ពិធីបុណ្យកាន់បិណ្ឌ

បុណ្យភ្ជុំបិណ្ឌឬបុណ្យដាក់បិណ្ឌនិងបុណ្យភ្ជុំ ជាបុណ្យប្រពៃណីចម្បងមួយក្នុងចំណោមបុណ្យប្រពៃណីផ្សេងៗទៀតរបស់ប្រទេសកម្ពុជា។ បុណ្យនេះមានលក្ខណៈជាបុណ្យគោរពវិញ្ញាណក្ខន្ធដល់បុរស ញាតិសន្ដាន ដែលបានធ្វើមរណកាលទៅហើយ។ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកាន់បិណ្ឌខុសគ្នាត្រង់តែការហៅតែប៉ុណ្ណោះ ប៉ុន្ដែពិធីធ្វើបែបបទតែមួយ គឺប្រគេនចង្ហាន់ដល់ព្រះសង្ឃ ស្ដាប់ ព្រះសង្ឃចំរើននូវព្រះបរិត្ដ ស្ដាប់ធម៌ទេសនា និងឧទ្ទិសកុសលផលបុណ្យឱ្យដល់ញាតិមិត្ដដែលចែកឋានទៅ។
ប្រវត្ដិបុណ្យកាន់បិណ្ឌ
ប្រវត្ដិនៃការកាន់បិណ្ឌនៅក្នុងសម័យព្រះសម្មាសម្ពុទ្ធគង់នៅនោះ មិនមានឈ្មោះកាន់បិណ្ឌនោះទេ។ បុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌនេះគឺធ្វើទៅតាមលក្ខណៈរបស់ប្រទេសខ្មែរ ដែលប្រជាពលរដ្ឋខ្មែរធ្លាប់កាន់ធ្លាប់គោរពមក។ ទាក់ទិនទៅក្នុងព្រះពុទ្ធសាសនាគឺវាមានរឿងរ៉ាវនៅក្នុងព្រះពុទ្ធដូចខាងក្រោម។
សម័យព្រះពុទ្ធគង់នៅព្រះរាជាព្រះបាទពិម្ពិសារកាលដែលលោកធ្វើទានទៅនឹងព្រះពុទ្ធសាសនាដោយជ្រះថ្លា។ ប៉ុន្ដែដល់យប់កន្លងមួយ ព្រះអង្គទ្រង់បានឮសម្លេងគួរឱ្យភ័យខ្លាច។ ព្រឹកឡើងព្រះរាជាក៏បានទូលថ្វាយទៅព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃអំពីហេតុការណ៍ដ៏ចម្លែកនេះ។ ព្រះពុទ្ធត្រាស់ថា សម្រែកកាលពីយប់មិញនេះជាសម្រែកពពួកប្រេតដែលជាញាតិរបស់ព្រះអង្គ។ ព្រោះពួកគេ ពុំបានអាហារបរិភោគអស់ពេលព្រះពុទ្ធ៤អង្គមកហើយ។ រីឯទានដែលព្រះអង្គបានថ្វាយហើយចំពោះតថាគត និងភិក្ខុសង្ឃ ក្នុងថ្ងៃម្សិលមិញនោះ ពួកប្រេតមិនបានទទួលផលនោះទេ ព្រោះព្រះអង្គពុំបានឧទ្ទិសទៅឱ្យ។ ព្រះរាជាទូលតបថា តើធ្វើដូចម្ដេចទើបពួកប្រេតទាំងនោះបានអាហារបរិភោគ? ព្រះពុទ្ធទ្រង់ត្រាស់ថា ស្អែកឡើងមហារាជត្រូវថ្វាយទានចំពោះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយឧទ្ទិសថា ៖ “បពិត្រព្រះអង្គដ៏ចំរើនដោយអំណាចផលទាំងនេះ សូមបាយនិងទឹកដ៏ជាទិព្វនេះសម្រេចដល់ប្រេតទាំងឡាយនោះចុះ”។ ព្រឹកឡើងព្រះរាជាទ្រង់ធ្វើតាមព្រះពុទ្ធដីកានេះ។ ពួកប្រេតទាំងនោះក៏បានអាហារទិព្វបរិភោគស្កប់ស្កល់ភ្លាម។ បន្ទាប់មកទៀតពួកប្រេតទាំងនោះក៏បង្ហាញកាយអាក្រាតននលឱ្យព្រះរាជាទតឃើញ។ ព្រះបាទពិម្ពិសារទ្រង់មានចម្ងល់យ៉ាងខ្លាំង ហើយក៏យាងទៅទូលសួរព្រះពុទ្ធ។ ព្រះពុទ្ធត្រាស់ថា មហារាជកាលពិម្សិលមិញទ្រង់បានធ្វើទានតែចង្ហាន់ប៉ុណ្ណោះ ហើយមិនបានធ្វើ ទានសំពត់ទេ ដូច្នេះបានជាពួកប្រេតគ្មានសំពត់ស្លៀកអាក្រាតកាយយ៉ាងនេះ។ លុះស្អែកឡើងព្រះរាជាក៏បានធ្វើចីវរថ្វាយចំពោះព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយក៏ឧទ្ទិសផលទានទៅឱ្យប្រេតទាំងនោះ។ គ្រាន់តែឧទ្ទិសចប់ សំពត់ទិព្វក៏កើតមានដល់ពួកប្រេតទាំងនោះភ្លាម មិនតែប៉ុណ្ណោះប្រេតទាំងនោះក៏ក្លាយខ្លួនពីអត្ដភាពជាប្រេតទៅជាអត្ដភាពទិព្វក្នុងខណៈនោះឯង។ ព្រះសាស្ដា ទ្រង់ធ្វើអនុមោទនានៅពេលនោះ ពួកប្រេតទាំងឡាយស្ថិតនៅក្រៅជញ្ជាំងទាំងឡាយជាដើម។ ដូច្នេះហើយបានជាព្រះសង្ឃយើង និយមសូត្រតិរោកុឌ្ឌសូត្រនេះនៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឬក្នុងកម្មពិធីទក្ខិណានុប្បទានផ្សេងៗ រហូតមកដល់សព្វថ្ងៃនេះ។
វិធីកាន់បិណ្ឌ
ក្នុងសម័យកាលព្រះពុទ្ធសាសនាកំពុងរុងរឿងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពួកបុរាណចារ្យបណ្ឌិតខ្មែរយើងបានរៀបចំបុណ្យទំនុកបំរុងព្រះសង្ឃនៅក្នុងពេលចាំវស្សានេះ ដែលតែងកំណត់ឱ្យឈ្មោះថាបុណ្យភ្ជុំបិណ្ឌ និងកំណត់រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ជាពិធីឧទ្ទិសកុសលដល់ញាតិដែលបានចែកឋានទៅ។ ដូចនេះពិធីកាន់បិណ្ឌគឺចាប់ផ្ដើមពីថ្ងៃ១រោច រហូតដល់បិណ្ឌ១៥រោចខែភទ្របទជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះកន្លែងខ្លះធ្វើត្រឹមតែ១០ថ្ងៃ ហើយកន្លែងខ្លះទៀតធ្វើរហូតនៅតែ៥ថ្ងៃ និងថ្ងៃភ្ជុំដែលគេហៅថាដាក់បិណ្ឌ៥ថ្ងៃនោះឯង។ រួចបញ្ចប់នៅថ្ងៃ១៥រោចខែភទ្របទដូចគ្នា គឺអាស្រ័យទៅលើប្រជាជននៅតាមតំបន់ និងសម័យកាល។ ពិធីដាក់បិណ្ឌនេះឃើញមានខុសប្លែកខ្លះៗទៅតាមតំបន់នីមួយៗ។

- បាយបិណ្ឌមិនមែនជាបាយយកទៅរាប់បាត្រឬទៅប្រគេនព្រះសង្ឃនោះទេ គឺជាបាយម្ហូបចំណីបង្អែមចង្អាបដាក់បញ្ចូល គ្នាតែមួយបាត្រដោយឡែកប៉ុណ្ណោះ។ នៅពេលដែលព្រះសង្ឃសូត្រធម៌ សូត្រសុខោ សូត្របរាចប់ហើយ ក្រុមវេនក៏យកបាយបិណ្ឌនេះ ទៅដាក់នៅត្រង់គល់ឈើឬជ្រុងព្រះវិហារអុជធូបនិយាយនិយមចប់ត្រឡប់មកឧបដ្ឋានសាលាវិញ។
- បាយបត្ដបូរណ៍នេះគឺសំដៅយកនំនែក អន្សម ផ្លែឈើ ដោយយកទៅដាក់រួមគ្នាក្នុងល្អី ឬថាសធំ ឬចានដែក ហើយធ្វើផ្កា ឬទង់ដោតចំកណ្ដាលរួចក៏អុជធូបឧទ្ទិសកុសល។
បណ្ដាំផ្ញើ
ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដែលកាន់ព្រះពុទ្ធសាសនា ដោយគោរពតាំងពីយូរលង់ណាស់មកហើយ សូមឱ្យមានការគោរពនូវព្រះពុទ្ធសាសនា និងខំសាងបុណ្យកុសលឱ្យបានល្អទៅតាមព្រះពុទ្ធដីកាដែលលោកអ្នកបានស្ដាប់បានសិក្សា។ ព្រះពុទ្ធ ព្រះសង្ឃលោកបានផ្ដាំដោយរើយៗថា មិនត្រូវប្រមាថមើលងាយចំពោះបុណ្យកុសលនោះទេ។ លោកអ្នកត្រូវតែខំធ្វើបុណ្យឱ្យបានច្រើន ហើយត្រូវធ្វើឱ្យដោយចិត្ដជ្រះថ្លាបរិសុទ្ធ ដើម្បីសាងបុណ្យកុសលទៅថ្ងៃខាងមុខ។