Monday, June 26, 2017

រឿង ពុទ្ធិសែននាងកង្រី

·   0


  • ប្រភពរឿង៖ គម្ពីរបញ្ញាសជាតកភាសាបាលី (រថសេនជាតក)
  • ប្រភេទ៖ អក្សរសិល្ប៍បុរាណ ជាប្រភេទសាស្ត្រាល្បែង
  • ចលនា៖ ពុទ្ធនិយម (ក្លាយ)
  • អ្នកនិពន្ធ និងកាលកំណត់តែង៖ រឿងពុទ្ធិសែននាងកង្រីរបស់ពុទ្ធសាសនបណ្ឌិតពុំមាន​បញ្ជាក់ឈ្មោះ និងកាលកំណត់តែងទេ។ ប៉ុន្តែនៅក្នុងសិក្សាកថារបស់បណ្ឌិតឃីង ហុកឌីទៅ​លើរឿងពុទ្ធិសែននាងកង្រីត្រង់ទំព័រទី១០ សរសេរថា រឿងរថសេន ឬពុទ្ធសែន ជាសាស្ត្រា​ស្លឹករឹតលេខ ៦៣ រក្សានៅសាលាបារាំងចុងបូពា៌ប្រទេស ផ្តើមសេចក្តីដោយនមស្ការជាបាលី រួចជាភាសាខ្មែររំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាដើម រួចអ្នកនិពន្ធប្រាប់ឈ្មោះ និង​គោរមងារគឺ អម្រឹតក្សត្រីម៉ុក និពន្ធជាកាព្យ បកពីគម្ពីរ៥០ជាតក៍ នៅពុទ្ធសករាជ២៤០៤ ក្នុងឆ្នាំរកា ខែផល្គុន ៨កើត ថ្ងៃចន្ទ តាមរាជបញ្ជារបស់សម្តេចព្រះវររាជជននី ដែលគង់តាំង​សីលធម៌កម្មដ្ឋាននៅភ្នំព្រះរាជទ្រព្យ។ រួមសេចក្តីមករឿងពុទ្ធសែនជាអត្ថបទល្បែងនេះនិពន្ធ​ដំបូងឡើងនៅស.វទី១៩ ហើយអ្នកនិពន្ធដែលយើងរកឃើញ គឺអម្រឹតក្សត្រីម៉ុក ដូចមាន​ពោលមកហើយ។
សង្ខេបរឿង
        កាលនោះមានសេដ្ឋីពីរនាក់ប្តីប្រពន្ធមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែគ្មានកូនសោះ។ គិតហើយ ពីរនាក់ប្រពន្ធក៏សម្រេចទៅបួងសួងសុំកូនពីរទេវតាដើមជ្រៃមួយ។ ក្រោយមកប្តីប្រពន្ធ​ទាំងពីរក៏កើតបានកូនស្រី ១២នាក់។ តាំងពីកើតបានកូនទាំង១២នាក់មក ទ្រព្យសម្បត្តិសេដ្ឋីក៏បាន​ថយ​ចុះបន្តិចម្តងៗ ដោយសារចំណាយទៅលើការផ្គត់ផ្គង់ចំពោះកូនស្រីទាំង ១២នាក់។ ពួកគេបានធ្លាក់​ខ្លួនក្រលំបាកដោយស៊ូទ្រាំនឹងជីវភាពដូច្នេះពុំបាន ពួកគេក៏បានសម្រេចចិត្តយកកូនទាំង១២ទៅបំបោះបង់ចោលនៅក្នុងព្រៃ។ មុនដំបូងឪពុកថាចង់ទុក្ខកូនពៅនៅជាមួយ តែខ្លាចពួកបងៗគិតថាឪពុកម្តាយលម្អៀងក៏បំបោះបង់កូនទាំង១២ទៅ។ នាងទាំង១២ក្រោយពីដឹងថាត្រូវឪពុកម្តាយបំបោះបង់ខ្លួនចោល ពួកនាងនាំគ្នាយំស្រែកយ៉ាងខ្លាំងដោយមិនដឹងថាគួរធ្វើយ៉ាងណានៅថ្ងៃក្រោយ​ឡើយ។ បន្ទាប់មកពួកនាងបានធ្វើដំណើរទៅមុខដោយគ្មានគោលដៅ បេះស្លឹកឈើ និងផ្លែឈើព្រៃធ្វើជាអាហារ។ ពេលមួយពួកនាងបានចុះចាប់ត្រីក្នុងបឹងមួយ ពួកបងៗទាំង១១នាក់សុទ្ធតែដោយភ្នែកត្រីទាំងសងខាង មានតែនាងពៅទេដែលដោយភ្នែកត្រីតែម្ខាង នាំគ្នាឆីរួចក៏បន្តដំណើរទៅមុខទៀត។ លុះធ្វើដំណើរយូរខែយូរឆ្នាំទៅក៏បានទៅដល់នគរយក្សសន្ធមារ។ កាលបើយក្ខសន្ធរមារឃើញនាងទាំង១២ យក្សសន្ធមារប្រាប់កង្រីជាកូនឲ្យក្រឡាខ្លួនជាក្មេងអាយុ៣ឆ្នាំគេងក្នុងអង្រឹងទៅ ហើយម្តាយនាងសុំឲ្យពួកនាងជួយមើល។ យក្ខសន្ធមារដោយបានលឺថានាងទាំង១២ជា​កូនកំព្រានាងសប្បាយចិត្តណាស់ ហើយបានឃាត់ពួកនាងឲ្យនៅជាមួយធ្វើឲ្យនាងទាំង១២មានចិត្តត្រេកអរណាស។ យក្ខសន្ធមារបានហាមឃាត់មិនឲ្យពួកនាងទៅលេងឃ្លាំងទក្សិណទេ ដោយសារជាកន្លែងទុកចំណីអាហាររបស់ខ្លួន តែសន្ធមារបានកុហកពួកនាងថាជាកន្លែងមានគ្រោះថ្នាក់ រីឯទឹកស្រះអាចឲ្យកើតរមាស់។ ថ្ងៃមួយនាងពៅបានធ្វើឲ្យបាយក្រពប់ពេញដី ពេលនោះមានខ្មោចចេញមកស៊ីបាយទាំងនោះ ធ្វើឲ្យនាងពៅភ័យស្រែកប្រាប់បងៗឲ្យចេញពីកន្លែងនោះ ដោយបានដឹងពីល្បិចរបស់យក្ខ ដែលចិញ្ចឹមពួកនាងទុកសម្រាប់ធ្វើជាចំណីនៅថ្ងៃក្រោយ។ ចំណែកឯឃ្លាំង និងស្រះដែលយក្ខមិនឲ្យពួកនាងទៅនោះ សុទ្ធតែជាសាកសព និងគ្រោងឆ្អឹងមនុស្ស ហើយមានស្រះពោរពេញទៅដោយឈាម។ បន្ទាប់ពីដឹងរឿងរ៉ាវពិតប្រាកដមក ហេតុតែមានចិត្តភ័យខ្លាចនឹងយក្ខ ពួកនាងក៏បានសម្រេចចិត្តលួចចេញពីនគរយក្ខ ដោយបានលួចយកម្កុដម្នាក់មួយទៅជាមួយ ហើយរត់សំដៅទៅក្នុងព្រៃជ្រៅ។ ពេលនោះក្អែកដែលសន្ធមារចិញ្ចឹមបានប្រទះឃើញនាងទាំង១២លួចរត់ ក៏យកដំណឹងនេះទោប្រាប់សន្ធមារ សន្ធមារខឹងយ៉ាងខ្លាំង ហើយក៏ចេញទៅចាប់ពួកនាងមកវិញ។ ពេលនាងទាំង១២ លឺសូរសន្ធឹកយក្សហោះមក ក៏បានរត់ទៅជួបនឹងដំរី គោ និងឈ្លូស។ សត្វទាំងនោះបានជួយពួកនាងឲ្យគេចផុតពីភ្នែកយក្ខដោយលេបពួកនាងចូលពោះ ហើយបាននិយាយបំភ័យយក្ខឲ្យចេញ។ ពួកនាងធ្វើដំណើរទាំងថ្ងៃទំាងយប់ក៏ទៅដល់នគរឥន្ទបត្តបុរី ហើយក៏បានជួបស្រះមួយដែលមានទឹកថ្លាឈ្វេង ពួកនាងយកម្កុដដែល​លួចពីយក្ខមកពាក់រៀងៗខ្លួន ពេលនោះមានអ្នកបម្រើរបស់សេដ្ឋីម្នាក់បានប្រទះឃើញពួកនាង​ហាក់បីដូចជាទេពអប្សរទាំង១២ មានសម្រស់ដូចស្រីសួគ៌ ហើយក៏យកដំណឹងនេះទៅប្រាប់សេដ្ឋី ចំណែកឯសេដ្ឋីក៏យកដំណឹងនេះទៅទូលស្តេចបន្តទៀត។ ពេលព្រះបាទរថសិទ្ធិជួបនឹងនាងទាំង១២ ទ្រង់បានស្តីដណ្តឹងពួកនាងជាមហេសី កន្លងប៉ុន្មានខែក្រោយមកនាងទាំង១២ ក៏មានគភ៌ ដំណឹងនេះបានលេចលឺដល់យក្ខសន្ធមារ នាងខឹងខ្លាំងណាស់ក៏ក្រឡាខ្លួនជាស្រីស្អាតមកពង្វក់ព្រះបាទរថសិទ្ធិ បន្ទាប់មកសន្ធមារបាននៅក្បែរខ្លួនស្តេចរហូត។ មានថ្ងៃមួយយក្ខសន្ធមារមានកល​ល្បិចបានកុហកស្តេចថាខ្លួនឈឺ ហើយបានប្រាប់រាជពេទ្យឲ្យកុហកស្តេចថាត្រូវការភ្នែករបស់នាង​ទាំង១២មកព្យាបាលទើបជា។ ដោយសារឈ្លក់វង្វេងនឹងនាងខ្លាំងពេក ព្រះបាទរថសិទ្ធិបានធ្វើតាម​សម្តីរបស់រាជពេទ្យ ខ្វេះភ្នែកនាងទាំង១២។ ពេលនោះបងទាំង១១សុទ្ធតែត្រូវគេឆ្កៀលភ្នែកទាំងសងខាង មានតែនាងពៅទេដែលត្រូវគេឆ្កៀលភ្នែកតែម្ខាង។ បន្ទាប់មកពួកនាងត្រូវបានបណ្តេញចេញពីរាជវាំងឲ្យទៅរស់នៅក្នុងល្អាងមួយ។ នាងពៅដែលនៅមានភ្នែកម្ខាងជាអ្នកមើលថែទាំពួក​បងៗ។ ចំណែកឯភ្នែករបស់នាងទាំង១២ សន្ធមារបានយកទៅផ្ញើកង្រីឲ្យថេរក្សាទុកនៅនគរយក្ខ។
        ដល់ពេលបុត្ររបស់នាងទាំង១២ប្រសូត ដោយការស្រេកឃ្លាន ពួកនាងបានយកបុត្ររបស់​ខ្លួនហែកចែកគ្នាធ្វើជាចំណី មានតែនាងពៅទេបានលាក់សាច់ទុក ហើយនៅពេលដែលនាងប្រសូតបុត្រ នាងបានទុកកូនរបស់ខ្លួន និងយកសាច់ដែលខ្លួនទុកនោះចែកបងៗឆី នាងខិតខំចិញ្ចឹមបីបាច់កូនមិនឲ្យបងៗដឹងឡើយ។ នាងពៅដាក់ឈ្មោះរបស់កូនថាពុទ្ធិសែន។ ដោយសារ​ពុទ្ធិសែនជាតួអង្គព្រះពោធិសត្វមកចាប់ជាតិ ទើបមានទេវតាតាមថែរក្សាមករហូត។
        ពេលពុទ្ធសែនអាយុបាន៧ឆ្នាំ ព្រះអង្គបានជជីកសួរពីមូលហេតុដែលមករស់នៅក្នុងល្អាងបែប​នេះ នាងពៅបានប្រាប់កូនពីដំណើររឿង ពេលស្តាប់ហើយពុទ្ធសែនរន្ធត់ចិត្តអាណិតមាតាក្រៃលែង។ ដោយសារចង់ដឹងពីពិភពខាងក្រៅ ពុទ្ធិសែនបានសុំមាតាមកលេងខាងក្រៅ ដើម្បីស្គាល់គេឯង ហើយចង់ស៊ើបដំណឹងបិតារបស់ខ្លួន។ ពេលចេញមកក្រៅដើម្បីស្គាល់គេឯងវាបានជួបក្មេង​មួយក្រុម ហើយបបួលគ្នាលេងបាញ់អង្គុញ គេភ្នាល់គ្នាថាបើពុទ្ធសែនចាញ់ នឹងត្រូវបម្រើពួកក្មេងៗ​ទាំងនោះ តែបើពុទ្ធសែនឈ្នះគេសុំតែបាយ១២កញ្ចប់ទេ។ ជារៀងរាល់ថ្ងៃពុទ្ធសែនតែងតែឈ្នះបានបាយ១២កញ្ចប់យកទៅឲ្យមាតា និងព្រះមាតុច្ឆាទាំង១១អង្គ ធ្វើឲ្យបងៗមានចម្ងល់ជាខ្លាំង មិនយូរប៉ុន្មាននាងពៅក៏បានបកស្រាយចម្ងល់របស់បងៗ។ ជ័យជំនះរបស់ពុទ្ធសែនក្នុងការលេងបាញ់​អង្គុញបានលេចលឺដល់ព្រះមហាក្សត្រ។ ព្រះបាទរថសិទ្ធិឲ្យអាមាត្យហៅពុទ្ធសែនចូលក្នុងរាជវាំង ពុទ្ធសែនគ្រាន់តែបានជួបភ្លាមព្រះអង្គក៏ដឹងថានេះហើយជាព្រះបិតារបស់ខ្លួន។ ដោយសារតែទេវតាជួយពុទ្ធសែនបានយកឈ្នះព្រះបិតារបស់ខ្លួន។ ព្រះបាទរថសិទ្ធិបានបញ្ជាឲ្យគេទៅស៊ើបពី​ប្រវត្តិរបស់ពុទ្ធសែន ចុងក្រោយទើបដឹងថាពុទ្ធសែនជាបុត្របង្កើតរបស់ខ្លួន។ លុះដល់ស្អែកឡើង ព្រះបាទរថសិទ្ធិក៏បញ្ជាឲ្យអាមាត្យនាំកុមារពុទ្ធិសែនចូលវាំង ហើយទទួលស្គាល់ពុទ្ធិសែនជាបុត្រ ដំណឹងនេះបានធ្វើឲ្យសន្ធមារខឹងយ៉ាងខ្លាំង នាងបានចូលទៅជិតពុទ្ធសែន ធ្វើជាស្រឡាញ់ពុទ្ធសែនណាស់ តែតាមពិតទោគឺកំពុងតែរកល្បិចកលអាក្រក់ដើម្បីធ្វើបាបកុមារម្នាក់នេះ។ ច្រើនឆ្នាំកន្លងមក ពុទ្ធិសែនពេញរូបពេញរាង យក្ខសន្ធមារបានឲ្យពុទ្ធសែនទៅយកថ្នាំនៅនគររបស់ខ្លួន ដោយសារតែចង់ព្យាបាលព្រះរោគព្រះបាទរថសិទ្ធិ នាងបានភ្ជាប់សំបុត្រមួយទៅជាមួយផង។ ក្នុងការធ្វើដំណើរពុទ្ធសែនបានជ្រើសរើសសេះមណីកែវ ជាសេះអាចនិយាយភាសាមនុស្សបានទៅជាមួយ។ ពុទ្ធសែនបានក្រាបលាមាតា និងព្រះមាតុច្ឆា ហើយក៏ចេញទៅ។
        ពេលធ្វើដំណើរតាមផ្លូវពុទ្ធសែនបានជួបនឹងខ្យល់យ៉ាងធំមួយធ្វើឲ្យពុទ្ធសែនសន្លប់នៅលើខ្នង​សេះ ហើយមណីកែវបានហោះទៅកាន់អាស្រមតាឥសី។ តាឥសីបានបើកមើលសំបុត្រដែលនៅលើខ្លួនរបស់ពុទ្ធសែន ហើយបានជួយពុទ្ធសែនប្រែសារនោះពី "ពេលទៅដល់យប់សម្លាប់យប់ ទៅដល់ថ្ងៃសម្លាប់ថ្ងៃ" ទៅជា "ទៅដល់ថ្ងៃរៀបការថ្ងៃ ដល់យប់រៀបការយប់"។ បន្ទាប់មកពុទ្ធសែន​បានធ្វើដំណើរទៅមុខទៀត។ កង្រីបន្ទាប់ពីអានសំបុត្រដែលមាតាផ្ញើមករួច ពិធីអភិសេកក៏កើតឡើងរវាងកង្រីនិងពុទ្ធសែន។ ចាប់ពីពេលនោះមកពុទ្ធសែនបានសោយរាជ្យយ៉ាងសុខសាន្ត ហើយមានបុត្រាពីរអង្គជាមួយនឹងនាងកង្រីមានព្រះនាមថា "ជុំសែន" និង "រថសែន"។ កង្រីបានប្រាប់ប្តីពីកន្លែងដាក់វត្ថុមានដូចជាស្គរជ័យ គោះកាលណានឹងមានអាវុធចេញមក ជាពិសេសកែវភ្នែករបស់នាង១២។ នៅពេលមានឱកាសល្អ ពុទ្ធិសែនបានចូលទៅលួចកែវភ្នែកនាងទាំង១២ និងបេះថ្នាំស័ក្តិសិទ្ធិព្រមទាំងស្គរជ័យទៅជាមួយ ក្នុងគោលបំណងទៅជួយមាតា និងព្រះមាតុច្ឆារបស់ខ្លួន។ ពេលដែលពុទ្ធិសែនចេញបានបន្តិច នាងកង្រីបានដឹងហើយខំស្រែកអង្វរស្វាមីឲ្យត្រឡប់មកវិញ តែដោយសារសេះមណីកែវហោះយ៉ាងលឿន ធ្វើឲ្យនាងកង្រីតាមមិនទាន់។ ពុទ្ធិសែនបានទោដល់នគរឥន្ទបត្តបុរី សន្ធមារបានដឹងរឿងរ៉ាវទាំងអស់ដែលកើតឡើង ហើយក៏ក្លាយជារូបេពិតបំណងចង់សម្លាប់ពុទ្ធិសែនចោល តែពុទ្ធសែនបានដឹងមុនក៏យកស្គរជ័យគោះ បណ្តាលឲ្យអាវុធ​ហោះចេញទៅចាក់សម្លាប់យក្ខសន្ធមារមួយរំពេច។ ព្រះអង្គរថសិទ្ធិបានភ្ញាក់រលឹកដឹងនូវកំហុសរបស់ខ្លួន ក៏ទទួលមហេសីទាំង១២ចូលមកក្នុងរាជវាំងវិញ ហើយពុទ្ធិសែនបានយកថ្នាំមកព្យាបាល​ភ្នែកមាតា និងព្រះមាតុច្ឆា។ ពេលបានបញ្ចប់ភារកិច្ចសព្វគ្រប់ហើយ ពុទ្ធិសែនបានសុំលាមាតាបិតាដើម្បីទៅរកមហេសី និងបុត្ររបស់ខ្លួនវិញ តែជាអកុសលនាងកង្រីបានស្លាប់បាត់បង់ជីវិតទៅហើយ ពុទ្ធិសែនឈឺចិត្តក្រៃលែង ទ្រង់បានធ្វើពិធីបុណ្យសពឲ្យមហេសីរបស់ខ្លួន។ ក្រោយពីពិធីបុណ្យសពរួចរាល់ ពុទ្ធិសែនបានត្រឡប់ទៅនគរមាតាបិតាវិញ។ បន្ទាប់មកទៀតព្រះបាទរថសិទ្ធិ​ក៏បានឲ្យពុទ្ធិសែនបន្តសោយរាជ្យជំនួសព្រះអង្គ ហើយរស់នៅយ៉ាងសុខសាន្ត។

  • ប្រធានរឿង៖ តាមរយៈដំណើររឿង អ្នកនិពន្ធបង្ហាញពីបញ្ហាកម្មពៀររបស់តួអង្គនាងទាំង១២ និងសកម្មភាពរបស់ពុទ្ធិសែនដែលត្រូវបំពេញកាតព្វកិច្ចជាកូនកត្តញ្ញូ។ ដូចនេះប្រធានរឿងគឺកម្មពៀរ និងកត្តញ្ញូ។
  • មូលបញ្ហារឿង៖ ក្នុងរឿងនេះបង្ហាញពីបញ្ហាសំខាន់ៗដូចជា៖
    • ភាពក្រីក្ររបស់សេដ្ឋីដែលត្រូវបំបរបង់កូនចោល
    • កម្មផលរបស់នាងទាំង១២ដែលនាំឲ្យខ្វាក់ភ្នែក
    • ស្នេហារបស់ពុទ្ធិសែន និងនាងកង្រី
    • កត្តញ្ញូរបស់ពុទ្ធិសែនដែលត្រូវលះបង់ស្នេហាដើម្បីគ្រួសារ។

 ទាញយក

Subscribe to this Blog via Email :