលខ្ញាល់នឹងនាងសូរបនខាមករុកគួនក៏​ចាប់ផ្តួលកោរសក់កាត់ដៃស្រែកបណ្តេញចេញទៅ។ នាងសូរបនខាឈឺចាប់យ៉ាងខ្លាំង ក៏ប្រែរូបជា​យក្ខិណីបានស្រែកកងរំពងព្រៃ ជាហេតុធ្វើឲ្យលឺដល់ក្រុងខរជាបង។ ក្រុងខរក៏បញ្ជូនមេទ័ពមួយ​ឈ្មោះខុនទសណ៍មកនាំនាងសូរបនខាចូលនគរ ហើយខ្លួនលើកទ័ពមកសងសឹកព្រះរាម។ ក្រុង​ខរបានបញ្ជាឲ្យខុនទសណ៍ចូលច្បាំងមុនគេ បន្ទាប់មកត្រីមុខ ហើយក្រោយបំផុតក្រុងខរខ្លួនឯង។ ប៉ុន្តែយក្សទាំងអស់ត្រូវស្លាប់ដោយសរព្រះរាម។ លុះឃើញបងស្លាប់អស់ហើយ នាងសូរបនខាក៏​យកដំណឹងនេះទៅប្រាប់ក្រុងរាពណ៌ជាបងសោយរាជ្យនៅនគរលង្កា។ នាងថែមទាំងអួតសរសើរ​ពីសម្រស់ល្អឯករបស់នាងសីតា ហើយបានជំរុញឲ្យបងប្រុសរបស់ខ្លួនទៅយកនាងសីតាមកធ្វើជា​មហេសី។
         ក្រុងរាពណ៍បានពិភាក្សាជាមួយប្អូនៗរួចក៏បញ្ជាទាំងបង្ខំឲ្យសេនាម្នាក់ឈ្មោះមហារីក កាឡាខ្លួនជាប្រើសមាសទៅបញ្ឆោតព្រះរាម។ នាងសីតាឃើញប្រើសមាសក៏បង្ខំព្រះរាមបាញ់​ប្រើសមាសនោះ ដើម្បីយកស្បែកធ្វើជាកម្រាលនៅពេលវិលទៅសោយរាជ្យ។ ប្រើសមាសមុននឹង​ស្លាប់បានស្រែកជាសំឡេងព្រះរាមឲ្យព្រះលក្ស្មណ៍ទៅជួយ។ ព្រះលក្ស្មណ៍ដឹងថាជាល្បិចកល​យក្សដែរ ប៉ុន្តែដោយការបង្ខំរបស់នាងសីតា ក៏សុខចិត្តធ្វើដំណើរទៅតាមព្រះរាម។ ពេលនោះក្រុង​រាពណ៍កាឡាខ្លួនធ្វើជាឥសីដើរតម្រង់មករកនាងសីតា។
         ពេលឃើញឥសីនាងសីតាក៏ចេញមកធ្វើនមស្ការ។​ ឥសីក៏ប្រើរូបជាក្រុងរាពណ៍ឆក់នាងសីតា។ នៅតាមផ្លូវ ក្រុងរាពណ៍បានជួបនឹងជតាយុ។ ការប្រយុទ្ធគ្នាកើតឡើង ប៉ុន្តែអ្នកទាំងពីរមានកម្លាំងស្មើគ្នា ក្រុងរាពណ៍បានលួចដោះយកព្រះ​ទម្រង់​នាងសីតាចោលត្រូវជតាយុបាក់ស្លាបធ្លាក់ដល់ដី។ បន្ទាប់មកនាងសីតាបានផ្តាំផ្ញើនឹងសត្វ​កុក ឲ្យយកដំណឹងនេះទៅទូលព្រះរាមផង។ ក្រុងរាពណ៍បានយកនាងសីតាទៅទុកក្នុងសួន អសោក។



·   0

រឿង ចៅស្រទបចេក


  • ប្រភពរឿង៖ គម្ពីរសាស្រ្តាស្លឹករឹតជាពាក្យកាព្យដែលមាននៅក្នុងបណ្ណាល័យ "ទេវង្សកុមារ"។ រឿងចៅស្រទបចេកដែលយើងយកមកសិក្សានេះជាស្នាដៃរបស់ យស ងិន បោះពុម្ពផ្សាយ​ដោយពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី៣ ព.ស ២៥១០ គ.ស ១៩៦៧។
  • ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ, ប្រភេទសាស្រ្តល្បែង
  • ចលនា៖ ពុទ្ធនិយម
  • អ្នកនិពន្ធ៖ យស ងិន
  • ឥទ្ធិពល៖ ពុទ្ធសាសនា
  • កាលកំណត់តែង៖ ថ្ងៃអង្គារ ទី១១កើត ខែផល្គុន ឆ្នាំជូត ព.ស២៤៣២ ត្រូវនឹងគ.ស ១៨៨៩
សង្ខេបរឿង៖
         រឿងនេះមានលក្ខណៈជាធម្មទេសនាហើយបានលើកឡើងតាំងពីសម័យពុទ្ធអង្គគង់នៅវត្ត​ជេតុពន នៅស្រុកនិគមគ្រាម នានគរហង្សាវត្ថី មានមហាក្សត្រមួយអង្គព្រះនាមមធុររាជា។ នៅ​ស្រុកនោះមានសេដ្ឋីម្នាក់ ឈ្មោះធនសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនរហូតដល់ ៨០កោដិឃ្លាំង។ នៅស្រុកមួយទៀតក្នុងនគរដដែល គឺស្រុកបច្ចន្តគ្រាមមានសេដ្ឋីម្នាក់ទៀតឈ្មោះថា ភោគ​ សេដ្ឋី គឺ​ជាអ្នកមានស្តុកស្តម្ភដូចគ្នា តែអភ័ព្វត្រង់គ្មានកូនស្នងត្រកូល។ ក្រោយមកលឺដំណឹងថានៅវត្តព្រះ​ធាតុសក្តិសិទ្ធិ អ្នកគ្មានកូនចៅទៅបន់ស្រន់បានដូចចិត្ត។ សេដ្ឋីទាំងពីរបានទៅដល់ទីនោះដំណាល​គ្នាដើម្បីបន់ស្រន់សុំបុត្រហើយក៏បានសុំគ្នាធ្វើជាក្លើម្រាក់ដោយសន្យាថា បើម្នាក់មានកូនប្រុស​ ម្នាក់ទៀតមានកូនស្រីនឹងធ្វើជាដន្លងនឹងគ្នា តែបើប្រុស ឬស្រីដូចគ្នានឹងធ្វើជាក្លើម្រាក់នឹងគ្នា។ ក្រោយមកធនសេដ្ឋីមានកូនប្រុសមួយដែលជាតួអង្គពោធិសត្វ។ ចំណេកឯនាងដែលជាកន្សៃសារ​ពេជ្ញក៏មកចាប់កំណើតនឹងភោគសេដ្ឋី។ ពួកគេបានដឹងដំណឹងពីគ្នាទៅវិញទៅមកអំពីបុត្រ។ ដោយ​ហេតុថាទេវបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនៃភរិយាធនសេដ្ឋីជាអនាគតនៃអង្គពោធិសត្វបាន​បណ្តាលឲ្យធនសេដ្ឋីកើតមានសេចក្តីជ្រះថ្លា ហើយក៏បានបរិច្ចាគទ្រព្យធនដែលខ្លួនមានទៅដល់​ជនក្រីក្រស្មូមយាចក។ ចំណេរកាលក្រោយមកធនសេដ្ឋីក៏រលំរលាយអស់ទ្រព្យសម្បត្តិគ្មានសល់ គាប់ជួននៅពេលនោះព្រះឥន្ទ្រាធិរាជចាស់ត្រូវអស់បុណ្យដែលជាហេតុនាំឲ្យគេទៅអញ្ជើញធន​សេដ្ឋីឡើងទៅសោយរាជ្យនៅឋានលើ។ នៅពេលធនសេដ្ឋីស្លាប់ទៅ នាងជាប្រពន្ធគ្មានសល់​ទ្រព្យ​សម្បត្តិអ្វីធ្វើបុណ្យ ហើយក៏រស់នៅជាអ្នកសុំទានគេពីស្រុកមួយទៅស្រុកមួយ។​ ដោយជីវភាព​ ក្រ​លំបាកខ្លាំងពេក នាងជាម្តាយក៏នឹកឃើញអតីតក្លើម្រាក់របស់សេដ្ឋីជាប្តីក៏ធ្វើដំណើរទៅដល់ផ្ទះ​លោកភោគសេដ្ឋីជួបនឹងអ្នកយាម អ្នកយាមក៏ទៅប្រាប់ភោគសេដ្ឋី ភោគសេដ្ឋីគិតថាពីមុនវាមិនអី​ទេ តែឥឡូវដល់ថ្នាក់សុំទានគេទៅហើយធ្វើម្តេចកើតក៏ឲ្យអ្នកយាមទៅប្រាប់ថា គាត់មិនស្គាល់ មិន​ដែលដឹងអ្វីទេ។ ដោយសារតែនាងចេះតែចចេសចង់ជួបមុខសេដ្ឋី លោកសេដ្ឋីក៏បានឲ្យអ្នកយាម​វាយធ្វើបាបទៅលើនាងជាម្តាយជាទម្ងន់ ហើយក្រោយមកក៏ត្រូវស្លាប់នៅស្លាប់ក្នុងព្រៃ។ ចៅស្រ​ទបចេកអស់ទីពឹងពាក់។ ដោយចង់រកលុយដើម្បីទិញក្តារមឈូស និងជួលគេឲ្យជួយបញ្ចុះសព​ម្តាយ។ ដោយចង់រកលុយដើម្បីបញ្ចុះសពម្តាយ ចៅស្រទបចេកក៏បានយកបន្តោងដែលនៅជាប់​នឹងកទៅលក់ដើម្បីទិញក្តារមឈូស និងជួលគេឲ្យបញ្ចុះសពម្តាយ។ ដោយគ្មានអ្វីទ្រាប់បាត​មឈូសវាក៏ដោះសម្លៀកបំពាក់របស់វាយកទៅទ្រាប់បាតមឈូសឲ្យម្តាយទៀត ហើយវាយក​ស្រ​ទបចេកមកចងដើម្បីបិទបាំងរាងកាយ។ ចៅស្រទាប់ចេកបានដេកចាំផ្នូររបស់ម្តាយ ហើយនៅថ្ងៃ​មួយវាបាននឹកឃើញដល់បណ្តាំម្តាយផ្តាំថា សុំឲ្យវាទៅរកគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀន​សូត្រផង។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យម្នាក់សុំស្នាក់អាស្រ័យ និងរៀន​សូត្រផង។ ក្រោយមកចៅចេកក៏ធ្វើដំណើរទៅដល់ផ្ទះគ្រូអាចារ្យទិសាបាមោក្ខដើម្បីធ្វើជាអ្នកបម្រើ​គេ ដំបូងឥតបានរៀនសូត្រអ្វីទេ។ និយាយពីបុត្រីរបស់ភោគសេដ្ឋីឈ្មោះនាងកេសរមាលា នៅ​ពេលដែលនាងឃើញឪពុកឲ្យអ្នកយាមវាយធ្វើបាបទៅលើអ្នកទាំងនោះ នាងមានចិត្តអាណិត​អាសូរ ហើយនាងចំណាំមុខយ៉ាងច្បាស់តែនាងពុំដឹងជាធ្វើដូចម្តេច ហើយការអាណិតអាសូរពីមួយ​ថ្ងៃទៅមួយថ្ងៃកើនឡើង ក្រោយមកនាងក៏មានជម្ងឺ។ លោកសេដ្ឋីពុំដឹងធ្វើម៉េចឲ្យកូនខ្លួនជាសះ​ស្បើយឡើយ។ នៅថ្ងៃមួយនាងនឹកឃើញថាបើនាងទៅនៅឯផ្សារ ប្រហែលជានាងមានឱកាស ជួបចៅស្រទបចេកម្តងទៀត។ នាងក៏បានសុំឪពុកធ្វើហាងលក់ដូរមួយនៅឯផ្សារ ហើយលោក​ភោគសេដ្ឋីក៏បានអនុញ្ញាតដែរ។ តាមពិតទៅគឺនាងមានបំណងដើម្បីស៊ើបរកចៅស្រទបចេកនេះ​ឯង។​ ក្រោយមកនាងក៏បានស៊ើបនឹងតាមរយៈកូនសិស្សម្នាក់នៃលោកអាចារ្យ ហើយនាងក៏ឲ្យ​សិស្សម្នាក់នោះហៅចៅស្រទបចេកមកដើម្បីនាងបានធ្វើទានជាសម្លៀកបំពាក់។ លឺដល់លោក​អាចារ្យ គាត់ក៏ដេញចៅស្រទបចេកឲ្យទៅ។ តែចៅស្រទាប់ចេកពុំហ៊ានចូលទេព្រោះពេលឃើញ​នាងកេសរមាលា វាក៏នឹកឃើញដល់លោកភោគសេដ្ឋីចិត្តមារ ក៏រត់គេចទៅសាលាវិញ លោកអា​ចារ្យក៏ស្តីបន្ទោសឲ្យវា។ វាក៏ដោះស្រាយថាសម្លៀកបំពាក់មិនសក្តិសមនឹងខ្លួន ហើយវាក៏នឹងមាន​គ្រោះថ្នាក់។ ក្រោយមកនាងកេសរមាលាក៏បានប្រើឲ្យទាសីរបស់នាងទៅហៅដល់សាលា តែចៅ​ស្រទបចេកនៅតែមិនព្រមទៅ។ ដល់ពេលរដូវចូលឆ្នាំមកដល់ លោកអាចារ្យក៏មានចិត្តធម៌មេត្តា​ឲ្យ​លុយ១កាក់ទៅដើរលេងសប្បាយនឹងគេ។ ពេលបានលុយចៅចេកក៏នឹកឃើញចង់ទៅទិញនំទៅ​សែនផ្នូរម្តាយតែខ្លាចជួបនាងកេសរមាលា។ នាងកេសរមាលាក៏ឲ្យគេទៅចាប់ចៅស្រទបចេកនៅ​កន្លែងលក់នំដើម្បីបង្ហាញពីទឹកចិត្តរបស់នាងថានាងមិនដូចឪពុកនាងទេ។ ពេលចាប់ចៅស្រទប​ចេកចូលដល់ក្នុងផ្ទះ នាងបានលត់ជង្គង់ ហើយសំពះតាមអាការៈជាស្រីគ្រប់លក្ខណ៍ និងអង្វរករ​ឲ្យ​ចៅស្រទបចេកទទួលយកនំចំណីសម្លៀកបំពាក់ពីនាង។
         ត្រឡប់មកផ្ទះវិញចៅស្រទបចេកក៏សុំលោកអាចារ្យចេញរកស៊ី លោកអាចារ្យក៏ឲ្យចៅចេក​លក់នំអាកោរ។ ក្រោយមកក៏ឲ្យចៅចេកបានរៀនសូត្រនឹងគេ។ ដោយហេតុថាចៅស្រទបចេកជា​តួអង្គពោធិសត្វ វាក៏រៀនពូកែជាងសិស្សឯទៀតៗ។
         សម័យថ្ងៃមួយព្រះរាជាឈាងចូលដល់វ័យចំណាស់ ទ្រង់កើតមានគំនិតរកអ្នកស្នងរាជ្យ ទ្រង់​ក៏ដាក់បញ្ជាឲ្យគេរកមនុស្សមានបុណ្យដោយផ្សងដំរីមកដល់ស្រុកដែលចៅស្រទបចេករស់នៅ។ តាអាចារ្យបាននាំសិស្សទាំងអស់ទៅគាល់ស្តេចដើម្បីធ្វើការជ្រើសរើស។ ចៅស្រទបចេកក៏ត្រូវទៅ​ដែរ។ ទៅដល់ជិតដល់រាជដំណាក់ លោកអាចារ្យបានឃាត់ចៅចេកឲ្យនៅមើលអីវ៉ាន់ឲ្យគេ។
         និយាយពីព្រះឥន្ទ្រាធិរាជថ្មី នៅពេលបានជួបនឹងប្រពន្ធវិញគឺនាងសុជាតា ទ្រង់នឹកគិតទៅ​ដល់បុត្ររបស់ព្រះអង្គ ហើយនៅពេលទតឃើញថាបុត្រកំសត់ខ្លាំងពេក ទ្រង់បានកាឡាខ្លួនជាតា​ចាស់ម្នាក់ចុះមកយកបង្វិចមកផ្ញើចៅស្រទបចេកផងដែរ។ នៅពេលមានហ្វូងដំរីសេះចូលមកនិង​ដោយមានអីវ៉ាន់ច្រើនផង ពិបាកកាន់ហើយខ្លាចបាត់ ចៅចេកក៏រើសយកបង្វិចរបស់តាចាស់មក​ពាក់តាមបណ្តាំ។ ស្លៀកពាក់រួចដំរីជ័យក៏មកដល់ល្មមហើយលុតជង្គង់នៅចំពោះមុខចៅស្រទប​ចេក។ ចៅស្រទបចេកក៏ត្រូវបានអភិសេកជាស្តេចយ៉ាងគគ្រឹកគគ្រេងក្រោមការបាចផ្កាជូនពរ​ជ័យ​ពីទេវតាផង ដោយមាននាមថា ទេវវង្សកុមារ។ ពេលចប់ព្រះរាជពិធីទៅ ចៅស្រទបចេកនៅតែកើត​ទុក្ខនឹកដល់នាងកេសរមាលា ពុំមានសោយអ្វី និយាយអ្វី។ ព្រះនាងកេសរបុប្ឆាជាមហេសីក៏​ដណ្តឹង​សួរព្រះស្វាមី យល់សេចក្តីសព្វគ្រប់ប្រការ។ ទេវវង្សកុមារនិងមហេសីក៏ធ្វើដំណើរទៅស្រុកបច្ចន្ត​គ្រាមជាស្រុកភោគសេដ្ឋី ទ្រង់កើតឈឺចិត្តចង់រកយុត្តិធម៌ឲ្យមាតា ពេលនោះទ្រង់ក្លែងខ្លួនធ្វើជា​ប្រជារាស្ត្រសាមញ្ញ ហើយបានពឹងមេស្រុកទៅស្តីដណ្តឹងកូនសេដ្ឋី។ ថ្ងៃទី១ លោកសេដ្ឋីយល់មុខ​ដល់ចៅហ្វាយស្រុក គេឲ្យមកវិញ។ ថ្ងៃទី២ទៅម្តងទៀត ត្រូវគេជេរប្រទេច។ ថ្ងៃទី៣ទៅទៀត ចង់​ប៉ើងទាំងមេស្រុក ហើយចង់ទិញក្បាលដែលចង់ដណ្តឹងកូនគាត់កាប់ចោល។ ទ្រង់ក៏ចេះតែកត់​បណ្តើរៗបានភ័ស្តុតាងសព្វគ្រប់ ក៏បើកសវនាការបញ្ជាឲ្យគេនាំខ្លួនភោគសេដ្ឋីមក។ នៅពេលអ្នក​ទាំងនោះទៅដល់ផ្ទះសេដ្ឋី សេដ្ឋីក៏សុំជូន៥ណែន ក្រោយមក១ពែងហាបប្រាក់តែឥតមាននរណា​ហ៊ានទទួល។ សេដ្ឋីទាមទារសាក្សី ពេលនោះគេក៏យកនាងកេសរមាលាមកធ្វើជាសាក្សី ប្រសិន​បើ​នាងឆ្លើយថាមិនដឹងទ្រង់នឹងឲ្យគេកាត់សិរសាដោតលើឈើ។ ពេលនោះសេដ្ឋីត្រេកអរណាស់​ព្រោះគេយកកូនស្រីមកធ្វើជាសាក្សី។ នាងកេសរមាលាចូលដល់ទីសវនការ នាងអត់មានមាត់ក​អ្វី​ទាំងអស់ព្រោះបើនាងនិយាយច្បាស់ជាមាននរណាម្នាក់ស្លាប់ជាមិនខាន។ ក្រោយមកនាងក៏សុំ​ឲ្យ​ព្រះអង្គប្រទានពរ នាងសុំតែមួយគឺសត្វដែលត្រូវបាត់បង់ជីវិតត្រូវលើកលែងទោស ហើយនាងក៏​បានប្រាប់តាមត្រង់នូវអ្វីដែលនាងបានដឹង។
         ភោគសេដ្ឋីចាញ់ក្តី ក៏ត្រូវធ្វើទារុណកម្ម តែមិនឲ្យស្លាប់ទេ ហើយបណ្តើរតាមផ្សារមិនឲ្យអ្នក​ស្រុកយកតម្រាប់តាម។ ក្រោយមកចៅស្រទបចេកទ្រង់ព្រះភស្តាជាព្រះមហាក្សត្រ ហើយក៏ចាត់​អភិសេកយ៉ាងអធិកអធមសមរម្យតាមប្រពៃណី។ ដើម្បីស្រោចស្រង់កិត្តិយសឪពុក នាងក៏សំណូម​ពរឲ្យទ្រង់ដោះលែង។ រីឯលោកមេស្រុកក៏បានឡើងធ្វើជាមហាតលិក ហើយឪពុកក្មេកឡើងជា​មេ​ស្រុក រួចទ្រង់ក៏វិលចូលព្រះបរមរាជវាំងវិញ។
  • ប្រធានរឿង៖ រឿងចៅស្រទបចេកបង្ហាញពីដំណើរជីវិតរបស់បុត្រសេដ្ឋីធ្លាក់ខ្លួនក្រលំបាក​វេទនាបណ្តាលមកពីកម្មបុព្វេ។ តាមរយៈដំណើររឿងយើងសង្កេតឃើញថាអ្នកនិពន្ធបាន​លាតត្រដាងពីសកម្មភាពរបស់តួអង្គចៅស្រទបចេកដ៏កំសត់ទុគ៌ត កំព្រាឯកោ និងដែលជា​តួ​អង្គពុទ្ធពង្សនៅឋានតុសិត ពេលច្យុតចុះមកចាប់កំណើតនៅឋានមនុស្សលោក ដើម្បីទទួល​នូវផលដែលទ្រង់បានកសាងកាលពីអតីតជាតិនោះ គឺមកពីទ្រង់បានទាញស្បង់ចីពររបស់​សាមណេរមួយអង្គលេង ធ្វើឲ្យរបូតអាក្រាតកាយអស់រលីងគ្មានសល់ ទើបទ្រង់ហុចស្បង់​នោះទៅសាមណេរអង្គនោះវិញ។ សកម្មភាពនេះហើយដែលជាទុក្ខទោសមួយដែលអន្ទោល​តាមទ្រង់ជាប់ជានិច្ច។
  • មូលបញ្ហារឿង៖ បញ្ហាកម្មផល, បញ្ហាកិត្តិយស, បញ្ហាសេ្នហា, បញ្ហាកតញ្ញូ, បញ្ហាទេវន្តាគមន៍

 ទាញយក

·   0

រឿង តេជោយ៉ត


  • ប្រភេទរឿង៖ អត្ថបទល្ខោនបាសាក់ (នាដកអក្សរសិល្ប៍)
  • ចលនា៖ ខេមរនិយម
  • អ្នកនិពន្ធ៖ ទី ជីហួត
  • កាលកំណត់តែង៖ ១៩៨៣
  • សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យ​ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរ​ទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង
សង្ខេបរឿង៖
         នៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាស មានងារជាឧកញ៉ាតេជោបរមរាជដែលគេ​ហៅថា តេជោមាស។ លោកមានភរិយាឈ្មោះស្រែន្យ មានងារជាជំទាវ និងមានសិស្សឈ្មោះយ៉ត ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមីភរិយាទាំងពីរនេះមានទឹក​ចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេក។ ស្តេចសម្រែបានតាំងខ្លួនឯងថា "សេ្តចសម្រែរាជាធិរាជ" ​បានតាំងទីកងទ័ពនៅដែនកំពង់ហៅ (កំពង់ឆ្នាំង) ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា "បន្ទាយនគរ"។ ស្តេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើម​អំណាចគ្រប់គ្រងផែនដី។ តេជោមាស និងយ៉ត​បានព្យាយាមលោកទ័ពទៅបង្ក្រាបក្រុមបះបោរនេះ​ខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ ជំទាវស្រែន្យបានរៀបចំល្បិចបញ្ឆោតឲ្យស្តេចសម្រែធ្លាក់ក្នុង​អន្លង់​ស្នេហាចំពោះរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹង។ ស្តេចសម្រែ និងបក្សពួកត្រូវបាន​តេជោ​មាស យ៉ត និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តាកាត់ទោសតាមច្បាប់នគរ។
         ក្រោយពីបានទទួលជោគជ័យលើស្តេចសម្រែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅ។ ព្រះរាជាក៏ប្រទានងារនេះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉តបាន​ទទួលរាជបញ្ជា និងដាវអាជ្ងាសឹកទៅបង្ក្រាបពួកឈ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់។ ឆ្លង​តាម​បទពិសោធរបស់ឧកញ៉ាចក្រី និងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹកនៅទីនោះ​តេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្តាលមកពីមានខ្មាំងនៅក្រោយខ្នង។ តេជោ​យ៉តបានបញ្ជាកេណ្ឌទ័ពនៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៉ឺនចៃចុងរ៉ាក់ដែលជាប្អូនថ្លៃមហា​ក្សត្រផងដែរ។ ដើម្បីយកខ្មាំងខាងក្រោយខ្នង តេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់​អូសឫស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងត្រូវសម្លាប់ចោល។ បក្សពួកម៉ឺនចៃ​ចុងរ៉ាក់មិនបានធ្វើតាមបញ្ជានោះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួនព្រោះសំអាង​ទៅលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែន​នេះ។ ទង្វើនេះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងពីក្រោយខ្នង ហើយក៏ចាប់​យកទៅសម្លាប់ចោលទៅ។ ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនូបានទូលថ្វាយ​ព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិត។ ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនូ តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរ​ ចាំរួចការនេះ ខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ ដោយការទទូចសុំរបស់អ្នកមា្នងខ្លាំងពេក ព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោ​យ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹក បើកឱកាសឲ្យ​សត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ ធ្វើឲ្យកងទ័ពបាក់ស្មារតី ហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។ តេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះ​ថាចាំបង្ក្រាបសត្រូវរួចខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។
         ការបង្ក្រាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ តេជោយ៉តបានឲ្យគេធ្វើឃ្នាងហើយ​ដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនូ។ ព្រះរាជាមិនឲ្យ​ចូលជួប រួចបញ្ជាឲ្យមន្ត្រីដោះលែង និងឲ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។ តេជោយ៉តបានគួច​ចិត្តប៉ងប្រាថ្នាយកជំទាវស្រែន្យមកធ្វើជាភរិយា តែមិនបានសម្រេចទេ ព្រោះជំទាវបានគិតថាយ៉ត​ជាជនជាតិភាគតិច ហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ។ ដោយសង្កេតឃើញជំទាវរើសអើង​ស្នេហាប្រកាន់វណ្ណៈបែបនេះ តេជោយ៉តបានប្រើល្បិចលួចយកកាំជណ្តើរផ្ទះជំទាវស្រែន្យមកឲ្យ​ជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូន​កុសលទៅគ្រូរបស់ខ្លួន។ ជំទាវស្រែន្យបានទៅចូលរួមពិធីនោះ ហើយត្រូវបានតេជោយ៉តប្រាប់​ការពិតថាថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ គ្រានោះជំទាវស្រែន្យយល់ន័យនៃទង្វើរបស់តេជោ​យ៉ត ហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅ។
  • ប្រធានរឿង៖វីរភាពរបស់់បុព្វបុរសខ្មែរក្នុងបព្វហេតុជាតិមាតុភូមិក៏ដូចជាព្រះមហាក្សត្រក្នុង​កិច្ចការពារបូរណភាពទឹកដី។ តេជោយ៉តជាតួអង្គតំណាងឲ្យមេទ័ពខ្មែរនៅសម័យឧដុង្គដែល​មានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិដែលទង្វើ​នេះជាគម្រូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។
  • មូលបញ្ហា៖ ការបះបោររបស់ស្តេចសម្រែ, ភាពឈ្លាសវៃរបស់ស្រ្តី (ជំទាវស្រែន្យ), ការបោស​សំអាតខ្មាំងក្រោយខ្នង, សេចក្តីស្នេហារបស់តេជោយ៉ត និងជំទាវស្រែន្យ។ 
 ទាញយក


·   0

រឿង ភូមិតិរច្ឆាន


  • ប្រភព៖ អ្នកនិពន្ធបានប្រមូលឯកសារមកចងក្រងសរសេរនៅឆ្នាំ ១៩៦៤,៦៥ តែកាលៈទេសៈ​ពេលនោះពុំទាន់អំណោយផលអាចបោះពុម្ពបាន។ អ្នកនិពន្ធរង់ចាំដល់ឆ្នាំ ១៩៧១ទើបបោះ​ពុម្ពផ្សាយ។ ក្នុងការសរសេរតាក់តែងរឿងនេះឡើង អ្នកនិពន្ធបានដើរប្រមូលព័ត៌មានពីប្រជា​រាស្ត្រមានវ័យចាស់ដែលធ្លាប់ដឹងរឿងរ៉ាវនៅភូមិក្រាំងលាវ ហើយអ្នកនិពន្ធបានខំស្រាវជ្រាវ​រកលិខិត និងសេចក្តីសម្រេចផ្សេងៗពេលនោះមកធ្វើជាឯកសារសម្រាប់សរសេរ។
  • អ្នកនិពន្ធ៖ លោក ឌឹក គាម និង លោក ឌឿក អំ
  • ប្រភេទ៖ ជារឿងប្រលោមលោកបែបប្រវត្តិសាស្រ្ត
  • ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយម
  • ឥទ្ធិពល៖ មានឥទ្ធិពលមនោគមវិជ្ជាជឿនលឿនក្នុងសម័យសង្គមរាស្រ្តនិយម ព្រោះដំណើរ​រឿងបំផុសពីចលនាតស៊ូប្រឆាំងបរទេស ដើម្បីបូរណភាពទឹកដីរបស់ខ្លួន
  • សង្គមបរិយាកាស៖ សម័យកាលនៃរឿងនេះកើតឡើងនៅឆ្នាំ ១៩២៥ ក្រោយពីការច្រូតកាត់ ​និងប្រទេសជាតិស្ថិតនៅក្រោមអាណានិគមបារាំងដែលប្រើអំណាចត្រួតត្រាមកលើប្រជាជន​ខ្មែរ។ ទង្វើនេះបានធ្វើឲ្យមានចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទី​កន្លែង ជាពិសេសព្រឹត្តិការណ៍ថ្ងៃទី១៨ មេសា ឆ្នាំ១៩២៥។
សង្ខេបរឿង
         សង្រ្គាមលោកលើកទីមួយបានផ្ទុះឡើងក្នុងឆ្នាំ ១៩១៤ ដល់១៩១៩ ដែលប្រទេសកម្ពុជាស្ថិត​នៅក្រោមនឹមអាណានិគមបារាំង ប្រជារាស្ត្រខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកេណ្ឌឲ្យទៅ​ច្បាំងប្រឆាំងនឹងពួកផាស៊ីសអាឡឺម៉ង់។ ទន្ទឹមនឹងនោះការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជា​រៀងរាល់ខែ ធ្វើឲ្យប្រជារាស្រ្តមានការក្តៅក្រហាយយ៉ាងខ្លាំង។ ប្រជារាស្រ្តនៅស្រុកមុខកំពូលចំនួន​៣០០០នាក់បានធ្វើបាតុកម្ម ធ្វើញត្តិសុំឲ្យស្តេចស៊ីសុវត្ថិជួយបន្ធូរបន្ថយអំពីបញ្ហាពន្ធដារនេះ។ សូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្រ្ជោលខ្លាំងដែរ ដូចជាមានរន្ទះបាញ់ចេតិយព្រះកែវ​មរកត និងផ្កាយដុះកន្ទុយជាដើម។
         នៅខេត្តកំពុងឆ្នាំងក៏ដូចជាខេត្តដទៃៗទៀតដែរ ប្រជារាស្រ្តមានជីវភាពលំបាកលំបិនធ្វើឲ្យគ្រួ​សារមួយត្រូវព្រាត់បា្រសប្រពន្ធកូន។ នាងតុំដែលជាប្រពន្ធសុវណ្ណត្រូវស្លាប់ដោយសារខ្វះថវិការ​ព្យាបាលជម្ងឺ។ ចំណែកសុវណ្ណលំបាកក្នុងការថែទាំកូនតូចផងក៏ទទួលនាងតន់ធ្វើជាភរិយាដោយ​មិនបានរៀបការតាមប្រពៃណីជាតិរបស់ខ្លួន។
         ប្រជាជននៅភូមិក្រាំងលាវមានសម្លាញ់ពីរនាក់ឈ្មោះ ជួន និង នៅ បានរៀបចំគម្រោងការ​សម្លាប់រ៉េស៊ីដង់បារដេសដែលអនុវត្តអំពើយង់ឃ្នងព្រៃផ្សៃយង់ឃ្នង នៅពេលដែលពួកវាចុះទារ​ពន្ធ​ដារ។ ចលនារបស់ជួន និងនៅ ក៏មានការចូលរួមពីក្រុមអ្នកក្លាហានចំនួន ២០ នាក់ទៀត។
         នៅភូមិដើមអំពិល មេឃុំប៉ាល់បានក្តាប់ពីរបាយការណ៍ជីវភាពរស់នៅរបស់ប្រជារាស្រ្តក្នុងភូមិ​ គួបផ្សំនឹងការលំបាកក្នុងការទារពន្ធដារក៏សុំថ្នាក់លើលាលែងដើម្បីយករួចខ្លួន។ រ៉េស៊ីដង់បារដេស​បានចេញទារពន្ធដារដោយខ្លួនឯង។ លុះដល់ថ្ងៃទី១៨ មេសា ១៩២៥ ការទារពន្ធដារមកដល់ភូមិ​ក្រាំងលាវដែលដឹកនាំដោយរ៉េស៊ីដង់បារដេស កងរក្សាសន្តិសុខឈ្មោះឡាច និងអ្នកដាំស្ល ឈ្មោះ​បោយ ពេលនោះបារដេសមានទំនាស់ជាមួយនាងនី នាងប៊ី។ ក្នុងសភាពការណ៍នេះជាឱកាសមួយ​ដែលធ្ចើឲ្យអ្នកក្លាហានហ៊ានចេញប្រយុទ្ធសម្លាប់រ៉េស៊ីដង់បារដេស ដោយឥតញញើតដៃ។ ក្នុងនោះ​នៅសល់តែអ្នកដាំស្លម្នាក់ដែលរត់គេចខ្លួនហើយនាំដំណឹងនោះទៅរាយការណ៍នៅក្រុងកំពង់ឆ្នាំង។
         ក្រោយពីសម្លាប់បារដេស និងសហការីរួចមកក្រុមអ្នកក្លាហានមានបំណងចេញទៅក្រុងកំពង់​ឆ្នាំងទៀត ប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់ បានស្លាប់ខ្លះ រត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែ។ អ្នកក្លាហានត្រូវបានគេបាញ់ស្លាប់ក្នុងនោះមាន នៅ រីឯជួនត្រូវគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាច ចំណែកឯប្រជាជនត្រូវរត់ចោលភូមិឋានទៅរស់នៅក្នុងព្រៃ។ រឿងសម្លាប់បារដេសធ្វើឲ្យមានប្រតិ​កម្មយ៉ាងខ្លាំងពីសំណាក់កុង្សី សេនាបតីអាណានិគមបារាំង។ ព្រះបាទស៊ីសុវត្ថិបានចេញសេចក្តី​ប្រកាសមួយឲ្យប្តូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិតិរច្ឆានវិញអស់រយៈពេលយ៉ាងតិច១០ឆ្នាំ ព្រម​ទាំងឲ្យសាងសង់ចេតិយព្រះកែវមរកត និងធ្វើបុណ្យនៅថ្ងៃទី១៨ មេសាជារៀងរាល់ឆ្នាំ។ ជាទី​បញ្ចប់ទាហានបានកៀរអ្នកស្រុកឲ្យមករស់នៅក្នុងភូមិរបស់ខ្លួនវិញ។ចំណែកសុវណ្ណ និងនាងតន់​ក៏បានមករួមរស់រួមសុខជាមួយគ្នារៀងមក ហើយអ្នកខ្លះទៀតក៏បានវិលមកជួបជុំប្រពន្ធកូនវិញ​ដែរ។
  • ប្រធានរឿង៖ រឿងនេះនិយាយពីទុក្ខវេទនារបស់ប្រជាជនខ្មែរសម័យអាណានិគមនិយម​បារាំង។
  • មូលបញ្ហា៖ បញ្ហាសំខាន់ៗក្នុងរឿងគឺ៖ បារាំងដំឡើងពន្ធដារកាន់តែខ្ពស់ និងចាប់ប្រជាជន​ដាក់ខ្នោះឃ្នាង, គ្រោះរាំងស្ងួត រាស្ត្រធ្វើស្រែមិនបាន, ការងើបបះបោរប្រឆាំងនឹងបារាំងពី​ក្រុមអ្នកតស៊ូខ្មែរ ដែលមានជួន និងនៅ ជាមេដឹកនាំ ដើម្បីទាមទារសិទ្ធិសេរីភាព, ការប្តូរ​ឈ្មោះពីភូមិក្រាំងលាវទៅជាភូមិតិរច្ឆាន។ 


 ទាញយក



·   0

រឿង គូលីកំណែន



  • ប្រភពរឿង៖ រឿងគូលីកំណែនជាប្រលោមលោកបែបមនោគមវិជ្ជា ឆ្លុះបញ្ចាំងពីតថភាព​សង្គមកម្ពុជា ក្រោមនឹមអាណានិគមនិយមពីរ គឺបារាំង និងជប៉ុនដែលជារឿងមួយមានប្រភព​នៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងឃុំគោកចំបក់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។
  • ប្រភេទ៖ អក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿន និងមាននិន្នាការទៅខាងលទ្ធិសង្គមនិយម។
  • ចលនា៖ ខេមរនិយម ព្រោះបានបង្ហាញពីជីវភាពពិតៗក្នុងសង្គមខ្មែរក្នុងកាលៈទេសៈដែល​ត្រូវបរទេសត្រួតត្រា។
  • អ្នកនិពន្ធ៖ អ៊ឹម ថុក
  • កាលបរិច្ឆេទ៖ ខែសីហា ១៩៥៦
  • សង្គមបរិយាកាស៖ ដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ពីឆ្នាំ​ ១៩២៧ ដល់ ១៩៤២) សម័យនោះប្រទេសកម្ពុជាឋិតក្រោមអាណានិគមបារាំង ជប៉ុន។
សង្ខេបរឿង៖
         ឆ្នាំ១៩៣៥ នៅភូមិគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមានការដកហូតងារមេឃុំកឹម រួចហើយលើកបន្តុបពូផាន់ជំនួសវិញ ព្រោះពូផាន់មានទ្រព្យសម្បត្តិច្រើន ពូកែទារពន្ធដារ និងចេះ​​ផ្គាប់ផ្គុនចៅហ្វាយនាយ។ ថ្ងៃអាទិត្យមេឃុំផាន់តែងនាំលោកចៅហ្វាយស្រុកទៅផឹកស៊ី រកស្រីញី ជាពិសេសជាមួយនាងខ្វែននៅភូមិដើមក្រសាំង។ ក្នុងពេលកេណ្ឌពលករឲ្យជប៉ុនម្តងៗ មេឃុំផាន់​បានច្រើនទាំងប្រាក់ និងសគុណ។ ក្នុងរយៈពេលធ្វើការ៥ឆ្នាំ មេឃុំផាន់ទទួលបានមេដាយដល់​ទៅ​ពីរ។
         លឹមជាកូនប្រុសរបស់តាង៉ែតយាយម៉ុកត្រូវមេឃុំផាន់កេណ្ឌឲ្យទៅធ្វើព្រលានយន្តហោះ​ពោធិ​ចិនតុង ទោះបីនៅសល់ជាងមួយខែទៀតត្រូវរៀបការក៏ដោយ។ លឹមជាអ្នកបួសរៀនខាងផ្លូវពុទ្ធ​សាសនា គេមានគំនិតជឿនលឿន មានជំនឿសមហេតុផលទៅលើទស្សនៈកម្មផល។ ការយល់​ដឹងការងាររាក់ជ្រៅក្នុងសង្គម លឹមបានយឹមដែលជាឧបាសកខើចជើងនៅបាសាក់ព្រះត្រពាំងជួយ​ណែនាំ។
         ពេលទៅកំណែននៅពោធិចិនតុង មេឃុំផាន់ និងលោកចៅហ្វាយស្រុកមានឧបាយកល​អាក្រក់ចង់បាននាងហេងដោយឲ្យយាយចាន់ធ្វើជាមេអណ្តើក។ ការនេះមិនបានសម្រេច មេឃុំ​ផាន់ក៏ប្រើវិធីគំរាមកំហែងថានឹងឲ្យប៉ូលីសមកចាប់នាងហេង។ យល់ហេតុការណ៍មិនស្រួល ពូ​ស្វាយមីងពតក៏នាំនាងហេងយកទៅលាក់ទុកនៅផ្ទះតាង៉ែត យាយម៉ុកក៏ដាច់ចិត្តបររទេះនាំអនា​គតកូនប្រសារគេចទៅលក់អង្ករនៅភ្នំពេញ រង់ចាំថ្ងៃលឹមវិលមកវិញទើបរៀបការតែម្តង។
         ជាគ្រោះកាច ពេលយន្តហោះអាមេរិចមកទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពជប៉ុន ពិសេស​ត្រង់ចេតិយវត្តឧណ្ណលោម តាង៉ែតយាយម៉ុក និងនាងហេងក៏ត្រូវស្លាប់យ៉ាងអណោចអធមដោយ​គ្រាប់បែកនោះទៅ។
         ពេលបញ្ចប់ការងារនៅឯពោធិចិនតុងហើយលឹមក៏វិលត្រឡប់មកភូមិកំណើតវិញ។ ពេល​នោះលឹមត្រូវបាត់បង់នូវអ្វីៗទាំងអស់ ឪពុកម្តាយ គូសង្សារក៏ត្រូវស្លាប់ជាមួយនោះអុងប៉ាងថាវក៏​រឹមអូសដីស្រែ ផ្ទះសំបែង ដើម្បីកាត់សងបំណុលខ្មោចឪពុក។
         ថ្ងៃមួយបន្ទាប់ពីបានទទួលសំបុត្រពីឧបាសកយឹម ដែលគ្រូសូត្រម៉ក់យកមកប្រគល់ឲ្យលឹមៗ​ក៏បានទៅជួបយឹមនៅផ្ទះនូដូងឯភ្នំពេញ។ លឹមត្រូវមានភារកិច្ចជូននូដូងដែលទើបរត់ចេញពីគុក​ទៅស្វាយដូនកែវដើម្បីបន្តចលនាតស៊ូជាមួយបារាំង។
         ម៉ឹងត្រូវជាប្អូនបង្កើតរបស់នូដូង ក្រោយពីបានរៀនចប់វិទ្យាល័យបានចូលទៅបម្រើការងារនៅ​ខេត្តព្រៃវែង។ ម៉ឹងបានសម្រាកនៅផ្ទះអ្នកគ្រូពេជ្រណារី។ អ្នកគ្រូនេះមានប្អូនស្រីជីដូនមួយឈ្មោះ​អ្នកគ្រូគូរស់។ ម៉ឹង និងអ្នកគ្រូគូរស់តែងនាំគ្នាដើរកំសាន្តនៅវាលស្រែប្រាំងហើយបានយល់ចិត្តថ្លើម​គ្នាដោយស្មោះ។ ក្រោយមកម៉ឹងបានទទួលសំបុត្រពីនូដូចជាបងឲ្យចូលព្រៃដើម្បីធ្វើការតស៊ូជា​មួយគ្នា។ យប់នោះម៉ឹងក៏សរសេរសំបុត្រជាពាក្យកាព្យដាក់ក្រោមពូកទុកឲ្យអ្នកគ្រូគូរស់ រួចក៏ចេញ​ទៅតាមបង។
         ឆ្នាំ១៩៥៤ សន្និសីទសឺណែវបានបង្ខំឲ្យបារាំងប្រគល់ឯករាជ្យឲ្យប្រទេសទាំងបីនៅឥណ្ឌូចិន។ ក្រោយពីបានជ័យជំនះ ស្រុកក៏បានឯករាជ្យ លឹមក៏ត្រឡប់មកភូមិកំណើតវិញជាមួយអ្នកតស៊ូឯ​ទៀត។ ចំណែកម៉ឹងពិការដៃម្ខាងក្នុងពេលតស៊ូ ហើយក៏សុខចិត្តរស់នៅបង្កបង្កើនផលឯស្រុកលើ។
         ដំណឹងនេះបានធ្វើឲ្យអ្នកគ្រូគូរស់កាន់តែពេញចិត្ត។ អ្នកទាំងពីរនៅតែរក្សាភក្តីភាពនឹងគ្នាជា​និច្ច ហើយម៉ឹងក៏បានកំណត់ពេលវេលាផ្តាំមកអ្នកគ្រូគូរស់ ដើម្បីទៅរៀបចំទ្រនំសុភមង្គលជាមួយ​គ្នាទៀតផង។
  • ប្រធានរឿង៖ រឿងគូលីកំណែន និយាយពីទុក្ខវេទនារបស់ប្រជាជនខ្មែរ ក្រោមរបបអាណានិ​គមបារាំង ជប៉ុន និងការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក។
  • មូលបញ្ហា៖ក្នុងរឿងនេះមានបញ្ហាសំខាន់ពីរគឺ បញ្ហាជីវភាពរស់នៅរបស់ប្រជារាស្រ្តខ្មែរជាប់​កំណែនជប៉ុន និងបញ្ហាសកម្មភាពតស៊ូរបស់ប្រជារាស្រ្តខ្មែរមានគំនិតជឿនលឿន "ខ្មែរ​ឥស្ស​រៈ" ប្រឆាំងនឹងពួកអាណានិគម។
 ទាញយក

·   0

រឿង គ្រូបង្រៀនស្រុកស្រែ



  • ប្រភពរឿង៖ រឿងគ្រូបង្រៀនស្រុកស្រែមានប្រភពចេញមកពីដំណើរការតស៊ូនយោបាយ​របស់គ្រូបង្រៀនមួយក្រុមនៅព្រៃទទឹង ខេត្តកំពង់ចាម ប្រទេសកម្ពុជា
  • ប្រភេទ៖ ជារឿងប្រលោមលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារ​នៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយ
  • ចលនា៖ រឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ព្រោះគោលគំនិត​រឿងឆ្លុះបញ្ចាំងនូវទស្សនៈលោកិយខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ
  • ឥទ្ធិពល៖ សង្គមនិយម ព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿន
  • កាលកំណត់តែង៖ ១៩៥៧
  • អ្នកនិពន្ធ៖ លោក អ៊ឹម ថុក
សង្ខេបរឿង
         កសិករហមជាអតីតទាហានជើងក្រហម និងនាម៉ឺនតូចតាចក្នុងក្រសួងសាធារណការបាន​ត្រូវ​ប៉ូលីសតាមចាប់ខ្លួនដោយមូលហេតុគាត់ជាមេបំផុសបំផុលចលនាមហាជន ប្រជាជនឲ្យយល់ដឹង​ពីលទ្ធិប្រជាធិបតេយ្យ។ យល់ការណ៍មិនស្រួល និងដោយឯកភាពជាមួយសំណើយោបល់ពីមិត្តរួម​ចលនា បងហមក៏គេចខ្លួនមួយរយៈ។ ពេលគេចខ្លួនក្នុងរាត្រីនៅតាមផ្លូវ បងហមបានជួបសន្ទនា​យ៉ាងច្រើនជាមួយអន្ទិតឡឹម និងអាចារ្យសែម ដោយរៀបរាប់បង្ហាញអំពីអំពើឃោរឃៅរបស់ពួក​នាយទុនគ្រប់ប្រភេទ និងមាគា៌រៀបចំទម្រង់សង្គមឡើងវិញតាមទស្សនៈជឿនលឿនថ្មី។ សកម្ម​ភាពបំផុសចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យគ្រូម៉ៅជាប់គុកអស់រយៈពេល២ខែ។ គ្រូ​បង្រៀនដទៃៗទៀតក៏ត្រូវតាមដាន និងត្រូវក្រសួងអប់រំផ្លាស់ចេញពីភូមិម៉ាស៊ីនស្រូវជាពិសេស​ចំពោះគ្រូចន្ទ គ្រូថាន់ និងគ្រូវ៉ាត។ វិធានការរបស់ក្រសួងដែលចង់បង្អាក់ចលនាមហាជន និងផ្តាច់​ទំនាក់ទំនងជាមួយមហាជនពុំបានទទួលលទ្ធផលជាវិជ្ជមានទេ ពីព្រោះគ្រូផ្លាស់ថ្មីដែលមកជំនួស​ក៏មានទស្សនៈសង្គមដូចគ្រូមុនៗដដែល។ ក្រោយមកសុវត្ថិភាពក្នុងស្រុកព្រៃទទឹងក៏ប្រែជាមាន​សភាពធូរស្រាលឡើងវិញ ហើយអ្នកជាប់គុកនិងជាប់ពិរុទ្ធក៏ត្រូវរួចខ្លួន។ លុះដល់វិស្សមកាល ខែចេត្រ គ្រូចន្ទ គ្រូថាន់ គ្រូវ៉ាតក៏នាំគ្នាមកលេងភូមិម៉ាស៊ីនស្រូវវិញយ៉ាងសប្បាយរីករាយ។ គេបាន​ពិភាក្សាគ្នាអំពីគោលគំនិត និងមធ្យោបាយផ្សេងៗសម្រាប់រៀបចំសង្គមឡើងវិញ ក្នុងទស្សនៈ​គោលជំហរជឿនលឿនដដែល។

  • ប្រធានរឿង៖ ដំណើររឿងដែលឃើញថាប្រធានរឿងទាក់ទងនឹងការតស៊ូ ដើម្បីទាមទារសិទ្ធិ​សេរីភាព និងប្រជាធិបតេយ្យ។
  • មូលបញ្ហា៖ សកម្មភាពតស៊ូបំផុសចលនាមហាជន និងវិធានការបង្ក្រាប និងរាំងស្ទះដល់​ខ្សែ​រយៈចលនាមហាជន។
 ទាញយក


·   0

រឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់


  • ប្រភព៖ ចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគម
  • ប្រភេទ៖ ជាអក្សរសិល្ប៍ប្រលោមលោកទំនើប
  • ឯកសារ៖ ស្ថិតនៅក្នុងសៀវភៅប្រលោមលោក និពន្ធដោយលោក សួន សុរិន្ទ ហើយនៅឆ្នាំ ១៩៩៣, ៩៤ ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ ត្រង់វគ្គទី៩ "អ្នកន​យោបាយបោកប្រាស់" ឡើងទៅ។ ប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំ​សិក្សា ២០១១, ១២ ក្រសួងបាន​ដកយកវគ្គទី១៦ "ទីពឹងថ្មី" និងវគ្គទី១៧ "កសិករថ្មី" មកបញ្ចូលក្នុងកម្មវិធីសិក្សាវិញ។
  • ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសតិអារម្មណ៍របស់ប្រជារាស្រ្តក្រីក្រ
  • ឥទ្ធិពល៖ ទទួលឥទ្ធិពលពីរបបសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្រ្ត​ស្រឡាញ់ការងារពលកម្ម កសិកម្ម ហត្ថកម្ម នយោបាយទឹក តួយ៉ាងដូចជាតួអង្គសមជា​ដើម។
  • កាលកំណត់តែង៖ ឆ្នាំ១៩៦០, ៦១
  • អ្នកនិពន្ធ៖ សួន សុរិន្ទ


សង្ខេបរឿង
          សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។
         មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។
         ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។
         បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។
         ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។
         រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។
         សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។
          សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។
          ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។
          សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។
          នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។
          បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។
          បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។
          ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។
         បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។
         សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។
         ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។
         ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។
  • ប្រធានរឿង៖ ដំណើររឿងឃើញថា ប្រធានរឿងទាក់ទងទៅនឹងវាសនាតោកយ៉ាកក្រីក្ររបស់​ប្រជាកសិករក្រោមរបបអាណានិគមនាយទុន និងបង្ហាញពីមាគា៌ដឹកនាំដ៏ភ្លឺស្វាងរបស់​សម្តេចឪ។
  • មូលបញ្ហា៖ ការតស៊ូផ្នែកជីវភាព និងផ្នែកឧត្តមគតិរបស់អ្នកក្រីក្រក្រោមរស្មីនៃរបបសង្គម​រាស្រ្តនិយម។
ទាញយក



·   0

រឿង ធនញ្ជ័យ

 
  • ប្រភពរឿង៖ រឿងធនញ្ជ័យជារឿងប្រឌិតបុរាណ ហើយមានប្រជាប្រិយភាពទូទៅពេញ​ព្រះ​រាជាណាចក្រកម្ពុជា។ អត្ថបទដើមកើតឡើងដោយសារការប្រមូលចងក្រងពាក្យសម្តី និង​ការចេះចាំតៗគ្នាមក។ ជារឿងដែលដកស្រង់យកបញ្ហាការរស់នៅរបស់ខេមរជន មានការ​គ្រប់គ្រង ការទាក់ទងគ្នា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ ។ល។ មកធ្វើជារឿងហូរហែក្នុងជីវ​ភាពរបស់តួអង្គធនញ្ជ័យនេះ។
  • ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយ។
  • អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ
  • កាលកំណត់តែង៖ មិនមានច្បាស់លាស់ទេ
សង្ខេបរឿង៖
          រាត្រីដែលធនញ្ជ័យបានមកចាប់កំណើតក្នុងពោះម្តាយ បណ្តាលឲ្យនាងជាម្តាយនោះយល់​សប្តិឃើញថា "ដូចជាយល់សូង យប់សប្តិឃើញដូង បេះបានទាំងផ្លែ យល់សប្តិឃើញខែ ខែនោះ​ពេញបូណ៌មី"។ ចម្លែកនឹងសប្តិនេះព្រឹកឡើងនាងនោះក៏បានធ្វើដំណើរទៅកាន់ផ្ទះតាហោរ​ដើម្បី​​ឲ្យ​ទាយមើល ប៉ុន្តែជួនជាតាហោរមិននៅ នាងនោះក៏បាននិយាយរឿងសប្តិនោះឲ្យប្រពន្ធតាហោរ។ ប្រពន្ធតាហោរដឹងថាតាមសប្តិនេះ នាងនេះនឹងមានកូនប្រុសម្នាក់អាចឡើងធ្វើជាស្តេច ក៏បាន​ទាយបង្ខុសថា ៖ "នាងឯងនឹងមានកូនប្រុស កូននោះនឹងទៅជាខ្ញុំគេ"
         ក្រោយមកនាងនោះក៏កើតបានកូនប្រុសមែនក៏ដាក់ឈ្មោះថា "ធនញ្ជ័យ"។ អាយុបាន៧ឆ្នាំ​ កុមារធនញ្ជ័យតែងដើរទៅលេងផ្ទះលោកមហាសេដ្ឋីរាល់ថ្ងៃ។ ថ្ងៃមួយពេលកំពុងតែត្បាញលើផ្ទះ​ប្រពន្ធមហាសេដ្ឋីបានធ្វើឲ្យជ្រុះត្រល់ទៅដី ក៏ស្រែកហៅធនញ្ជ័យឲ្យរើសឲ្យដោយសន្យានឹងឲ្យ​អំបុកច្រើនដល់ធនញ្ជ័យវិញ។ ប៉ុន្តែពេលប្រពន្ធសេដ្ឋីយកអំបុកមកឲ្យធនញ្ជ័យយំស្រែកប្រកែក​មិន​ព្រមយក ដោយយល់ថាអំបុកនោះតិចពេក។ សំឡេងយំរបស់ធនញ្ជ័យបាលលឺទៅដល់លោក​មហាសេដ្ឋី។ លោកមហាសេដ្ឋីបានប្រើល្បិចបញ្ឆោតមួយដោយយកអំបុកដាក់រាយពេញលើចង្អេរ​មួយ និងក្នុងកញ្ជើរមួយរួចឲ្យធនញ្ជ័យជ្រើសរើស។ ធនញ្ជ័យចាញ់ល្បិចគេក៏បានយកអំបុកនៅលើ​ចង្អេរ តែក្រោយមកក៏មានការភ្ញាក់រលឹកមើលឃើញថានេះជាការបោកប្រាស់ ក៏សុំម្តាយខ្លួនឲ្យយក​ខ្លួនទៅនៅបម្រើលោកសេដ្ឋីដើម្បីសងសឹក។ ពេលនៅជាមួយសេដ្ឋី ធនញ្ជ័យបានត្រូវសេដ្ឋីប្រើ​យ៉ាងវក់វី ដូចជាឲ្យរត់តាមសេះទៅរោងជំនុំគាល់ស្តេច ចាំចម្ការ ឃ្វាលគោ ធ្វើការក្នុងផ្ទះ ទៅជញ្ជូន​ឥវ៉ាន់ពេលភ្លើងឆេះផ្ទះ។ ប៉ុន្តែគ្រប់សកម្មភាពបានត្រូវធនញ្ជ័យផ្ចាញ់់យ៉ាងធ្ងន់ធ្ងរដូចជាធនញ្ជ័យ​រើសអាចម៍សេះដាក់ថង់យាម បណ្តោយឲ្យគោក្របីចូលស៊ីដំណាំក្នុងចម្ការអស់ ចាប់គោឈ្មោល​អ្នកស្រុកចងបណ្តាលឲ្យមានរឿងរ៉ាវដល់សេដ្ឋី ស្រែកហៅលោកសេដ្ឋីឲ្យមកពិសារបាយឲ្យគាត់​ខ្មាសគេយ៉ាងខ្លាំង និងជញ្ជូនតែសំបុកមាន់សំបកប៉ោត ពេលភ្លើងឆេះផ្ទះជាដើម។ ដោយខ្លាច​ប្រាជ្ញាធនញ្ជ័យ និងដើម្បីសងសឹកផង លោកសេដ្ឋីក៏បាននាំធនញ្ជ័យទៅថ្វាយស្តេច។
         នៅជាមួយមុនដំបូង ស្តេចបានដេញប្រាជ្ញាធនញ្ជ័យដូចជាឲ្យធនញ្ជ័យភរស្តេច ឲ្យធនញ្ជ័យ​រកពងមាន់ឲ្យបានមួយពេលមុជចូលទៅក្នុងទឹក ឲ្យធនញ្ជ័យជិះដំរីចាស់គ្រេចជើងដឹកក្រយា​ស្ងោយស្តេចទៅប្រពាតព្រៃ ឲ្យធនញ្ជ័យបោសសំរាមនៅក្រោមដំណាក់ ឲ្យធនញ្ជ័យរកមាន់មក​ប្រជល់នឹងមាន់ស្តេច ឲ្យធនញ្ជ័យរកក្របីមកជល់នឹងក្របីស្តេច។ ក្នុងការដេញប្រាជ្ញានេះធនញ្ជ័យ​បានឈ្នះស្តេចគ្រប់លើក ធ្វើឲ្យស្តេចខ្មាសហើយដុះគំនិតព្យាបាទកាច់បំបាក់ដូចជាប្រើស្រីស្នំឲ្យ​ទៅជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ ស្អប់មុខធនញ្ជ័យ ហើយមិនឲ្យធនញ្ជ័យចូលវាំង។ តែគ្រប់អំពើ​ព្យាបាទឈ្នានីសរបស់ស្តេច ត្រូវបានធនញ្ជ័យផ្ចាញ់ផ្ចាលយ៉ាងដំណំ ដូចជាធនញ្ជ័យហ៊ានចំតិត​ក្តិតដាក់ស្តេច ហ៊ានវាយពួកមេនំមេនាងដែលស្តេចប្រើឲ្យទៅជុះអាចម៍ដាក់ផ្ទះ។
          ប្រាជ្ញាធនញ្ជ័យល្បីល្បាញពេញប្រទេសជាតិ និងរីកសាយរហូតដល់ប្រទេសចិន។ ស្តេច​ស្រុកចិនក៏បានបញ្ជូនអ្នកប្រាជ្ញគេមកស្រុកខ្មែរដើម្បីធ្វើការភ្នាល់គ្នាជាមួយស្តេចស្រុកខ្មែរ ទាយ​រក​ចំនួនគ្រាប់ឪឡឹកដែលចិនយកមកក្នុងបំណងយកស្រុកខ្មែរជារណប។ ក្នុងការដោះចំណោទលើក​នេះ ធនញ្ជ័យយកខ្លួនធានា ប៉ុន្តែដោយចំណោទទាយរកចំនួនគ្រាប់ឪឡឹកនោះពិបាកពេក ធនញ្ជ័យដោយមិនចង់ឃើញប្រទេសជាតិខ្លួនធ្លាក់ក្នុងកណ្តាប់ដៃចិន ក៏បានទៅលោតទឹកសម្លាប់​ខ្លួន។ តែគាត់មិនលិចបែរជារសាត់ទៅប៉ះសំពៅចិនក៏តោងជាប់។ ពេលនោះជួនជាយប់ស្ងាត់ ធន​ញ្ជ័យបានលឺពួកមន្ត្រីចិន និងអ្នកប្រាជ្ញរបស់គេជជែកគ្នាពីចំនួនគ្រាប់ឪឡឹកក្នុងផ្លែនីមួយៗ។ ធន​ញ្ជ័យបានលឺក៏ហែលត្រឡប់មកផ្ទះវិញ។ ស្អែកឡើងគាត់ក៏បានទាយរកចំនួនគ្រាប់ឪឡឹកត្រូវទាំង​អស់។ ពួកចិនទទួលព្រមចាញ់បានប្រគល់សំពៅឲ្យស្តេចខ្មែរប្រាំរយគ្រឿងរួចត្រឡប់ទៅវិញ។ ដោយខ្លាចប្រាជ្ញាធនញ្ជ័យស្តេចពុំហ៊ានឲ្យគាត់នៅជិតវាំង ក៏បញ្ហាឲ្យទៅនៅឆ្ងាយឯដងទន្លេ។ ទី​នោះធនញ្ជ័យបានបង្កើតឲ្យមានការបង់ពន្ធគយ បណ្តាលឲ្យមានទំនាស់ជាមួយពួកឈ្មួញដែលរក​ស៊ីតាមដងទន្លេ ជាហេតុធ្វើឲ្យស្តេចមានលេសប្រើពេជ្ឈឃាតចាប់ធនញ្ជ័យយកទៅសម្លាប់ចោល។ ធនញ្ជ័យបានបោកពួកពេជ្ឈឃាតឲ្យច្រៀងរាំលើទូក រួចគាត់លួចលោតចុះទៅក្នុងទឹកហែលគេច​មកបួសជាព្រះសង្ឃក្នុងវត្តមួយ។​គេបានគិតថាធនញ្ជ័យស្លាប់ក្នុងទឹកទន្លេហើយ។ ដំណឹងនេះបាន​លឺដល់ស្តេចស្រុកចិន។ ស្តេចចិនសប្បាយចិត្តណាស់ក៏បានបញ្ជាឲ្យអ្នកប្រាជ្ញគេមកស្រុកខ្មែរ ចោទប្រស្នាភ្នាល់ដាក់ប្រទេសជាតិទៀត។ ស្តេចខ្មែរមានការភិតភ័យនិងព្រួយបារម្ភជាខ្លាំងព្រោះ​គ្មាននរណាអាចតទល់ជាមួយអ្នកប្រាជ្ញចិនបាន ក៏ប្រកាសអំពាវនាវរកអ្នកប្រាជ្ញមកជួយ។ ធនញ្ជ័យបានសឹកចេញពីវត្តមកជួបស្តេចហើយបានជោគជ័យជាលើកទី២។ ស្តេចខ្មែរត្រេកអរក្នុង​ចិត្តនឹងជ័យជំនះ ក៏ចង់រកប្រពន្ធឲ្យធនញ្ជ័យ តែធនញ្ជ័យបដិសេធមិនព្រមឲ្យស្តេចរកឲ្យដោយ​គាត់​ចាត់ទុកនារីដែលនៅស្ងៀមចាំតែគេលើកឲ្យមានប្តីនោះថាសុទ្ធតែជាញី។ គាត់បានដើររកប្រពន្ធ​ខ្លួនឯង ហើយក៏បានជួបនឹងនាងសួស្តីដែលគាត់ចាត់ទុកថាជាស្រីពេញលក្ខណៈ រួចបានស្តីដណ្តឹង​និងរៀបការតាមប្រពៃណីខ្មែរ។ ក្រោយមកទៀតស្តេចខ្មែរ និងពួកមន្ត្រីសក្តិភូមិមានការព្រួយបារម្ភ​នឹងប្រាជ្ញាធនញ្ជ័យកាន់តែខ្លាំង និងស្អប់ធនញ្ជ័យកាន់តែខ្លាំងផងនោះ ក៏បាននិរទេសគាត់ឲ្យទៅ​នៅស្រុកចិនដោយជឿថានឹងត្រូវស្លាប់បង់នៅឯទីនោះមិនខាន។
          នៅឯស្រុកចិនធនញ្ជ័យបានធ្វើនំបញ្ចុកលក់ល្បីដល់ស្តេចចិន ស្តេចចិនចង់សោយចំណី​ចម្លែករបស់ធនញ្ជ័យក៏ហៅធនញ្ជ័យយកនំទៅថ្វាយដែលជាហេតុបណ្តាលឲ្យគាត់មានលទ្ធភាព​អាចមើលមុខស្តេចចិនបាន ព្រមទាំងបានពោលពាក្យប្រមាថឲ្យផង។ ស្តេចចិនខឹងក៏ឲ្យអាមាត្យ​ចាប់ធនញ្ជ័យទៅដាក់គុកសំរិទ្ធ។ ក្នុងគុកធនញ្ជ័យបានប្រដាល់គ្នាជាមួយអ្នកទោសចិនដើម្បីកុំ​ឲ្យ​រងាស្លាប់ រួចគាត់ឆ្លៀតធ្វើខ្លែងឯកបង្ហើរពេលយប់។ ស្តេចចិនបានលឺសម្លេងឯករបស់ខ្លែងក៏មាន​ការភិតភ័យព្រួយបារម្ភក៏ហៅហោរាមកគន់គូរមើល។ ហោរាចិនបានទាយថាគឺជាសម្លេងនៃសត្វ​ចម្លែកមួយនឹងចូលមកស៊ីមនុស្សក្នុងស្រុកចិននោះអស់មិនខាន បើមិនព្រមដោះលែងអ្នកប្រាជ្ញ​ស្រុកខ្មែរចេញពីគុក ហើយជូនគេត្រឡប់ទៅស្រុកខ្មែរវិញទេ។ ស្តេចចិនលឺដូច្នោះក៏បញ្ជាឲ្យគេ​ដោះលែងធនញ្ជ័យ ហើយរៀបចំសំពៅមួយមានវត្ថុប្រើប្រាស់ល្អៗជាច្រើន និងប្រជាជនចិន ១០០​នាក់ជូនដំណើរធនញ្ជ័យត្រឡប់មកស្រុកខ្មែរវិញ។
          ឃើញធនញ្ជ័យអាចរកមធ្យោបាយត្រឡប់មកមាតុភូមិវិញដោយជោគជ័យយ៉ាងនេះ ស្តេច​ខ្មែរនិងពួកមន្ត្រីសក្តិភូមិខ្មែរមានសេចក្តីកោតខ្លាចប្រាជ្ញាធនញ្ជ័យលែងហ៊ានមករករឿងហេតុ​ទៀត បណ្តោយឲ្យធនញ្ជ័យបានរស់នៅជាមួយភរិយាយ៉ាងសុខសាន្ត។ ថ្ងៃក្រោយមកធនញ្ជ័យមានជម្ងឺ​ជាទម្ងន់ មុននឹងស្លាប់គាត់បានហៅស្តេចមកផ្តាំថា "សោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រា​កុំចោលស្រកី ស្លម្ជូរក្បាលត្រីត្រូវដាក់ម្ជូរសណ្តាន់" ហើយផ្តាំប្រពន្ធថាកាលណាគាត់ស្លាប់ទៅ​ឲ្យ​យកសាកសពគាត់ទៅកប់ ហើយធ្វើចម្រូងដាំខ្ញែលើផ្នូរដើម្បីការពារផ្នូរនោះតទៅ។
  • ប្រធានរឿង៖ រឿងនេះលើកឡើងពីបញ្ហាសងសឹកចំពោះអំពើព្យាបាទអយុត្តិធម៌ដោយប្រើ​ប្រាជ្ញាជាអាវុធ។
  • បញ្ហារឿង៖ បញ្ហាទំនាស់វិបត្តិក្នុងសង្គម (រវាងវណ្ណៈ និងវណ្ណៈ) ដែលកើតមកពីអំពើរំលោភ ព្យាបាទ ការសងសឹក និងចិត្តមានះ តស៊ូ​ព្យាយាម អង់អាចក្លាហាន មោះមុត មិនចុះញ៉ម។
 ​​​​​​​​​​​​​ទាញយក


·   0