- ប្រភពរឿង៖ រឿងគ្រូបង្រៀនស្រុកស្រែមានប្រភពចេញមកពីដំណើរការតស៊ូនយោបាយរបស់គ្រូបង្រៀនមួយក្រុមនៅព្រៃទទឹង ខេត្តកំពង់ចាម ប្រទេសកម្ពុជា
- ប្រភេទ៖ ជារឿងប្រលោមលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារនៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយ
- ចលនា៖ រឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ព្រោះគោលគំនិតរឿងឆ្លុះបញ្ចាំងនូវទស្សនៈលោកិយខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ
- ឥទ្ធិពល៖ សង្គមនិយម ព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿន
- កាលកំណត់តែង៖ ១៩៥៧
- អ្នកនិពន្ធ៖ លោក អ៊ឹម ថុក
កសិករហមជាអតីតទាហានជើងក្រហម និងនាម៉ឺនតូចតាចក្នុងក្រសួងសាធារណការបានត្រូវប៉ូលីសតាមចាប់ខ្លួនដោយមូលហេតុគាត់ជាមេបំផុសបំផុលចលនាមហាជន ប្រជាជនឲ្យយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ។ យល់ការណ៍មិនស្រួល និងដោយឯកភាពជាមួយសំណើយោបល់ពីមិត្តរួមចលនា បងហមក៏គេចខ្លួនមួយរយៈ។ ពេលគេចខ្លួនក្នុងរាត្រីនៅតាមផ្លូវ បងហមបានជួបសន្ទនាយ៉ាងច្រើនជាមួយអន្ទិតឡឹម និងអាចារ្យសែម ដោយរៀបរាប់បង្ហាញអំពីអំពើឃោរឃៅរបស់ពួកនាយទុនគ្រប់ប្រភេទ និងមាគា៌រៀបចំទម្រង់សង្គមឡើងវិញតាមទស្សនៈជឿនលឿនថ្មី។ សកម្មភាពបំផុសចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យគ្រូម៉ៅជាប់គុកអស់រយៈពេល២ខែ។ គ្រូបង្រៀនដទៃៗទៀតក៏ត្រូវតាមដាន និងត្រូវក្រសួងអប់រំផ្លាស់ចេញពីភូមិម៉ាស៊ីនស្រូវជាពិសេសចំពោះគ្រូចន្ទ គ្រូថាន់ និងគ្រូវ៉ាត។ វិធានការរបស់ក្រសួងដែលចង់បង្អាក់ចលនាមហាជន និងផ្តាច់ទំនាក់ទំនងជាមួយមហាជនពុំបានទទួលលទ្ធផលជាវិជ្ជមានទេ ពីព្រោះគ្រូផ្លាស់ថ្មីដែលមកជំនួសក៏មានទស្សនៈសង្គមដូចគ្រូមុនៗដដែល។ ក្រោយមកសុវត្ថិភាពក្នុងស្រុកព្រៃទទឹងក៏ប្រែជាមានសភាពធូរស្រាលឡើងវិញ ហើយអ្នកជាប់គុកនិងជាប់ពិរុទ្ធក៏ត្រូវរួចខ្លួន។ លុះដល់វិស្សមកាល ខែចេត្រ គ្រូចន្ទ គ្រូថាន់ គ្រូវ៉ាតក៏នាំគ្នាមកលេងភូមិម៉ាស៊ីនស្រូវវិញយ៉ាងសប្បាយរីករាយ។ គេបានពិភាក្សាគ្នាអំពីគោលគំនិត និងមធ្យោបាយផ្សេងៗសម្រាប់រៀបចំសង្គមឡើងវិញ ក្នុងទស្សនៈគោលជំហរជឿនលឿនដដែល។
- ប្រធានរឿង៖ ដំណើររឿងដែលឃើញថាប្រធានរឿងទាក់ទងនឹងការតស៊ូ ដើម្បីទាមទារសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ។
- មូលបញ្ហា៖ សកម្មភាពតស៊ូបំផុសចលនាមហាជន និងវិធានការបង្ក្រាប និងរាំងស្ទះដល់ខ្សែរយៈចលនាមហាជន។
ទាញយក